ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមបាល់ទាត់​យុវជន​កែវមុនី​ KMN FC លើកពានមហាជនរាជធានីភ្នំពេញ ក្រោយពីផ្ដួលក្រុមបាល់ទាត់ក្រុមវ៉ាន់ដា​គណនេយ្យ​ ក្នុងលទ្ធផល​ ៣ទល់នឹង​២

2 ខែ មុន 116 តូ សុផល

រាជធានីភ្នំពេញ​ ៖ ក្រុមបាល់ទាត់​យុវជន​កែវមុនី​ KMN FC បានសម្រេច​ជោគជ័យ​ លើកពានរង្វាន់ មហាជនរាជធានីភ្នំពេញ ដូចបំណង ក្រោយពីប្រកួតយកឈ្នះលើ ក្រុមបាល់ទាត់ក្រុមវ៉ាន់ដា​គណនេយ្យ​ ក្នុងលទ្ធផល​ ៣ទល់នឹង​២ ក្នុងជំនួបវគ្គ​ផ្ដាច់ព្រ័ត្រ​ នៃ​ព្រឹត្តិការណ៍​កីឡាមហាជន រាជធានីភ្នំពេញ​ ឆ្នាំ២០១៨​ ដែលរៀបចំឡើងដោយ​មន្ទីរអប់រំយុវជន​និង​កីឡា​ រាជធានីភ្នំពេញ​ លើទីលាន​វិទ្យាល័យបឹងកេងកង នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ។

ជំនួបដ៏​តានតឹង​នេះ​ ក្រុមវិទ្យាស្ថាន​វ៉ាន់ដារ​ បានវាយបកនាំមុខ​ ក្រុមយុវជន​កែវមុនី​ KMN FC ក្នុងលទ្ធផល​ ២ទល់នឹង​១ នៅតង់ទី១ ប៉ុន្តែចូលតង់ទី២​ ក្រុមប្រជុំដោយកីឡារករវ័យក្មេង KMN FC បាន​ដាក់​សម្ពាធ​រហូត​សុត​បំបោង​សំណាញ់ទីសងសឹកក្រុមវិទ្យាស្ថានវ៉ាន់ដារ បានចំនួន២គ្រាប់វិញ ដើម្បីទទួលយកជ័យជំនះក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹង​២​ តែម្ដង ដែលធ្វើអោយថ្នាក់ដឹកនាំក្រុមមានការ​ត្រេកអរ​ និងមាន​មោទនភាពជាខ្លាំង​ ចំពោះការគ្រងតំណែងជើងឯក ​ពានរង្វាន់មហាជន​ រាជធានីភ្នំពេញ​ ជាលើកដំបូងបែបនេះ​ ។

លោក​ យ៉ន់​ សំអន់​ ជាគ្រូបង្វឹកក្រុមបាល់ទាត់​យុវជន​កែវមុនី​ KMN​ FC​ បានលើក​ឡើងថា ជាមួយនឹងការ​ដណ្ដើម​បានពាន​រង្វាន់ជើងឯកនេះ គឺជាជោគជ័យរួមរបស់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យទាំងអស់ ក្រោមការដឹកនាំនឹង​ជម្រុញ​របស់លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ ដែលមិនត្រឹមតែរួមចំណែកកសាង​អភិវឌ្ឍន៍​ និងបម្រើប្រជាពលរដ្ឋយ៉ាងល្អក្នុងខណ្ឌនោះទេ ថែមទាំង​ផ្ដួចផ្ដើម​ បង្កើត​អោយមានជាក្រុមបាល់ទាត់ ដើម្បី​បំផុស​យុវជន​ចូលរួម​លេងកីឡា​ ដើម្បីសុខភាព​ និងសាមគ្គីភាព និង​ជៀសឆ្ងាយពីគ្រឿងញៀនថែមទៀតផង។

លោកបន្តទៀតថា​ បេសកកម្ម​របស់ក្រុម​បាត់ទាត់​យុវជន​កែវមុនី​ KMN​ FC មិន​បញ្ឈប់​ត្រឹមនេះឡើយ​ ពោលគឺថ្នាក់ដឹកនាំនិងក្រុមទាំងមូល​ បាន​ប្ដេជ្ញា​ជម្រុញនិង​គៀងគរ​ យុវជននៅក្នុងខណ្ឌមានជ័យ ចូលរួមលេងកីឡាអោយបានច្រើន ពិសេសអ្នកមាន​សមត្ថភាព​ និង​ទេពកោសល្យ​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​អោយ​កាន់តែ​រីកចម្រើន​ ខណៈដែលកីឡាករដែលមាន​ទេពកោសល្យ​ និងសមត្ថភាពល្អ​ ថ្នាក់ដឹកនាំ​និងធ្វើកិច្ចសហការជាមួយនឹង​ក្លឹបនានា ដើម្បីផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ បានចូលរួមលេង​លីគ​លំដាប់ទី២ ឬលីគ​កំពូល​ នាពេលអនាគតទៀតផង។

គួរបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍​កីឡា​មហាជន​រាជធានីភ្នំពេញ​ បានបញ្ចប់ទាំងស្រុងហើយ​ លើ៦ប្រភេទកីឡា រួមមាន​កីឡា​ អត្តពលកម្ម​ បាល់បោះ​ បាល់ទះ​ ប៉េតង់​ វាយកូនឃ្លីលើតុ និងកីឡាបាល់ទាត់​ ។ ចំពោះប្រភេទកីឡាបាល់ទាត់​ បន្ទាប់ពីក្រុមជើងឯកយុវជនកែវមុនី KMN FC គឺមានក្រុម​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​ ទទួលបានជើងឯករង ខណៈដែលចំណាត់ថ្នាក់លេខ៣ បានទៅលើកក្រុម​សមាគម​កីឡា​ DIS FC​ ក្រោយពីយកឈ្នះក្រុមបាល់ទាត់ Football Cafe នៅទីលានវិទ្យាល័យ​បឹងកេងកង​នេះដូចគ្នា៕ អត្ថបទរូបភាព​ AhBoYz

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ