ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

1 ឆ្នាំ មុន 129 តូ សុផល

(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ​ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមបញ្ចេញរថយន្តក្រុងសាធារណៈចំនួន១២០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញ ឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមក ដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញទៅស្រុកកំណើតនេះ ចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

ចំណតរថយន្តក្រុងនៅផ្លូវ៦០ម៉ែត្រ​ មាន២ខ្សែ សម្រាប់ដឹកជញ្ជូនបងប្អូន ទៅមកតាមបណ្ដាខេត្ត ដោយមិនបង់ប្រាក់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានផ្លូវជាតិលេខ១,​ លេខ២ ហើយជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

ដើម្បីជ្រាបច្បាស់អំពីទីតាំង និងពេលវេលានៃការជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖
១-ផ្លូវជាតិលេខ១ ភ្នំពេញ-ស្វាយរៀង-ព្រៃវែង ចំណតនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនម៉ែកស៊ឺដែស (Mercedes) ។
២-ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ-កែប ចំណតនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនម៉ែកស៊ឺដែស (Mercedes) ។
៣-ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ចំណតនៅផ្សារសិនជូរីផ្លាហ្សា​ ។
៤-ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ-ព្រះសីហនុ ចំណតនៅផ្សារសិនជូរីផ្លាហ្សា ។
៥-ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង-បន្ទាយមានជ័យ ចំណត​នៅ​សួនច្បារ​ឬស្សីកែវ​។
៦-ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ-សៀមរាប ចំណតនៅផ្លូវបេតុងជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC ខាងជើងរង្វង់មូលព្រហ្មមុខបួន។
៧-ផ្លូវជាតិលេខ៦,៧ ភ្នំពេញ-កំពង់ចាម ចំណតនៅផ្លូវបេតុងជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC ខាងជើងរង្វង់មូលពហ្មមុខបួន។
៨-ផ្លូវជាតិលេខ៦,៨ ភ្នំពេញ-ត្បូងឃ្មុំ-ក្រចេះ-ស្ទឹងត្រែង ចំណតនៅគីឡូម៉ែត្រលេខ៩។

ក្រៅពីការផ្តល់កាដូរអោយមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសអោយ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តន៍ច្បាប់ស្តីពីការងារ ត្រូវ​អនុញ្ញាតអោយកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួលមុន បុណ្យប្រពៃណីនេះផងដែរ។

ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀតផង៕ អត្ថបទរូបភាព​ ម៉េង-AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ