ព្រឹតិ្តការណ៍ថ្មីៗ

ហេង ឡាលីន មេកន្ទុយលេខដ៍ធំប្រចាំក្រុងភ្នំពេញ អាងអ្នកណាទៀត បើមេរបស់ខ្លួន ចេញពីស្នងការក្រុងហើយនោះ?

3 ខែ មុន 9764 តូ សុផល

ភ្នំពេញ៖ មេកន្ទុយលេខ(ឆ្នោតយួន) ដ៍ធំ ប្រចាំក្រុងភ្នំពេញ ហេង ឡាលីន ត្រូវបានគេទទួលស្គាល់ថា ពិតជាមានឥទ្ធិពល គ្មានសមត្ថកិច្ច ឬអាជ្ញាធរណាហ៊ានបង្ក្រាប ដោយ មេឆ្នោតរូបនេះ បានយកឈ្មោះ ឯកឧត្តម នាយឧត្តម ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ មកប្រើដើម្បីកំលាចសមត្ថ កិច្ច និង អាជ្ញាធរ រាប់ឆ្នាំមកហើយ ចាំមើលថាតើក្រោយពេល ខ្នងបង្អែក ឬមេកើយរបស់ខ្លួនចាកចេញពីកន្លែងដ៍មានឥទ្ធិពលនេះ ហេង ឡាលីន បានអីអួតអាងទៀត? ឬមួយបន្ត ចាយលុយជាមួយមេក្រោយ (ស្នងការក្រុង) ដើម្បីបានបន្តមុខរបរ (កន្ទុយលេខ) បំផ្លាញសង្គមជាតិទៀត?

តែបើតាម លោកស្នងការនគរបាលរាជធានីភ្នំពេញថ្មី និងជាអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវបញ្ជានានាថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ រួមទាំងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញនិងបទបញ្ញាតិផ្សេងៗទៀត ។

ការប្តេជ្ញារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត គឺបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី ខណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា ប្ដេជ្ញាអនុវត្តន៍យ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តន៍តាមកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ និងដោយសច្ចធម៌ ចំពោះមុខច្បាប់ និងបទបញ្ញត្តិផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកអស់កម្លាំងកាយចិត្តនូវគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ឲ្យបានល្អប្រសើរបន្ថែមទៀត ។

ស្នងការនគរបាលរាជធានីភ្នំពេញថ្មីរូបនេះ បន្ថែមទៀតថា ដើម្បីសម្រេចបានការងារថ្មីៗត្រូវមានការចាំបាច់សហប្រតិបត្តិការពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដែលមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ ក្នុងការសំដៅឆ្លុះបញ្ចាំងអំពីចំណុចអវិជ្ជមានមួយចំនួន ដើម្បីធានាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យដ៏ត្រជះត្រចង់ផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ទៀតថា កត្តាដែលនាំឲ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ គឺជាជោគជ័យ នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ និងការអនុវត្តទិសដៅ ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញ។

គួររំលឹកផងដែរថា កាលជំនាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ កាន់តំណែងជាស្នងការរាជធានីភ្នំពេញ ល្បែងស៊ីសង គ្រប់ប្រភេទ រីកដុះដាលក្នុងខណ្ឌទាំង១២ ពេញបន្ទុក ដូចជា៖ កន្ទុយលេខ(ឆ្នោតយួន) ហ្គេមបាញ់ត្រី ហ្គេមអនឡាញ២៤ម៉ោង ល្បែងភ្នាល់បាល់ ល្បែងជល់មាន់  បៀអាប៉ោង និង ល្បែងទឹកភ្លៀងជាដើម។

ជាពិសេស ក្នុងខណ្ឌប្ញស្សីកែវ បនល្បែងស៊ីសងគ្រប់ប្រភេទ កំពុងរាលដាលយ៉ាងពេញបន្ទុកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ប៉ុន្តែមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាល មិនចាត់វិធានការលុបបំបាត់ឡើយ ហើយបណ្ដោយឲ្យរាលដាលកាន់តែខ្លាំងឡើងៗ។

ប្រភពពីមន្ត្រីនគរបាលនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានបង្ហើបឲ្យដឹងថា អ្នកបើកល្បែងស៊ីសងក្នុងទឹកដីខណ្ឌប្ញស្សីកែវ មានឈ្មោះ ហេង ឡាលីន ដែលត្រូវជាប្អូនធម៌របស់ លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌប្ញស្សីកែវ តែម្តង។ ហេតុនេះហើយទើបសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ មិនបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដូចជា កន្ទុយលេខ ភ្នាល់បាល់ បាញ់ត្រី ណេត២៤ម៉ោង និងបញ្ជល់មាន់ជាដើម តែថ្មីនេះ លោក ទៀង ចាន់សារ អតីតអធិការខណ្ឌឬស្សីកែវ បានប្តូរទៅកាន់តំណែងជាអធិការខណ្ឌដូនពេញបាត់ហើយ ចាំមើល លោក គល់ យី អធិការខណ្ឌឬស្សីកែវថ្មី ហ៊ានជាមួយ មេបនល្បែង ហេង ឡាលីន ដែរឬទេ?

ប្រភពបានបញ្ជាក់ទៀតថា អភិបាលខណ្ឌប្ញស្សីកែវ លោក ជា ពិសី ដែល មិនសូវដឹងរឿងល្បែងស៊ីសងរាលដាលក្នុងទឹកដីខណ្ឌប្ញស្សីកែវ ព្រោះមន្ត្រីថ្នាក់ក្រោមលាក់បាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលប៉ះពាល់សន្តិសុខសង្គម។

ប្រជាពលរដ្ឋក្នុងខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ដោយសារមានអធិការនគរបាលខណ្ឌប្ញស្សីកែវ ជាខ្នងបង្អែកទើបឈ្មោះ ហេង ឡាលីន ហ៊ានបើកទីតាំងកត់កន្ទុយលេខជាច្រើនកន្លែង ហើយមានកន្លែងភ្នាល់បាល់ទាត់ និងសង្វៀនបញ្ជល់មាន់ទៀតផង។

បញ្ហានេះ លោកឧត្តមសេនីយ៍ឯក ស ថេត  ស្នងការនគរបាលរាជធានីភ្នំពេញថ្មី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនត្រូវមើលរំលងតទៅទៀតទេ ព្រោះល្បែងស៊ីសងក្នុងខណ្ឌប្ញស្សីកែវ រាលដាលកាន់តែខ្លាំងឡើងៗ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុបឃិតគ្នាលាក់បាំងយ៉ាងស្ងាត់ស្ងៀមទៅវិញ។ មន្ត្រីសាលាខណ្ឌប្ញស្សីកែវ មួយចំនួនក៏បានឲ្យដឹងដែរថា មេល្បែងស៊ីសងឈ្មោះ ហេង ឡាលីន ជិះរថយន្តឡិចស៊ីស៥៧០ ពណ៌ស ហើយមានទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋានយ៉ាងជិតស្និទ្ធដើម្បីការពារមុខរបរខុសច្បាប់របស់ខ្លួន។ ហេតុនេះហើយទើបក្នុងខណ្ឌប្ញស្សីកែវ មានបទល្មើសកើតឡើងយ៉ាងពេញបន្ទុកទាំងល្បែងស៊ីសង អំពើចោរកម្មលួចឆក់ប្លន់ និងគ្រឿងញៀនជាដើម ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!