ព្រឹតិ្តការណ៍ថ្មីៗ

ពិធីចុះកិច្ចសន្យា សហការសាងសង់កំពង់ផែកុងធឺន័រ និងបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម ស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត

3 ខែ មុន 49 តូ សុផល

ភ្នំពេញ៖  រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យា សហការសាងសង់កំពង់ផែកុងធឺន័រ (Container Port) និងបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម រវាងក្រុមហ៊ុន Kampot Port Co.,Ltd និងក្រុមហ៊ុន CRCC harbor & Channel Engineering Bureau Group Co.,Ltd ស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីដ៏មានអត្ថន័យនាពេលនោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានសំដែងនូវមនោសញ្ចេតនា សប្បាយរីករាយ និងស្វាគមន៍ព្រមទាំងអបអរសាទរចំពោះក្រុមហ៊ុន កំពតផត ដែលមានលោកឧកញ៉ា វិញ ហួរ ជាអគ្គនាយក និងក្រុមហ៊ុន CRCC harbor & Channel Engineering Bureau Group Co.,Ltd ដែលមានលោក ជិន ក័រលាំង ជនជាតិចិន ជាអគ្គនាយក បានរួមគ្នាក្នុងការរៀបចំគម្រោងវិនិយោគក្នុងទឹកដីខេត្តកំពត ហើយឯកឧត្តម សង្ឃឹមថា នៅពេលក្រុមហ៊ុនដំណើរការនឹងនាំមកនូវចំណូលថវិកាជូនជាតិ និងការងារសម្រាប់ប្រជាពលរដ្ឋធ្វើ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត។ ឯកឧត្តមបានបន្ថែមទៀតថា ខេត្តកំពតមានកំពង់ផែសមុទ្រចំនួន០៥កន្លែង ក្នុងនោះមាន កំពង់ផែទីរួមខេត្ត, កំពង់ផែគ្រីស្តាល់រ៉ាយស៍ កំពង់ផែប៉ាប៉ាប៉េត្រូលៀម កំពង់ផែទេសចរណ៍ ដែលត្រូវបានសម្ពោធបើកការដ្ឋានកាលពីពេលថ្មីៗកន្លងទៅនេះ ចំណែកកំពង់ផែទី៥ គឺកំពង់ផែកំពតផត ដែលយើងធ្វើពិធីចុះហត្ថលេខានាព្រឹកនេះ រោងចក្រស៊ីម៉ងត៍មានចំនួន០៤កន្លែង (កំពុងដំណើរការ ០៣កន្លែង) រោងចក្រវាយនភណ្ឌកើនឡើងជាលំដាប់ រួមចំណែកក្នុងកិច្ចអភិវឌ្ឍជាតិ។ សមិទ្ធិផលទាំងនេះសុទ្ធសឹងតែបានកើតចេញពីអំណោយផលនៃសន្តិភាព តាមរយៈយុទ្ធសាស្ត្រឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងអាណត្តិថ្មីទី៦នេះ ដែលមានសម្តេចតេជោ ហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជានឹងមានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។

ជាកិច្ចបញ្ចប់នៃពិធី ឯកឧត្តម អភិបាលខេត្ត រួមទាំងឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បានអញ្ជើញធ្វើជាសាក្សីដល់ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Kampot Port Co.,Ltd និងក្រុមហ៊ុន CRCC harbor & Channel Engineering Bureau Group Co.,Ltd យ៉ាងអធិកអធមក្រៃលែង។

សូមជម្រាបថាពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា អគ្គនាយក អគ្គនាយករងក្រុមហ៊ុនកំពតផត លោកអគ្គនាយក អគ្គនាយករង ក្រុមហ៊ុន CRCC harbor & Channel Engineering Bureau Group លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការសាលាខេត្តកំពតសរុប ១៥០នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!