ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌមានជ័យ​ ចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តចាក់អង្រែក្រោម

8 ខែ មុន 117 តូ សុផល

រាជធានី​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងលោក មា សុភាព អភិបាលរង តំណាងដ៏ខ្ពស់ខ្ពស់របស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ បានដឹកនាំមន្ត្រីសាលាខណ្ឌ​ មន្ត្រីសាលាសង្កាត់ អញ្ជើញចូលរួមសូត្រមន្តចំរើនព្រះបរិត្តកាន់បិណ្ឌវេនទី១០ រួមគ្នា​របស់រដ្ឋបាលខណ្ឌមានជ័យ ជាមួយសាលាសង្កាត់ចាក់អង្រែក្រោម នៅវត្តចាក់អង្រែក្រោម ។

លោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ បានប្រាប់អោយដឹងថា ការអញ្ជើញចូលរួមសូត្រមន្តចំរើនព្រះបរិត្តកាន់បិណ្ឌវេនទី១០ រួមគ្នា​នេះ រដ្ឋបាលខណ្ឌមានជ័យ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន ៖ ស្លាដក០១ អង្ករ០២បាវ មីខ្លាឃ្មុំ ០៥កេះ ទឹកដោះគោ ០១កេះ ស្កសរ ២៥គ.ក ទឹកក្រូច ០២កេះ ទឹកសុទ្ធ ០៣កេះ និងបច្ច័យខណ្ឌចំនួន ៥០ម៉ឺនរៀល ។

ចំណែកលោក​ ជា​ សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ បានឲ្យដឹងថា យើងអាចប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗ ទៀតបានដោយសារតែកត្តាសន្តិភាព ដូច្នេះសូមយើងទាំងអស់គ្នាថែរក្សាសន្តិភាព នេះឱ្យបានស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និងមានការអភិវឌ្ឈន៏ លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ ។

ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ព្រះតេជគុណ គឹម នី ព្រះគ្រូចៅអធិការវត្តចាក់អង្រែក្រោម​ មានសង្ឃដីការថា ពិធីបុណ្យភ្ជុំនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលមានរយៈ ពេល១៥ថៃ្ង ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមក ទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

គួររំលឹកថា​ខាងលើនេះគ្រាន់តែជាពិធីសូត្រមន្តចំរើនព្រះបរិត្តកាន់បិណ្ឌវេនទី១០ ប៉ុណ្ណោះ​ លុះស្អែកឡើងវេលាម៉ោង០៧:៣០នាទីព្រឹក​ ថ្ងៃទី០៤ ខែតុលា​ ២០១៨នេះ ជួបជុំគ្នានាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ ធ្វើបុណ្យ ឧទ្ទិសកុសលតាមសទ្ធារៀងៗខ្លួន៕ អត្ថបទរូបភាព​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!