ព្រឹតិ្តការណ៍ថ្មីៗ

អំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានអភិបាលខណ្ឌពោធិ៍សែនជ័យ​ នាំយក​ទៅប្រគល់ជូនប្រជាពលរដ្ឋ​ក្រីក្រ នៅ​សង្កាត់ចោមចៅ៣

2 ខែ មុន 118 តូ សុផល

(ភ្នំពេញ)៖​ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ រួមដំណើរដោយ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ​ជាច្រើនរូបទៀត បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្តម្ភដល់គ្រួសារក្រីក្រ​១គ្រួសារ ដែលកំពុងជួបបញ្ហាលំបាក ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។​
អំណោយនេះត្រូវបានផ្ដល់ជូន អ្នកស្រី គិន រ៉េន អាយុ​៦០ឆ្នាំ ជាស្រីមេម៉ាយ មានកូន​៨នាក់ និងចៅ១០នាក់​ក្នុងបន្ទុក ហើយមានកូនខ្លះ​មានជំងឺប្រចាំកាយផងដែរ កំពុងជួបបញ្ហាលំបាក់ជាខ្លាំង និងកង្វះជីវភាព ដោយសារតែគ្រួសារមួយនេះ មានសមាជិកច្រើនតែជាមនុស្សតូចៗ មិនមានលទ្ធជួយ​ទ្រង់គ្រួសារបាន និងមិនមានអ្នកជំហររឹងមាំប្រចាំគ្រួសារនោះដែរ​។
លោក ហែម ដារិទ្ធិ ក្នុងនាមមន្រ្តីមនុស្សធម៌ខណ្ឌ និងជាអាណាព្យាបាលប្រចាំមូលដ្ឋាន​​បានសម្តែងក្តីអាណិតអាសូរ ចំពោះគ្រួសារក្រីក្រមួយនេះ និងបានលើកឡើងថា អំណោយថ្ងៃនេះ​ជាអំណោយសង្រ្គោះ មិនមែនអំណោយអចិន្ត្រៃយ៍ប្រចាំខែ ឆ្នាំនោះទេ តែអាចជួយ​​មួយគ្រា ដូច្នេះ​លោកបានណែនាំឲ្យ​ប្រឹងប្រែងបន្តទៀត ក្នុងការរកកម្រៃចិញ្ចឹមគ្រួសារ​។​
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម និងជាអភិបាលខណ្ឌរូបនេះ ​បាន​ផ្តាំទៅបងប្អូនដទៃៗទៀត ក្នុងស្ថានភាពជីវភាពក្រលំបាក មិនគួរណាបណ្តោយឲ្យមានកូនច្រើននោះទេ សម័យនេះគេជឿនលឿនណាស់ គេអាចប្រើថ្នាំពន្យាកំណើតបាន បើយើងមិនចង់បានកូន ដូចនេះសូមផ្តាំទៅក្មួយៗទាំងអស់ កុំបណ្តោយខ្លួនឲ្យមានកូនច្រើនពេក វានាំឲ្យជួបបញ្ហាច្រើនក្នុងជិវិតរស់នៅ​។
ជាមួយនេះ លោកអភិបាល សូមឲ្យបងស្រី និងក្មួយៗទាំងអស់​ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យឲ្យបានល្អ ដោយពិនិត្យឃើញថា​ ទាំងលំនៅឋាន ខ្លួនប្រាណ និងចំណីអាហារ ព្រោះក្នុងស្ថានភាពលំនៅឋានដែលមិនសូវមានសុវត្ថិភាព និងជីវភាពជួបការខ្វះខាតបែបនេះ អាចប្រឈមនឹងជំងឺផ្សេងៗ ចូលមកយាយីមិនលែងឡើយ​។
អំណោយដែលអនុសាខាយកទៅ​ឧបត្ថ​ម្ភនោះ ក្នុងឱកាសនោះរូមមាន ​អង្ករ​ចំនួន៣​បាវ, គ្រឿងឧបភោគបរិភោគ និង​សម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត ព្រមទាំង​ថវិកា​ចំនួន​៦៤ម៉ឺនរៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ