ព្រឹតិ្តការណ៍ថ្មីៗ

តើអធិការខណ្ឌទួលគោកថ្មី និងដើរកន្លងចាស់តាម លោក ហ៊ុន សុធី ?

1 សប្តាហ៍ មុន 1750 តូ សុផល

ភ្នំពេញ ៖ តំណែងជា អធិការ គឺជាតំណែងធំមួយ ក្នុងខណ្ឌដែលមនុស្សភាគច្រើនគោរពកោតខ្លាច ជាពិសេស មន្ត្រីក្រោមឳវាទរបស់ខ្លួន ដោយឡែកចាប់តាំងពី លោក ហ៊ុន សុធី កាន់តំណែងជាអធិការនគរបាលខណ្ឌមួយរូប ដែលមិនសូវមានកេរ្តិ៍ឈ្មោះ លិចលឺតែភាពអសកម្ម បណ្តែតបណ្តោយបនល្បែងស៊ីសងគ្រប់ប្រភេទកើតមានពេញបន្ទុក បទល្មើសក៍កើតមានហូរហែរដែរ ដែលនាំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ តែលោកនៅតែមានយីអ៊ុនខ្ពស់ បានឡើងជាស្នងការរងរាជធានីភ្នំពេញ ទទួលផែនការងារគ្រប់គ្រងធនធានមនុស្សទៅវិញ។

ប្រភពច្បាស់ការលួចបង្ហើបប្រាប់ថា ក្នុងមូលដ្ឋានខណ្ឌទួលគោក មានទីតាំងហ្គេមអនឡាញ ២៤ម៉ោងបង្កប់ល្បែងភ្នាល់បាល់ និង ល្បែងមួយចំនួនទៀតឡាយចេញពីកាស៊ីណូ ទីតាំងខ្លះមានការចាក់ភ្នាល់តាមហាងកាហ្វេធំៗមានBrand ទៀតផង។ បើក្រឡេកមកមើកទីតាំងបញ្ចាំទាំងមានច្បាប់ និង អត់ច្បាប់វិញ មានស្ទើរគ្រប់ផ្លូវ គ្រប់សង្កាត់ តែអាជ្ញាធរ ឬសមត្ថកិច្ច ទល់ភ្នែកដើម្បីបានប្រយោជន៍ចូលហោប៉ាវខ្លួន។ បើនិយាយពីល្បែងកន្ទុយលេខឆ្នោតយួន (កន្ទុយលេខ) កំពុងតែពេញនិយមសម្រាប់ប្រជាពលរដ្ឋមួយ ចំនួនរស់នៅក្នុងក្រុងភ្នំពេញដោយមានមេឆ្នោតធំៗជាអ្នកកាង នៅក្នុងផ្សារជាច្រើនកន្លែង និងមានកូនកញ្ច្រែងកំពុងកត់លក់យ៉ាង គគ្រឹកគគ្រេង ដោយជ្រកក្រោមស្លាកឆ្នោតជាតិ។ តែគេមិនឃើញ មានអាជ្ញាធរ ឬសមត្ថកិច្ចណាម្នាក់ ចុះទៅធ្វើការបង្ក្រាបចំពោះល្បែងមួយនេះនេះឡើយ ខណៈមេឆ្នោតមួយចំនួនអះអាងថា រូបគេបាន បង់លុយឱ្យទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អស់ហើយ បើចង់ថតរូបភាពយកទៅចុះផ្សាយយ៉ាងណា ក៏គេមិនខ្លាចដែរ ម្យ៉ាងវិញទៀត គេលេងតែ លុយរបស់ខ្លួនទេ មិនបានយកប្រាក់អ្នកកាសែតទៅលេងឡើយ។

ដោយមានសេចក្តីរាយការណ៍ពីបងបង្អូនបប្រជាពលរដ្ឋ កាលពីថ្មីៗនេះ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបជាក់ស្តែងនៅ ក្នុងផ្សារសាមគ្គី ឃើញដូចការរៀបរាប់របស់ពលរដ្ឋមែន មានទីតាំងកត់កន្ទុយលេខជិត១០កន្លែងឯណោះ។ ចំណែកទីតាំងមួយចំនួនទៀត ពេលឃើញអ្នកសារព័ត៌មានទៅដល់នាំគ្នាយកក្រដាសកាតុងសម្រាប់កត់ កន្ទុយលេខឆ្នោតលាក់បាត់អស់។

ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅម្តុំផ្សារសាមគ្គី សម្តែងក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះបញ្ហា ភូមិឃុំមានសុវត្ថិភាព ខណៈល្បែងកត់កន្ទុយលេខឆ្នោត ត្រូវគេបើកលេងយ៉ាង ពេញទំហឹង នៅក្នុងផ្សារនានា ឬទីប្រជុំជន ជាពិសេស ផ្សារសាមគ្គីតែម្តង។

ប្រភពបន្តទៀតថា កន្លែងណាមានល្បែងស៊ីសង ទីនោះតែងតែកើតមានអំពើលួចឆក់ប្លន់ កាប់សម្លាប់ និងអំពើហិង្សា ក្នុងគ្រួសារ ព្រោះកន្លងមកពេលប្តីប្រើប្រពន្ធឱ្យយកលុយទៅទិញម្ហូបអាហារ ស្រាប់តែនាងយកប្រាក់ ទៅចាក់កន្ទុយលេខឆ្នោតអស់រលីង លុះអត់បានម្ហូបយកទៅផ្ទះវិញ ក៏ត្រូវប្តីវាយដំរហូតដល់ក្លាយទៅ ជាកើតឈ្លោះទាស់ទែងលែងលះគ្នាផងដែរ។

ម្យ៉ាងវិញទៀត មានបុរសស្ត្រីខ្លះចំណាយលុយចាក់ឆ្នោត ក្នុង១ថ្ងៃៗ ចាប់ពី១លានទៅ២លាន រៀល ហើយអ្នកខ្លះទៀតលេងឆ្នោតរហូតដល់ លក់របស់របរក្នុងផ្ទះ ខ្ទេចខ្ទីអស់រលីង ក្លាយជាអ្នកលេងឆ្នោតអាជីព ចុងក្រោយអត់មានលុយសងបំណុលគេ ក៏ប្រកាសលក់ផ្ទះ ដែលជាលំនៅឋាន ដ៏កម្ររកនេះ ដើម្បីយកប្រាក់សងជំពាក់ថ្លៃលេងកន្ទុយលេខឆ្នោត។

ប្រជាពលរដ្ឋ សំណូមពរ ឱ្យសមត្ថកិច្ច មេត្តាយកចិត្តទុកដាក់ចុះអប់រំ និងបង្ក្រាបល្បែងកន្ទុយលេខឆ្នោត ដែលកំពុងតែបើក លេងយ៉ាងចំហរនេះផង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ប្រហែលជាមិនដឹងថាមានល្បែងកន្ទុយលេខឆ្នោត(ឆ្នោតយួន) ទេបានមើលទៅបានជារីកដុះដាលដូចផ្សិតបែបនេះ? ពលរដ្ឋសង្ឃឹមថា លោក សុខ ហេង ក្រោយបានទទួលតំណែង អធិការនគរបាលខណ្ឌទួលគោកហើយ និងខិតខំបំពេញការងារចុះបង្ក្រាបល្បែងស៊ីសង និង ទីតាំងបញ្ចាំអោយអស់ពីមូលដ្ឋាន។

គួរររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែងក្រើនរំលឹកដល់អភិបាលខណ្ឌទាំង១២ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលប់បំបាត់ទីតាំងទាំងឡាយណាដែលល្មើសច្បាប់ ក្រោមរូបភាពបើកអ៊ីនធឺណេត២៤ម៉ោង ព្រោះ ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចមនៃបទល្មើស លួច ឆក់ ប្លន់ បង្កអសន្តិសុខដល់សង្គម ជាពិសេសផ្ទុយគោលនយោ បាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលថែមទៀតផង៕
សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួល គោក និង លោក សុខ ហេង ដែលជាអធិការខណ្ឌទួកគោកឡើងថ្មី និង មេប៉េអឹមខណ្ឌ មេត្តាមានវិធានខ្លះ ចំពោះបនល្បែងស៊ីសង ដែលកំពុងរីក សាយភាយយ៉ាងពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួន។

អង្គភាពសាព័ត៌មានយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ