ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោហ៊ុន សែន ៖ ប្រជាពលរដ្ឋកំពុងរង់ចាំការតបស្នងរបស់រាជរដ្ឋាភិបាល ទៅនឹងការបោះឆ្នោតគាំទ្ររបស់ពួកគាត់

1 ឆ្នាំ មុន 120 តូ សុផល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្មីអណ្ណតិទី៦នៃកម្ពុជា បានថ្លែងចេញពីវិមានសន្តិភាព ដោយប្រសាសន៍ថា

” ប្រជាពលរដ្ឋកំពុងរង់ចាំការតបស្នងរបស់រាជរដ្ឋាភិបាល ទៅនឹងការបោះឆ្នោតគាំទ្ររបស់ពួកគាត់ ” បានថ្លែងថា យើងមិនត្រូវធ្វើឱ្យប្រជាជនខកចិត្ត ដោយសារទង្វើអសកម្ម ដោយសារទង្វើខុសឆ្គង របស់យើងនោះទេ បើមិនធ្វើអ្វីទេ សូមកុំធ្វើឱ្យប្រជាជនឈឺចាប់ដោយសារទង្វើខុសឆ្គងរបស់មន្រ្តីយើង ! ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅគ្រាដែរ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ដ្រី អាណត្តិទី៦ នាវិមានសន្តិភាពបន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូងនេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមនាព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា បើការធ្វើកំណែទម្រង់ត្រឹមតែដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ, សម្តេចបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនទាល់តែ ដូរមនុស្សនោះទេ តែសំខាន់សំដៅលើខ្លឹមសារការងារ និងប្រសិទ្ធភាពការងារវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ធ្វើនយោបាយត្រឹមតែដោះដូរមនុស្សនោះគណបក្សនយោបាយនោះនឹងស្លាប់ ហើយមេដឹកនាំនោះនឹងស្លាប់ដោយឯកោ

សម្តេចនាយករដ្ឋមន្ត្រីអាណត្តិថ្មីបានថ្លែងថា សម្តេចចាប់ផ្តើមធ្វើការពីមនុស្សតែ៥នាក់ កើនដល់រាប់លាននាក់ ដោយសារតែនយោបាយរក្សាចាស់បង្កើនថ្មី។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ជោគជ័យសម្រាប់អាណត្តិនេះមិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ តែគឺបានមកពីការរួបរួមគ្នារបស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។

សម្តេចមិនភ្ញាក់ផ្អើលនោះឡើយ សម្រាប់អ្នកមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះសូម្បីតែព្រះពុទ្ធសាសនា និងសាសនានានាទៀត ក៏មិនមានប្រជាពលរដ្ឋជឿទាំងអស់នោះដែរ។ ហើយបើគណបក្សប្រជាជនឈ្នះហើយ បែរជាត្រូវបោះបង់រដ្ឋមន្ត្រីមួយចំនួនចោល គឺជារឿងអគុណធម៌បំផុត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រូវការឈ្នះសមរភូមិតែមួយសមរភូមិនោះទេ តែត្រូវតែឈ្នះគ្រប់សង្គ្រាម តាមរយៈនយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី។
ហើយនយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មីនេះហើយ ទើបធ្វើឲ្យមនុស្សដែលចូលមកនៅជាមួយសម្តេចហើយ គឺមិនងាយចេញទៅវិញនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជោគជ័យមិនសំខាន់លើការដោះដូរនោះទេ តែសំខាន់ដួលកន្លែងណា ត្រូវក្រោកវិញនៅកន្លែងនោះ។ ក្នុងនោះសូម្បីកូនចៅរបស់សម្តេច ក៏សម្តេចទម្លាប់ធ្វើបែបនេះដែរ ពេលពួកគេដួលសម្តេចមិនដែលទៅលើកឡើយ គឺឲ្យគេងើបឡើងដោយខ្លួនឯង។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការរក្សារដ្ឋមន្ត្រីចាស់ ហើយដាក់ក្មេងចូលមកធ្វើការជាមួយ គឺជារឿងចាំបាច់ណាស់។ ហើយ មនុស្សដែលមករស់នៅជាមួយសម្តេចហើយ គឺមិនងាយទៅណាទេ តែបើនៅជាមួយសម្តេចមិនកើតហើយ ទៅណាក៏មិនកើតដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងរដូវបុណ្យភ្ជុំនេះ សម្តេចនឹងឧបត្ថម្ភដល់មន្ត្រីទាំងអស់និងនិវត្តន៍ជនម្នាក់ៗ ៥ម៉ឺនរៀល ដែលត្រូវចំណាយសរុបប្រមាណ ៣០ពាន់លានរៀល ស្មើនឹង ៧លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះជាសមត្ថភាពមានព្រំដែនកំណត់រៀងៗខ្លួន ប៉ុន្តែចិត្តស្មោះ និងការខិតខំបម្រើប្រជាពលរដ្ឋគ្មានព្រំដែនកំណត់ទេ គ្មានឧបសគ្គណាដែលយើងមិនអាចពុះពារបានឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ