ព្រឹតិ្តការណ៍ថ្មីៗ

ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការរៀបចំប្រឡងជ្រើសរើសសិក្ខាកាម ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៥

5 ថ្ងៃ មុន 146 តូ សុផល

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំប្រឡងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៥ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៣២នាក់ក្នុងស្រីចំនួន ០២នាក់។

ការប្រឡងនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) រាជធានីភ្នំពេញ ដែលជាសាកលវិទ្យាល័យទទួលបានការឯកភាពឲ្យរៀបចំការបណ្តុះបណ្តាលវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ជាតិខាងលើពីក្រសួងទេសចរណ៍ សម្រាប់ភាសាឯកទេសចំនួន០៨ ភាសារួមមាន៖ ១-ភាសាអង់គ្លេស ២-ភាសាចិន ៣-ភាសាម៉ាឡេស៊ី ៤-ភាសាអេស្ប៉ាញ ៥-ភាសាវៀតណាម ៦-ភាសាអាឡឺម៉ង់ ៧-ភាសាបារាំង និង ៨-ភាសាអ៊ីតាលី។

សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឲ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេសក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំងពីរ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងចុះកម្មសិក្សារយៈពេល ២ខែ នៅតាមតំបន់គោលដៅទេសចរណ៍នានានៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីសិក្សាប្រកបដោយជោគជ័យ សិក្ខាកាមត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទ្ទេសសចរណ៍ថ្នាក់ជាតិ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទូទាំងប្រទេស។
ការប្រឡងវិញ្ញាសាសរសេរខាងលើនេះ ក្រសួងទេសចរណ៍ បានអញ្ជើញអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចូលរួមសង្កេតការណ៍ និងតាមដានការប្រឡង។

សូមរំលឹកផងដែរថា បច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង ៥ ពាន់នាក់។ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជា ត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍សរុបប្រមាណ ១ម៉ឺននាក់។ បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៦២ ម៉ឺននាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ចំនួន ១លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១,២ លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ២លាននាក់។ រយៈពេល ៧ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣.៥លាននាក់ កើនឡើង ១១% ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជា នឹងទទួលបានទេសចរ ៦.២ លាននាក់។

នេះជាលើកទី៣ ដែលក្រសួងទេសចរណ៍បានឯកភាពតាមសំណើសុំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ផងដែរ និស្សិតដែលបានប្រឡងជាប់វិញ្ញាសាសរសេរ សូមអញ្ជើញមកប្រឡងវិញ្ញាសា ផ្ទាល់មាត់នៅថ្ងៃទី17 កញ្ញា 2018 វេលាម៉ោង 7-30ព្រឹក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ