ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ចាក់អង្រែក្រោម​ ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកាន់បិណ្ឌទី១០ នៅវត្តចាក់អង្រែក្រោម ប្រកបដោយភាព​ស្និទ្ធស្នាល​ជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត!

1 ខែ មុន 404 តូ សុផល

រាជធានី​ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ លោក​ ជា​ សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ និងក្រុមគ្រួសារ​ ព្រមទាំងលោក​ សេង​ ឈុនហេង​ ស្មៀន និងជាប្រធាន​ស.ស.យក​ ចាក់អង្រែក្រោម និងក្រុមគ្រួសារ​ ព្រមទាំងលោក វុឌ្ឍ​ ផូសារវ័ន្ត​ នាយប៉ុស្ក៍នគរបាលចាក់អង្រែក្រោម​ និងអស់លោក-​លោកស្រី មេភូមិទាំង៨ និងមន្ត្រីរាជការ​សាលាសង្កាត់ចាក់អង្រែក្រោម បានអញ្ជើញចូលរួមកាន់បិណ្ឌទី១០ នៅវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយផងដែរ ។

​ជំនួសមុខឱអភិបាលខណ្ឌមានជ័យ លោក​ ជា​ សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ បានមានប្រសាសន៍​ឲ្យដឹងថា យើងអាចប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗ ទៀតបានដោយសារតែកត្តាសន្តិភាព ដូច្នេះសូមយើងទាំងអស់គ្នាថែរក្សាសន្តិភាព នេះឱ្យបានស្របតាមគោលនយោបាយ របស់រាជដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និងមានការអភិវឌ្ឈន៏ លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ ។

បន្ទាប់មកមន្ត្រីរាជការ​ ក៏ដូចជាលោកគ្រូអ្នកគ្រូ និង បងប្អូនពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមឲ្យមកទទួលនូវផល្លានិសង្ឃដែលលោក លោកស្រី លោក​គ្រូ​ អ្នកគ្រូ សមាជិក ក្រុមការងារ វេនកាន់បិណ្ឌទី១០ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។

ព្រះតេជគុណ គឹម នី ព្រះគ្រូចៅអធិការវត្តចាក់អង្រែក្រោម​ មានសង្ឃដីការថា ពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា​ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន​ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលមានរយៈ ពេល១៥ថៃ្ង ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

ទេយ្យទាន និងទេយ្យវត្ថុ ដែលបានវេប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌទី១០ នៅវត្តចាក់អង្រែក្រោម នាពេលនោះមាន លោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ តំណាងលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ ចូលរួមសូត្រមន្តចំរើនព្រះបរិត្ត បាននាំយកបច្ច័យរបស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ៥០ម៉ឺនរៀល និងស្លាដក០១ អង្ករ០២បាវ មីខ្លាឃ្មុំ ០៥កេះ ទឹកដោះគោ ០១កេះ ស្កសរ ២៥គ.ក ទឹកក្រូច ០២កេះ ទឹកសុទ្ធ ០៣កេះ។

លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ និងជាប្រធានក្រុមវេនទី១០​ បាននាំយកបច្ច័យ ក្រុមវេនទី១០ សរុបចំនួន​ ៤លាន ៨ម៉ឺន​ ១ពាន់រៀល ។ និងលោកគ្រូអ្នកគ្រូ​សាលាបឋម​ និងវិទ្យាល័យ​ហ៊ុន​ សែន​ ចាក់អង្រែ​ បាននាំយកបច្ច័យសម្រាប់កសាង (បឋមសិក្សា​ ៥០ម៉ឺនរៀល វិទ្យាល័យ​ ៥០ម៉ឺនរៀល សរុប១លានរៀល) និងប្រគេនជូនដល់ចៅអធិការវត្ត​ ៥ម៉ឺនរៀល​ និង​ព្រះភិក្ខុ គ្រប់ព្រះអង្គ ៣ម៉ឺនរៀល​ និងលោកតាអាចារ្យ​ ៥​នាក់ ក្នុងម្នាក់២ម៉ឺនរៀល។

ញាតិញោមមួយគ្រួសារ បានកោតសរសើរនូវការរៀបចំដ៏មានរបៀបរៀបរយ របស់ព្រះគ្រូចៅអធិការ និងគណកម្មការវត្តចាក់អង្រែក្រោម ដែលបានចាត់ចែងចង្ហាន់ និងអាហារផ្សេងៗ ដែលញាតិញោមបានប្រគេនដល់ព្រះសង្ឃ និងបន្ទាប់ពីព្រះសង្ឃឆាន់ហើយទាំងប៉ុន្មាន យកមករៀបចំដាក់តាមតុអាហារ នៅបរិវេណជុំវិញព្រះវិហារ ដែលគណកម្មការ និងព្រះសង្ឃ បានអោយ​សិស្ស​ និស្សិត បានរៀបចំសម្រាប់ទទួលភ្ញៀវ ញាតិ​ញោម​ ​ឧបាសក​ឧបាសិកា និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ ​អញ្ជើញ​ពិសារបាយ ប្រកបដោយរបៀបរៀបរយគួរជាទីរីករាយរាក់ទាក់ល្អ ។ ចំណែកឯបងប្អូនជនក្រីីក្រ​ ជនពិការ​ ជនអនាថា ក៏ត្រូវបានព្រះសង្ឃ ចាត់ ចែង ចែកម្ហូបអាហារផ្សេងៗយកទៅពិសាររៀងៗខ្លួនផងដែរ។ ឃើញដូច្នេះញាតិញោម ពួកគាត់បានកុសលពីរដំណាក់កាលកើនឡើងបុណ្យទ្វេដងទៅតាមសទ្ធាជ្រះថ្លា។

ចំណែកឯបញ្ហាសន្តិសុខ កងកម្លាំងសមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ និងកម្លាំងអាវុធហត្ថខណ្ឌ ព្រមទាំងប្រជាការពារខណ្ឌ សង្កាត់ សហការគ្នា ដើម្បីការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់​បានល្អប្រសើរ ជូនបងប្អូន​ប្រជាពលរដ្ឋ​ដែលចូលរួម​ធ្វើបុណ្យ​ នៅវត្តចាក់អង្រែក្រោម នាពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនេះ៕ (អត្ថបទរូបភាព​ ម៉េង-AhBoYz​)

(សូមអនុមោទនាបុណ្យកុសល តាមសទ្ធាជ្រះថ្លារៀងៗខ្លួន)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ