ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ​ ចែករង្វាន់ដល់សិស្សានុសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែ​

6 ខែ មុន 269 តូ សុផល

រាជធានីភ្នំពេញ​ ៖ នាព្រឹកថ្ងៃសៅរិ៍ ទី២២ ខែកញ្ញា​ ឆ្នាំ២០១៨នេះ លោក ពេជ្រ កែវមុនី អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែករង្វាន់ដល់សិស្សសិស្សានុសិស្ស​ ដែលប្រឡងជាប់​សញ្ញាបត្រ​ មធ្យមសិក្សា ​ទុតិយភូមិ​​ (បាក់ឌុប​) និទ្ទេស​ A,B,C,D ឆ្នាំសិក្សា ២០១៧-២០១៨ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែ​ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខណ្ឌ ចៅសង្កាត់​ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

ក្នុងពីធីនេះដែរ លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានឧបត្ថម្ភ​ដូចជា​ ៖ ១-ឧបត្ថម្ភ​សិស្សជាប់និទ្ទេស A​ ទទួលបានម៉ូតូមួយគ្រឿង ម៉ាក Wave ស៊េរីឆ្នាំ២០១៨ ម្នាក់មួយគ្រឿង ចំនួន ​២នាក់​ ។ ២-ឧបត្ថម្ភ​ដល់សិស្សជាប់និទ្ទេស B ទទួលបាន​ Computer ម្នាក់មួយគ្រឿង ចំនួន ៧នាក់​ ។
៣-ឧបត្ថម្ភ​ដល់សិស្សជាប់និទ្ទេស C ទទួលបាន​ថវិកា ក្នង​ម្នាក់ ១០០ដុល្លារ​ ចំនួន​ ១៤នាក់ ។ ៤-ឧបត្ថម្ភ​ដល់សិស្សជាប់និទ្ទេស D ទទួលបាន​ថវិកា ក្នុងម្នាក់ ៥០ដុល្លារ​ ចំនួន ២៤នាក់។
៥-ឧបត្ថម្ភ​ថវិកាជូនវិទ្យាល័យហ៊ុនសែនចាក់អង្រែ ចំនួន​ ៥០០ដុល្លារ​ ។ ៦-ឧបត្ថម្ភ​ថវិកាជូនបឋមសិក្សាហ៊ុនសែនចាក់អង្រែ​ចំនួន​ ២៥០ដុល្លារ​ ។ អំណោយ និងប្រាក់រង្វាន់ទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ពេជ្រ​ កែវមុនី​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ ។

លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានមានប្រសាន៍ និងថ្លែងអំណរគុណដល់ និងបានកោតសរសើរដល់ លោកគ្រូ អ្នកគ្រូទាំអស់ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ដល់សិស្សានុសិស្សកន្លងមក ដែលសកម្មភាពទាំងនេះគឺជាការចូលរួមលើកស្ទួយគុណភាពលើវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ទៅមុខបន្តទៀត ។ លោកអភិបាល​ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ឲ្យខិតខំព្យាយាមរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីយកចំណេះដឹងទាំងអស់នេះចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខបន្តទៀត ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន នឹងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវធ្វើខ្លូនជា កូនល្អ សិស្សល្អ និងប្រជាណលរដ្ឋល្អ សម្រាប់សង្គមជាតិយើង ។ ជាពិសេស​ប្អូនៗសិស្សានុសិស្សដែលប្រឡងជាប់​ ចង់រៀនបន្តសកលវិទ្យាល័យ អាចទាក់ទៅលោកអភិបាលរង ឡុង ង៉ែត​ ដើម្បីទទួលយក​អាហារូបករណ៍​ របស់សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងរបស់​ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត​ និង​អាហារូបករណ៍​ផ្សេងៗទៀតបាន។

លោកអភិបាល​ខណ្ឌ ក៏បានបន្តទៀតថា រដ្ឋាភិបាលអាណត្តិទី៦ នេះគឺនៅតែបន្តការយកចិត្តទុកដាក់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យងាយស្រួល ។ ដោយឡែកនៅខណ្ឌមានជ័យ យើងមានការិយាល័យច្រកចេញចូលតែមួយ ដែលងាយស្រួល ឲ្យប្រជាពលរដ្ឋមកទទួលសេវាផ្សេងនៅអាគាររដ្ឋបាលខណ្ឌមានជ័យ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកំណែទម្រង់លើវិស័យអប់រំ និងមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពី ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនៅ ឆ្នាំ២០៥០។ កំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងពេលអនាគតរបស់កម្ពុជាដើម្បីសម្រេចបានមហិច្ឆតានេះ គឺ ពឹងផ្អែកទៅលើ សមត្ថភាពរបស់ប្រជាជនក្នុងការក្រេបយក ចំណេះដឹងសមស្រប និងជំនាញពាក់ព័ន្ធដែលអាច ឆ្លុះបញ្ចាំង ពីមរតកវប្បធម៌ និង សីលធម៌ របស់ ប្រទេសជាតិ។ វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ៕ អត្ថបទរូបភាព​ AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!