ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តរបស់តារាចំរៀង Rap MC Bull​ ត្រូវចោរលួចចេញពីខណ្ឌដង្កោ យកទៅប្លុងចោល នៅខេត្តកំពង់ស្ពឺ

1 ឆ្នាំ មុន 279 តូ សុផល

រាជធានីភ្នំពេញ​ ៖ រថយន្ត កាម៉ារីប៉ាឡែន មួយគ្រឿង របស់តារាចំរៀង Rap MC Bull ត្រូវបានគេលួចពីម្ដុំបុរីចំការដូង

ហើយព្យាយាមបើកគេចខ្លួន ក្រោយពីដឹងថាមានគេដេញតាម ទើបបើករថយន្តយកទៅប្លុងចោលនៅដីឡូមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ហើយរួចរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍​លួចរថយន្តនេះបានកើតឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃ​ទី០៧ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅមុខបុរីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ​ ហើយត្រូវបានរកឃើញវិញនៅចំណុចដីឡូមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំ​វល្លិ៍ស​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាម៉ោង​០៣:២០នាទីទាបភ្លឺ​ ថ្ងៃដដែលនេះ​។

តាមការរៀបរាប់របស់តារាចម្រៀង Rap MC Bull រាយការណ៍​ប្រាប់វិទ្យុABC អំពីដំណើររឿង ដែល TNN បានដកស្រង់មកថា នៅមុនពេលកើតហេតុ​ វេលាម៉ោងជាង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៨នេះ រូបគាត់​បានបើករថយន្តមួយគ្រឿង​ ម៉ាកកាម៉ារី​ បាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 2AB-3664 មកឈប់ចាំយកប្អូន នៅមុខបុរីចំការដូង ខណ្ឌដង្កោ​ ហើយគាត់បានចូលទៅអង្គុយញាំអីបានមួយសន្ទុះ ប្អូនស្រីរបស់គាត់ក៏បានមកដល់​ ហើយសួរគាត់ថា បង​ ឡានទុកនៅណា? ស្រាប់តែគាត់ភ្ញាក់ព្រើត​ ហើតប្រញ៉ាប់ដកទូរស័ព្ទមកមើលឃើញ សញ្ញាជូនដំណឹងរបស់ប្រព័ន្ធ GPS ដែលគាត់ទើបតែដាក់ភ្ជាប់ជាមួយរថយន្តបានតែមួយថ្ងៃប៉ុណ្ណោះ ដែលសញ្ញាជូនដំណឹងនោះ បានប្រាប់ពីសកម្មភាពរថយន្ត​របស់គាត់ បានបើកចេញទៅដែរ ដោយសារតែគាត់បើកទូរស័ព្ទមកមើលយឺតពេលបន្តិច ព្រោះរថយន្តរបស់គាត់ ត្រូវបានជនសង្ស័យបានបើកចេញពីកន្លែងដែលគាត់ទុករថយន្តបាត់ទៅហើយ ទើបគាត់បើកមើលតាម GPS ដែលលោតបង្ហាញពីទីតាំង​រថយន្តរថយន្តរបស់គាត់ កំពុងបើកទៅតាមផ្លូវវេងស្រេង ពីកើតទៅលិច ទើបគាត់បានទាក់ទងរាយការណ៍ទៅប្រាប់សមត្ថកិច្ច និងប្រាប់ទៅវិទ្យុABC ដើម្បីជួយបោះដៃប្រាប់ពីទីតាំងដែលរថយន្តរបស់គាត់បើកបន្តទៅដល់ណា​ ដើម្បីអោយសមត្ថកិច្ចតាមគោលដៅបានឃើញ​ និងជួយស្ទាក់ឃាត់រថយន្តផង ហើយគាត់ក៏យករថយន្តមួយគ្រឿងផ្សេងទៀត​ ដេញតាមរកតាម GPS នោះដែរ។

ជនរងគ្រោះ​ MC Bull បានប្រាប់ទៀតថា រហូតមកដល់ម៉ោងជាង០៣ទាបភ្លឺ ថ្ងៃដដែលនេះ គាត់បើកមើលឃើញGPS ដែលលោតបង្ហាញពីទីតាំងដែលរថយន្តទៅចំណុចផ្លូវមួយកន្លែងនៅខេត្តកំពង់ស្ពឺ ហើយក៏ឈប់ស្ងៀម ទើបគាត់បើករថយន្ត​ ជាមួយសមត្ថកិច្ចតាមទៅដល់​ចំណុចខាងបង្ហាញប្រាប់តាមGPSនោះ ក៏បានប្រទះឃើញរថយន្តនោះពិតប្រាកដមែន ដែលត្រូវជនមិនស្គាល់អត្តសញ្ញាណ ​ឆ្កឹះ​សោរលួចយកមកហើយបើករត់គេច ប្រហែលជាដឹងដំណឹងថាមានអ្នកដេញតាម ទើបយករថយន្តទៅប្លុងចោល នៅក្នុងបរិវេណដីឡូមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំ​វល្លិ៍ស​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុ​​រថយន្តតារាចម្រៀងរ៉េប MC Bull ត្រូវចោរលួចយកទៅនោះ ត្រូវបានជនរងគ្រោះសហការជាមួយកម្លាំងសមត្ថកិច្ច ធ្វើការស្វែងរកតាមប្រព័ន្ធGPS ឃើញវិញហើយ នៅក្នុងខេត្តកំពង់ស្ពឺ​ ខណៈដែលសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ប្រាប់យើងថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់​នោះទេ ដោយសុំពេល​ធ្វើការបំភ្លឺពីជនរងគ្រោះ និងពិនិត្យមកនៅកន្លែងទុករថយន្តមានកាមេរ៉ាសុវត្ថិភាពឬក៏អត់សិន និងតាមដានស្រាវជ្រាវ​ រកតម្រុយ​បន្ថែមទៀត។ ចំណែករថយន្តត្រូវបានជនរងគ្រោះបើកយកត្រលប់ទៅវិញផងដែរ។

សូមបញ្ជាក់ថា​ ចោរដ៏ជំនាញនេះបានធ្វើសកម្មភាពឆ្កឹះសោរលួចយករថយន្តមកបានសម្រេច ហើយបើករត់គេចចេញមក តែប្រហែលជាដឹងដំណឹងថាមានអ្នកដេញតាម ទើបបើករថយន្តយកទៅប្លុងចោលកន្លែងស្ថាត់ ហើយគេចខ្លួនបាត់ស្រមោលតែម្ដង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ