ព្រឹតិ្តការណ៍ថ្មីៗ

អសន្តិសុខ បាញ់បោះសេរីបន្តកើតមាន ថ្វីបើមានស្នងការក្រុងថ្មីក៍ដោយ!

1 ឆ្នាំ មុន 1296 តូ សុផល

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​១៣ ​កញ្ញា គេ​បានឮ​​ស្នូរ​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់បាន​បន្លឺ​ឡើង ​​ក្នុងជម្លោះ​ផឹកស៊ី​មួយ​រវាង​មនុស្ស​​២​ក្រុម ស្ថិត​នៅ​ចំណុច​ហាង​សាច់​អាំង​​ ​យីហោ «ប្រា​ឌឺ» ( Brother BBQ ) ស្ថិត​ក្នុងភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ប៉ុន្តែ​ករណី​​នេះ​ បែរជា​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​​បញ្ជាក់​ថា ជា​ករណី​ហិង្សា​ធម្មតា ហើយ​សង​សំណង​ទៅ​ម្ចាស់​ហាង​បញ្ចប់រឿង​ទៅ​វិញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​​ពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ថា នៅ​ វេ​យប់​កើតហេតុ គឺ​មាន​មនុស្ស​២​ក្រុម​បាន​កំពុង​អង្គុយ​ហូប​ចុក​នៅ​ហាង​ខាងលើ ដោយ​ក្នុង​នោះ​មួយ​ក្រុម​ហូប​ចុក​ជា​លក្ខ​ណៈ​ធម្មតា និង​មួយ​ក្រុម​ទៀត​ ជា​លក្ខ​ណៈ​កម្មវិធី​ខួប​កំណើត ។

លុះ​រហូត​មក​ទល់​នឹង​វេលា​ម៉ោង​១០និង​២០​នាទី​យប់​ថ្ងៃ​​ដដែល មិនដឹង​ថា​ មានរឿង​អ្វី​ឡើយ ស្រាប់​តែ​អ្នក​ដែល​កំពុង​អង្គុយ​ហូប​ចុក​ទាំង​​នោះ​​បង្ក​ហិង្សា​ដាក់​គ្នា ដោយ​បាន​វាយតប់​គ្នា​ទៅ​មក និង​បាន​គប់​កែវ​ចាន​យ៉ាង​ខ្លាំង​ផង​ដែរ ហើយ​ពេលនោះ​​គេ​បានឮ​សូរ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​បាន​បន្លឺ​ឡើង ។ ភ្លាម​ៗ​នោះ ​ក្រុម​អ្នក​បង្ក​ជ​ម្លាះ​ទាំង​សងខាង ក៏​បាន​ផ្អាក​ការ​វាយតប់​គ្នា​​​បន្តិច ហើយ​ក៏​បន្ត​វាយតប់​គ្នា​កាន់តែ​ខ្លាំង​ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​​មានការ​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​២​គ្រាប់​បន្ថែម​ទៀត ទើប​ក្រុម​អ្នក​ទាំង​នោះសម្រេច​បញ្ចប់​ហិង្សា ។

ក្រោយ​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន​ជា​ច្រើន​នាក់ បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ​ផង​ដែរ ប៉ុន្តែ​ក្រោយមក​កម្លាំង​នគរបាល​ក៏​ចាក​ចេញពី​ទីតាំងនោះទៅ​វិញ​ធម្មតា ដោយ​ពុំឃើញ​មានការ​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​យក​ទៅ​សាកសួរ​នាំ​ឡើយ ជុំវិញ​ករណី​ហិង្សារ​រហូត​មានការ​ផ្ទុះអាវុធ​ខាងលើ​នេះ ។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​និរោធ លោក​ហេង សុវណ្ណ​តា​រ៉ា បាន​ប្រាប់​អោយដឹង នា​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា​ ២០១៨នេះ​​ថា ករណី​ខាងលើ​នេះ គឺជា​ករណី​ហិង្សា​ធម្មតា​ប៉ុ​ណ្ណោះ ដែល​បង្ក​ឡើង​រវាង​មនុស្ស​២​ក្រុម ហើយ​ក្នុងនោះ ពុំមានការ​ផ្ទុះអាវុធ​​ឡើយ បន្ទាប់​ពី​លោក​និង​កម្លាំង​ក្រោម​ឱវាទ​ បាន​ចុះ​ទៅ​សាកសួរ​នាំ និង​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​រួច​មក ។ លោក​បន្ត​ថា ជុំ​វិញ​ករណី​នេះ ភាគី​អ្នក​បង្ក​ហិង្សា​សម្រេច​សង​សំណង​ថ្លៃ​ខូចខាត​សម្ភា​រ​ទៅ​ម្ចាស់​ហាង​ចំនួន​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ។

អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅទទួល​ផែន​ព្រហ្មទណ្ឌ លោក​ម៉ៅ សឿ​ត បាន​ប្រាប់​​​​ដែរ​ថា ករណី​ខាងលើ​នេះ នគរបាល​ប៉ុស្តិ៍​ពុំបាន​រាយការណ៍​ពី​ដំណើររឿង​អ្វី​សូ​ម្បី ​បន្តិចសោះ ទៅ​កាន់​រូប​លោក​ដែល​ជា​មេ​កើយ ហើយ​លោក​ក៏​មិន​បានដឹង​អ្វី​ឡើយ​ទាក់ទង​នឹង​ហេតុ​ការណ៍​ខាងលើ​នេះ ថា​ជា​ករណី​ហិង្សា​ធម្មតា ឬ​ករណី​ហិង្សា​រហូត​មានការ​ផ្ទុះអាវុធ ?

សូម​បញ្ជាក់​ថា ជុំ​វិញ​ករណី​ខាងលើ​នេះ គេ​ពំ​ុ​ទាន់​ដឹង​ថា អ្នក​ដែល​ផ្ទុះអាវុធ​នោះ ជាន​ណារ​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​រង​របួស​ក្នុង​អំពើ​ហិង្សា​ខាងលើ​នោះ​ដែរ ។ យ៉ាងណាមិញ ក្រុម​ពលរដ្ឋ​ជិតខាង អំពាវនាវ​ដល់​នគរបាល​ពាក់ព័ន្ធ មេត្តា​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​អោយ​បាន​ច្បាស់លាស់​ផង ដើម្បី​មាន​វិធាន​ការណ៍​ផ្លូវច្បាប់​ចំ​ពោះ​អ្នក​ដែល​ប្រព្រឹត្តិ​ខុស ព្រោះពួក​គាត់​ទាំងអស់​គ្នា​ដែល​រស់នៅ​ជុំ​វិញ​នោះ​ពិតជា​បានលឺ និង​បានឃើញ​ថា មានការ​ផ្ទុះអាវុធ​ពិតប្រាកដ​មែន ចុះ​ហេតុ​អ្វី​នគរបាល​មូលដ្ឋាន​ចុះ​មក​បាន​ត្រឹម​សាកសួរ​នាំ​ធម្មតា ហើយ​ចាកចេញ​ទៅ​វិញ​ដោយ​គ្មាន​ចំណាត់ការ​អ្វី​បន្តិច​ចំ​ពោះជន​បង្ក និង​ម្ចាស់​ទីតាំង​ទៅ​វិញ ។ យ៉ាង​វិញ​ជុំ​វិញ​ករណី​ខាងលើ​នេះ ម្ចាស់​ទីតាំង​ពុំ​អាច​ទំនាក់ទំនង​សុំការ​បំភ្លឺ​បាន​ឡើយ ។

ទន្ទឹម​នឹង​នេះ​ដែរ តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ទីតាំង​ហាង​សាច់​អាំង​ខាងលើ គឺ​តែង​បង្ក​ការ​រំខាន​ខ្លាំង​បំផុត​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ លើ​បញ្ហា​អ្នក​ហូប​ចុក​ស្រែរ​ឡេ​រឡូ និង​ចាក់​បទ​ភ្លេង រួច​ជាមួយ​ការ​ច្រៀង​លេង​កម្សាន្ត បង្ក​ជា​សម្លេង​រំពង​អើ​ង​កង​ខ្លាំង​ៗ រំខាន​ដល់​ដំណេក​របស់​ពួក​គាត់​នា​ពេល​រាត្រី ព្រោះ​ការ​ហូប​ចុក​របស់​ពួក​គេ គឺ​មាន​ពេល​ខ្លះ​អាច​ទៅ​ដល់​ម៉ោង​១២ ឬ​១​រំលង​អាធា​ត្រ​ក៏​មាន​ដែរ ។ ក្រុម​ពលរដ្ឋ​ធ្លាប់​បាន​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍ និង​សង្កាត់​ផង​ដែរ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ល្អ​ណាមួយ​អ្វី​បន្តិច​សោះ ៕ ​AhBoYz

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ