ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺចំនួន ១,៥០៦នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា​ និងមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត

1 ខែ មុន 107 តូ សុផល

ភ្នំពេញ ៖ ក្នុងឱកាសពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ​នេះ​ នៅថ្ងៃព្រហស្បតិ៍​ ១០រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី ៤​ ខែតុលា ឆ្នាំ២០១៨​ នេះ

កាកបាទក្រហមកម្ពុជា​ (ហៅកាត់ថា​ កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូដឹកនាំដោយ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន​ ៤៤៧នាក់ (ក្នុងនោះមានកងទ័ពចំនួន​ ២១៦នាក់)​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា​ និងអ្នកជំងឺ-កម្មករ​ ចំនួន​ ១,០៥៩នាក់ទៀត​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។

ក្នុងឱកាសនោះ លោកជំទាវ​អគ្គលេខាធិការ​ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ ព្រមទាំងសហការី​ បានអញ្ជើញជួបផ្ទាល់ដល់បន្ទប់អ្នកជំងឺដោយបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ការយកចិត្តទុកដាក់ គិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ និងពាំនាំសារអំពាវនាវរបស់​ សម្តេចប្រធាន​ ដែលផ្តាំផ្ញើជូនអ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ, ប្រុងប្រយ័ត្ននឹងជំងឺគ្រុនឈាម-គ្រុនចាញ់និងជំងឺឆ្លងនានា​,​ ការជៀសឆ្ងាយគ្រឿងញៀន​ គ្រឿងស្រវឹង​ ល្បែងស៊ីសង,​ ការគិតគូរពីសុវត្ថិភាពចរាចរណ៍,​ ការបន្តបង្កបង្កើនផល​ ស្តារសេដ្ឋកិច្ចគ្រួសារ​ និងការរួមគ្នាពង្រឹងសុខសន្តិភាព​ ស្ថិរភាព​ និងអភិវឌ្ឍនភាព។​ ជាមួយគ្នានេះ​ លោកជំទាវអគ្គលេខាធិការ​ សូមជូនពរដល់អ្នកជំងឺ​ទាំងអស់​និងក្រុមគ្រួសារ​ ឱ្យមានសុខភាពល្អ​ ឆាប់ជាសះស្បើយពីជំងឺ​ ដើម្បីចូលរួមសប្បាយរីករាយអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ។

អ្នកជំងឺ និងក្រុមគ្រួសារទាំងអស់ មានក្តីរីករាយឥតឧបមា ដោយបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ ជួយសម្រាលការលំបាក និងចែករំលែកក្តីស្រឡាញ់ ជូនប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ទន្ទឹមនេះ​ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានគិតគូរថែទាំ​ ព្យាបាលជំងឺដោយយកចិត្តទុកដាក់​ប្រកបដោយក្រមសីលធម៌​និងវិជ្ជាជីវៈត្រឹមត្រូវ​ និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺទាំងអស់។

អំណោយមនុស្សធម៌ដែលបានចែកជូនអ្នកជំងឺទាំង ១,៥០៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម ទឹកដោះគោខាប់ ៤កំប៉ុង នំប្រៃ​ ១កញ្ចប់​ មុង១ ភួយ១ សារុង១ ក្រមា១ អាវយ៉ឺត១​ និងថវិកា ៥០.០០០រៀល។​ ដោយឡែក​ កងទ័ពមានជំងឺចំនួន​ ២១៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ មុងសុវត្ថិភាព​ចំនួន ១បន្ថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ