ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យនាយករដ្ឋបាលខណ្ឌ​ ចេញលិខិតផ្អាកអាជីវកម្ម ហាងពិភពសាច់អាំង១៦៨ សាខាស្ពានដែក​ ដោយសារ…

4 ខែ មុន 808 តូ សុផល

រាជធានីភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំប្រចាំខែសីហានេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាអោយរដ្ឋបាលសាលាខណ្ឌមានជ័យ ចេញលិខិតផ្អាកអាជីវកម្ម ហាងពិភពសាច់អាំង ១៦៨ សាខាស្ពានដែក ដែលគ្មានច្បាប់អនុញ្ញាតអាជីវកម្ម និងបង្កហានីភ័យគ្រោះថ្នាក់ចរាចរណ៍ បង្កផលប៉ះពាល់ បាត់សណ្តាប់ធ្នាប់សាធារណៈ។

លោក អែម សុវីរះ ប្រធានការិយាល័យរដ្ឋបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨នេះ បានអោយដឹងថា ខាងរដ្ឋបាលសាលាខណ្ឌកំពុងតែរៀបចំចេញលិខិតជូនដំណឹងដល់ម្ចាស់ហាងហើយនៅថ្ងៃនេះ ។ ចំពោះការចេញលិខិតឲ្យផ្អាកអាជីវកម្មនេះ គឺធ្វើឡើងក្រោមបញ្ជាផ្ទាល់មាត់របស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យតែម្ដង នៅក្នុងកិច្ចប្រជុំប្រចាំខែសីហា កាលពីព្រឹកថ្ងៃទី១០ កញ្ញា ២០១៨នេះ។

ដោយឡែកពាក់ព័ន្ធនិងការចេញលិខិតផ្អាកអាជីវកម្មហាងពិភពសាច់អាំង ១៦៨​ សាខាស្ពានដែកខាងលើ លោកក៏មិនបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុជាក់លាក់ណាមួយឡើយ ដោយលោកបានបង្វែសំណួរនេះឲ្យទៅសួរលោក ប្រាង សុផល ជានាយកដ្ឋបាលខណ្ឌ ហើយលោកក៏បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា បញ្ហានេះលោកពុំបានដឹងអំពីមូលហេតុអ្វីជាក់លាក់នោះទេ ។ លោកថា លោកទើបតែមកចូលកាន់តំណែងថ្មីជានាយករដ្ឋបាលនៅសាលាខណ្ឌនេះ ហេតុដូច្នេះលោកមិនអាចឆ្លើយបានទេ ។

ដោយឡែកលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ក៏បានអះអាងតាមទូរស័ព្ទថា បញ្ហានេះលោកក៏មិនដឹងច្បាស់ផងដែរថា កាលពីម្ចាស់ទីតាំងហាងសាច់អាំង១៦៨នេះ ចាប់ផ្តើមជួសជុល គឺខាងអាជ្ញាធរសង្កាត់ក៏បានចុះឲ្យផ្អាកដោយតម្រូវឲ្យទៅសុំច្បាប់អនុញ្ញាតសិន ហើយលោកក៏បានរាយការណ៍ទៅអភិបាលរងខណ្ឌជាហូរហែផងដែរ .ហើយក៏មានការចូលរួមពីខាងទេសចរណ៍ខណ្ឌដែរ ។ ដល់ក្រោយមកក៏ឃើញហាងនេះបើកដំណើរការលក់ដូរជាធម្មតាដល់សព្វថ្ងៃនេះ ។

លោកចៅសង្កាត់បន្តថា ម្ចាស់ហាងក៏បានទៅព្យាយាមសុំជួបអភិបាលខណ្ឌដែរ តែគាត់មិនបានជួប ហើយកាលណោះម្ចាស់ហាងនេះក៏បានមកសុំសង្កាត់តាមរយៈមេប៉ុសិ្ត មិនដឹងថាហាងនេះមានច្បាប់ហើយឬនៅ ។

តាមការបំភ្លឺពីលោកម្ចាស់ហាងក៏បានឲ្យដឹងថា លោកបានទិញប្រេនពីហាងសាច់អាំង១៦៨ ហើយគេធានារត់ច្បាប់ឲ្យលោកគ្រប់យ៉ាង ។ លោកថា លោកបានឲ្យគេម្នាក់នៅខណ្ឌនឹងរត់ការឲ្យ តែមិនដឹងជាយ៉ាងម៉េចបានជាកើតបញ្ហាបែបនេះ ។ លោកថា ដើមឡើយទីតាំងនេះជាស្ថានីយលក់ប្រេង ហើយលោកបានជួលទីតាំងនេះក្នុងតម្លៃជាង១ពាន់ដុល្លា លោកបានជុសជុលកែលម្អហាងនេះអស់ជិត២០ម៉ឺនដុល្លា ចុះកុងត្រាជួលរយៈពេល៨ឆ្នាំ ។

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក៏បានបញ្ជាក់ប្រាប់ថា ហាងពិភពសាច់អាំង១៦៨ ត្រង់ចំណុចស្ពានដែកនេះ គឺគ្មានច្បាប់អនុញ្ញាតអាជីវកម្មទេ និងបង្កហានីភ័យគ្រោះថ្នាក់ចរាចរណ៍ និងបង្កផលប៉ះពាល់បាត់សណ្តាប់ធ្នាប់សាធារណៈ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!