ព្រឹតិ្តការណ៍ថ្មីៗ

ស្ដែងៗ! ២ករណីកន្លែងតែមួយ ​ស្លាប់ម្នាក់​ របួស២នាក់ ខណៈពេលបើកម៉ូតូ និងរថយន្ត ទៅបុកក្បាលនាគពុះចែកផ្លូវសហព័ន្ធរុស្សី​

8 ខែ មុន 40 តូ សុផល

រាជធានីភ្នំពេញ ៖ (ប្រិយមិត្ត​តែងតែ​ឃើញនៅតាមផ្លូវសំខាន់ៗមួយចំនួន ដែលមានដាក់របាំងថ្មពុះចែកទ្រូងផ្លូវ​ទាំងនោះ មានការពង្រីកក្បាលព្រួញពុះចែកទ្រូងផ្លូវទៅឆ្វេងបន្តិច ​ត្រង់ចំណុចរងចាំភ្លើងស្តុប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍​ និងងាយស្រួលសម្រាប់អ្នកធ្វើដំណើរបត់ឆ្វេងនិងបត់ស្ដាំអាចមករងចាំក្នុងគន្លងដែលមានគំនូសព្រួយចរាចរបត់ឆ្វេង នៅជាប់ទ្រូងផ្លូវដែលពង្រីកនោះ និងគន្លងបត់ស្ដាំនៅគន្លងជាប់ចិញ្ចើមផ្លូវដើម្បីរងចាំ​ភ្លើងសញ្ញាចរាចរណ៍ ទើបអាចបត់ឆ្លងទៅតែដោយឡែករាល់អ្នកធ្វើដំណើរមករងចាំក្នុងគន្លងដែលមានគំនូសព្រួញចរាចរទៅត្រង់ ត្រូវចងចាំថា អ្នក​ធ្វើដំណើរឆ្លងស្តុបហើយទៅមុខត្រង់លឿនពេក​ មិនបានទេ ព្រោះមានក្បាលព្រួញពុះចែកផ្លូវ នៅចំកណ្ដាលគន្លងផ្លូវតែម្ដង ប្រៀបដូចឧបសគ្គ​មួយ សម្រាប់អ្នកមិនធ្លាប់ធ្វើដំណើរឆ្លងកាត់ ដែលត្រូវ​បាន​សាធារណៈ​ជន​ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក បញ្ចេញ​មតិរិះគន់ចំៗផងដែរ ចំពោះការ​ពង្រីក​ក្បាលព្រួញពុះចែកទ្រូងផ្លូវនោះ​ចំកណ្ដាល​ផ្លូវ​​នេះ ដែលធ្លាប់​បាន​បង្ក​ឱ្យ​អ្នក​ដំណើរ​គ្រោះថ្នាក់បន្តបន្ទាប់គ្នា ​រហូត​ឈានដល់បាត់​បង់ជីវិត​ទៀតផង) ជាក់ស្ដែង​បានបង្កឲ្យបុរស​ម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ​និង​ប្ដីប្រពន្ធ​២នាក់ទៀត​រងរបួស​ ខណៈពេលបើកម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង​ ចំកន្លែងតែ​មួយ​នោះបន្ត​បន្ទាប់​គ្នា​ ដែលហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះកើតមានឡើង​​ត្រង់ចំណុចផ្លូវបំបែកជាបួន​ ស្តុបសួនច្បារក្ដាន់២​ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

ហេតុ​ការណ៍​ទី​១កើត​ឡើង​កាល​ពី​វេលាម៉ោង​០០:១០នាទី​រំលងអាធ្រាត ​ខណ:ពេលមេឃកំពុងធ្លាក់ភ្លៀងជោកជាំ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Beat ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ​ 1GS-1821​ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ទិសដៅ​ពី​កើត​ទៅ​លិច​ ក្នុងល្បឿនលឿន​គួរសម លុះមកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​​រេចង្កូត​ទៅ​ខាង​ឆ្វេង​ ជ្រុល​ទៅ​បុក​និងក្បាលព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាលឲ្យ​ម៉ូតូខ្ទេចស្ទើទាំងស្រុង ចំណែកឯ​អ្នក​បើកបរ​រង​របួស​ធ្ងន់ធ្ងរ​ខ្លាំង ​ត្រូវ​បាន​រថយន្តគិលាន​សង្គ្រោះគ្លីនិកឯកជន ​ដឹក​យក​ទៅ​សង្គ្រោះ​ តែអកុសល​ជនរងគ្រោះបានស្លាប់តាមផ្លូវ។ ហើយ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​បែក​ឆ្កូត​បន្តិច​បន្តួច​។ ក្រោយមកសមត្ថកិច្ច​ជំនាញ​ក៏បាន​​ចុះ​មក​ធ្វើ​ការវាស់វែង​ និងស្រាវជ្រាវ​រកសាច់ញាតិ ស្រាប់តែលឺ​សំឡេង​លាន់ដូចរន្ទះ​ ។

គឺផ្អើលហេតុ​ការណ៍​ទី​២កើតឡើង​កាលពីវេលា​ម៉ោង​០០:៤នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី​៣ ខែតុលា​ ឆ្នាំ​២០១៨​ ខណ:ពេលមេឃកំពុងរលឹមភ្លៀងស្រិចៗ មានពីរនាក់ប្ដីប្រពន្ធបើកបរ​រថយន្ត​ មួយគ្រឿងដឹក​សម្ភារៈ​គ្រឿងសង្ហារឹម ធ្វើអំពីឈើ ពេញសាំយ៉ុង១២កៅអី ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​​ 2P-9490 ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ទិសដៅ​ពី​កើត​ទៅ​លិច​ ក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់​ចំណុច​កើតហេតុ​ខាងលើនោះ ​ស្រាប់​តែ​​រេចង្កូត​ទៅ ជ្រុល​ទៅ​បុក​និងក្បាលព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាលឲ្យរថយន្តខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ហូរហៀរ​ប្រេងពេញផ្លូវ​ បើកទៅមុខលែងរួច​ រីឯរបាំងថ្មបាក់អស់១កង់និងខ្ទាតចេញពីជួរ១កង់។ ចំណែកឯ​បុរសជាប្ដីរបួសធ្ងន់ ឯស្ត្រីជាប្រពន្ធក៏រងរបួសដែរ ត្រូវ​បាន​រថយន្តគិលាន​សង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះនិងព្យាបាលភ្លាមៗផងដែរ។

សមត្ថកិច្ច​បានឲ្យដឹងថា​សពបុរ​ស​ជា​អ្នក​បើកបរ​ម៉ូតូខាងលើ​មានឈ្មោះ​ រស់​ សុធា ​ជិះម៉ូតូ​ Beat ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ​ 1GS-1821 បច្ចុប្បន្ន​ដោយមិនទាន់ទាក់ទង​រកសាច់ញាតិ​ឃើញទេ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់​អោយរថយន្តដឹកសពយកទៅតម្កល់ទៅវត្តទឹកថ្លា​ដើម្បី​រង់ចាំ​ប្រកាសរកសាច់ញាតិ​ អោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ​​​សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ច​ជំនាញ​ ចុះវាស់វែងនិងយក​រថយន្តបង្ក​ និងម៉ូតូ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រងចាំចាត់ការ​បន្ត​ និងស្វែងរកសាច់ញាតិ​ បន្តទៀត។

គួរ​បញ្ជាក់​ថានៅពេលកន្លងមក​ ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ​គឺ​​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​គឺមិនមាន​ស្លាក​ឬ​ចំណាំង​ផ្លាត​អ្វី​នោះទេ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!