ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ វាយកម្ទេចទូហ្គេម១៣គ្រឿងដែលបង្ក្រាបបាន និងប្តេជ្ញាលុបបំបាត់ល្បែងហ្គេមបាញ់ត្រី នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

2 ខែ មុន 214 តូ សុផល

(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអះអាងថា លោកនឹងប្តេជ្ញាលុបបំបាត់ហ្គេមបាញ់ត្រីនេះ ឱ្យអស់នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហើយក៏សូមអំពាវនាវ ឱ្យមន្រ្តីស៊ីវិល និងកម្លាំងប្រដាប់អាវុធជាដើម សូមកុំឱ្យពាក់ព័ន្ធជាមួយហ្គេមបាញ់ត្រី និងល្បែងនានាឱ្យសោះ។
ការលើកឡើងរបស់លោក ហែម ដារិទ្ធិ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញ វាយកម្ទេចទូហ្គេមបាញ់ត្រីចំនួន១៣គ្រឿង ក្រោយពេលចាប់ប្រមូលបានក្នុងរយៈពេល១ឆ្នាំកន្លងមក ស្ថតិនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ លោកបានបន្តថា ហ្គេមប្រភេទនេះបានពង្វក់មនុស្សចាស់ ក្មេងប្រុស ស្រីទាំងអស់ឱ្យខូច និងឈ្លក់វង្វេងជាពិសេសវាជាជម្រក និងប្រភពនៃបទល្មើសផ្សេងៗ ដូចជា គ្រឿងញៀន អំពើលួចឆក់ប្លន់ជាដើមផងដែរ។
លោក ហែម ដារិទ្ធិ បានឱ្យដឹងថា ទូហ្គេមបាញ់ត្រីខាងលើនេះ ត្រូវបានបង្ក្រាបចាប់ប្រមូលពីតាមបណ្ដាសង្កាត់នានា ដែលក្រុមជនខិលខូច លួចបង្កើតឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែពួកគេមិនបានគិតដល់អនាគតក្មេងៗ និងប្រជាពលរដ្ឋទូទៅឡើយ ព្រោះហ្គេមប្រភេទនេះ បានពង្វក់ស្មារតីក្មេងៗ ឱ្យភ្លេចរៀនសូត្រ និងបោះបង់ការរៀនសូត្រចោលតែម្ដង ដូច្នេះហើយទើបកន្លងមកអាជ្ញាធរ បានបង្ក្រាបជាបន្តបន្ទាប់ពេលបានច្រើន ទើបកម្ទេចចោលម្ដង។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនចូលរួមចំណែកលុបបំបាត់ហ្គេមខុសច្បាប់នេះចោល និងបញ្ហាមួយទៀតក៏សូមជួយគិតគូពីបញ្ហាអនាម័យ ត្រូវវេចខ្ចប់សម្រាមឱ្យបានត្រឹមត្រូវកុំបោះចោលសម្រាមពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ឱ្យសោះ។ ប្រសិនបើកម្លាំងចាប់បានជាក់ស្ដែង និងត្រូវផាកពិន័យជាប្រាក់ចាប់ពី៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ដោយគ្មានការលើកលែងឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ