ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរវាយប្លន់យកទូរស័ព្ទ៤គ្រឿង​និងលុយជាង២លានរៀល​ បានសម្រេចព្រឹកមិញនេះ​ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ​ ស្ទាក់ឃាត់ខ្លួនបានម្នាក់ និង២នាក់ទៀតរត់គេចខ្លួនបាត់!

1 ឆ្នាំ មុន 66 តូ សុផល

រាជធានីភ្នំពេញ៖ មុននេះបន្តិច បុរសម្នាក់បែកក្បាលហូរឈាមជោគខ្លួន​ បណ្ដាលឲ្យ​សន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយដុំថ្ម​ បានធ្វើសកម្មភាព​វាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល​ បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍​ភ្លាមៗតែម្ដង​ ខណៈដែលបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍វាយប្លន់បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក​ ថ្ងៃពុធ ទី២៦ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យភ្នាក់ងារ TNN ដឹងថា​ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចលោកឃាត់ខ្លួនបានមានឈ្មោះ​ អ៊ុយ​ សុវណ្ណ​ ហៅ​ “ម៉ាប់” ភេទប្រុស​ អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ចំណែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់​បែកក្បាលដេរ​ ។

​បច្ចុប្បន្ន​ជនសង្ស័យដែលឃាត់ខ្លួនបាននោះ​ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ដោយមានលោក​ម៉េង​ វិមានតារា​ អធិការរងខណ្ឌមានជ័យ​ ទទួលបន្ទុក​ព្រហ្មទណ្ឌ​ ធ្វើការសាកសួរ​ ដើម្បី​ស្រាវជ្រាវ​រកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន​នោះ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់៕ អត្ថបទរូបភាព​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ