ព្រឹតិ្តការណ៍ថ្មីៗ

ប្តេជ្ញាបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ឲ្យបានល្អប្រសើរ ក្រោយទទួលតំណែងជាស្នងការក្រុង នៅឡើយការអនុវត្តន៍ ចាំអ៊ុតបន្ត…!

2 ខែ មុន 238 តូ សុផល

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញថ្មី និងជាអគ្គស្នងការរងនគរបាលជាតិ ផងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវបញ្ជានានាថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ រួមទាំងប្រតិបត្តិឲ្យបានម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញនិងបទបញ្ញាតិផ្សេងៗទៀត ។

ការប្តេជ្ញារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត គឺបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី ខណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា ប្ដេជ្ញាអនុវត្តន៍យ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តន៍តាមកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ និងដោយសច្ចធម៌ ចំពោះមុខច្បាប់ និងបទបញ្ញត្តិផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យកអស់កម្លាំងកាយចិត្តនូវគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ឲ្យបានល្អប្រសើរបន្ថែមទៀត ។

ស្នងការនគរបាលរាជធានីភ្នំពេញថ្មីរូបនេះ បន្ថែមទៀតថា ដើម្បីសម្រេចបានការងារថ្មីៗត្រូវមានការចាំបាច់សហប្រតិបត្តិការពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដែលមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ ក្នុងការសំដៅឆ្លុះបញ្ចាំងអំពីចំណុចអវិជ្ជមានមួយចំនួន ដើម្បីធានាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យដ៏ត្រជះត្រចង់ផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ទៀតថា កត្តាដែលនាំឲ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ គឺជាជោគជ័យ នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ និងការអនុវត្តទិសដៅ ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញ ។

សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ត្រូវចូលកាន់តំណែងជំនួស ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ