ព្រឹតិ្តការណ៍ថ្មីៗ

នោះមែនទែនហើយ! អភិបាលខណ្ឌដង្កោ បានអញ្ជើញអធិការនគរបាលខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ ….!

1 ឆ្នាំ មុន 6229 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ រួមជាមួយនឹងអធិការនគរបាលខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ ធ្វើការប្តេជ្ញាចិត្ត ចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទ្វេរដង ទាំងលើផ្តល់សេវារដ្ឋបាល និងការងារភូមិសង្កាត់មានសុវត្ថិភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស លោកអភិបាលខណ្ឌ បានធ្វើការផ្សព្វផ្សាយអំពីការផ្តល់សេវារបស់រដ្ឋបាលខណ្ឌតាមរយៈការិយាល័យច្រកចេញចូលតែមួយ ដែលផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានរហ័ស មានតម្លាភាព និងតម្លៃថោក។ ជាមួយគ្នាចំពោះការធ្វើសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋរស់នៅតាមបុរី ដែលទើបផ្លាស់ប្តូរទីលំនៅ ហើយពុំទាន់មានសៀវភៅស្នាក់នៅ គឺ អធិការដ្ឋាននគរបាលខណ្ឌ នឹងចុះធ្វើជូនដោយពុំគិតថ្លៃ ដើម្បីសម្រួលជូនបងប្អូនដែលរស់នៅតាមបុរីឆាប់បានប្រើប្រាស់។
ចំពោះការកាត់ឈ្មោះកម្មសិទ្ធិផ្ទះ ពីម្ចាស់បុរីមកប្រជាពលរដ្ឋជាអ្នកទិញផ្ទះ រដ្ឋបាលខណ្ឌ នឹងរៀបចំជួយសម្រួលដល់បងប្អូនឲ្យបានឆាប់រហ័ស។
ការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ភូមិ បានប្តេជ្ញាចិត្តរួមគ្នាអនុវត្តឲ្យបានល្អប្រសើរ នូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពង្រឹងការងារសន្តិសុខ និងទប់ស្កាត់បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ មិនឲ្យកើតមានឡើងផងដែរ។
ក្នុងឱកាសនោះលោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃក្រោមដំបូលសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយលោកអភិបាលក៏បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដែលធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ ដែលនេះបង្ហាញពីការស្រលាញ់ និងពេញចិត្តការដឹកនាំរបស់សម្តេចតេជោ ដើម្បីសម្តេចបន្តការអភិវឌ្ឍ ប្រទេសឲ្យបានរីកចម្រើនបន្តទៀត។
ជាមួយគ្នាលោកអភិបាល ក៏បានទទួលយក សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី យកមកដោះស្រាយបានទាន់ពេលវេលាជូនពួកគាត់ផងដែរ។
ប្រជាពលរដ្ឋទាំងអស់ បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកអភិបាល អជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះការយកចិត្តទុកដាក់គិតគូរពីតម្រូវការរបស់ពួកគាត់ និងដោះស្រាយជូនបានទាន់ពេលវេលា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ