ព្រឹតិ្តការណ៍ថ្មីៗ

យុត្តិធម៌ណាស់? ឃាត់អ្នករត់ម៉ូតឌុប ឈរចាំយកលុយជំនួសប៉ូសីសចរណ៍ គោលដៅស្ពានដែក!

2 ខែ មុន 4391 តូ សុផល

ភ្នំពេញ៖ ដង្កោដែនដីដ៍មានសក្កដានុពល ពិតជាមានរឿងរ៉ាវមិនចេះចប់មែន កាលពីប៉ុន្មានថ្ងៃមុន រឿងកក្រើកករណី លោក នុត ពុធ ដារ៉ា អភិបាលខណ្ឌសុំបន្តមុខតំណែងខ្លួន២ឆ្នាំទៀត ត្រូវនាយករដ្ឋមន្ត្រីបកអាក្រាតមុខមហាជន និង តាមប្រព័ន្ធផ្សព្វផ្សាយនានា។

មិនទាន់ទាំងស្ងាត់រឿងខាងលើផង ស្រាប់តែធ្លាយលិខិតបញ្ជាចេញពីសាលារាជធានីភ្នំពេញ ស្តីពីការឃាត់ខ្លួន ឈ្មោះ គុំ គយ អាយុ ៤១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ដែលឈរចាំយកលុយពី រថយន្តឈ្នួល រថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញ រថយន្តដឹក ដី ថ្ម ខ្សាច់) ទាំងផ្ទុកលើសទម្ងន់ ឬត្រឹមត្រឹមត្រូវក៍ដោយ អោយឆ្លងកាត់គោលដៅចរាចរណ៍ស្ពានដែក ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជុំវិញករណីខាងលើ មហាជនពិតជាមានការងឿងឆ្ងល់ណាស់ថា ត្រឹមតែជាអ្នករត់ម៉ូតូឌុប សោះ ម៉េចបានជាហ៊ានទៅកាក់ឡានគេយកលុយរាល់ថ្ងៃ ទាំងនៅមុខចំណុចគោលដៅដែលមានប៉ូលីសចរាចរណ៍ឈរជើងជាប្រចាំបែបនេះ? ប្រភពបង្ហើបប្រាប់ថា បុរសម៉ូតូឌុបខាងលើ មានសិទ្ធិឈរចាំយកលុយពីរថយន្តឆ្លងកាត់គ្រប់ប្រភេទ ព្រោះដោយមានការអនុញ្ញាតពី លោក គឹម ណារ៉ុម ប្រធានគោលដៅចរាចរណ៍ស្ពានដែក(ស្ពានម័ល) លោក ទន់ រិន នាយរងផ្នែកចរាចរណ៍ប្រចាំគោលដៅ ដោយផ្តល់កំរ៉ៃជូន លោក គុំ គយ មុខរបរម៉ូតូឌុប ក្នុងមួយថ្ងៃ៣០០០០រៀល។ ដោយកន្លងទៅមានការរិះគន់ធ្ងន់ៗជុំវិញប៉ូលិសចរាចរណ៍ ដាក់ដៅ គោលទាំង១២ខណ្ឌ ហ៊ុចដៃយកលុយដោយផ្ទាល់ ទើបមួយរយៈចុងក្រោយនេះ គេប្តូររូបអោយ ជនស្លៀកពាក់ស៊ីវិញឈរយកលុយពីរថយន្តវិញម្តង។ ជាក់ស្តែង នៅទឹកដីខណ្ឌដង្កោ ពេលមានបញ្ហា គេរុញទម្លាក់អោយអ្នកឈរចាំយកលុយឈ្នួលតិចតួចនេះតែម្តង ហើយអ្នកនៅពីក្រោយខ្នង ឬអ្នកទទួលផល គ្មានការដាក់ពិន័យ ឬបញ្ឈរជើងឡើយ រកអ្នកថ្មី (អ្នកចាំយកលុយ) មកជំនួសជាការស្រេច។

ឯកឧត្តម នុត ពុធ ដារ៉ា ប្រាប់ ធី អិន អិន កាលពីថ្ងៃទី ៤ ខែ កក្កដា ២០១៨ តាមរយៈសារអេឡិកត្រូវនិក (whatsapps) យ៉ាងខ្លីថា បានបញ្ជូនទៅអធិការចាត់ការតាមនីតិវិធីរួចហើយ។

ដោយឡែក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ ធី អិន អិន តាមរយៈសារអេឡិកត្រូវនិក (whatsapps)ទាំងស្រពិចស្រពិលថា៖ ខ្ញុំកំពុងអោយបងប្អូនព្រហ្មទណ្ឌបញ្ជាក់អោយច្បាស់នៅភូមិជាប់កន្លែងកើតហេតុ គាត់ធ្វើរឿងហ្នឹងអោយច្បាស់។

គួររំលឹកផងដែថា កាលពីពកន្លងទៅមានការបែកធ្លាយលិខិត រួមទាំងមានស្នាមមេដៃ លាតត្រដាងថា កម្លាំងនគរបាលចរាចរណ៍ក្រុងចំនួន៩០នាក់ ត្រូវបង់លុយជូនមេក្នុង១ខែម្នាក់ៗ១០០ដុល្លារ ចំណែកកម្លាំងនគរបាលចរាចរណ៍ធ្វើការថែមម៉ោង៧០នាក់ ក្នុងម្នាក់ៗត្រូវបង់ឲ្យមេ៥០ដុល្លារក្នុង១ខែ។

ទោះបីព័ត៌មាននេះពិតឬមិនពិតក៏ដោយ លោក ជួន សុវណ្ណ ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះសព្វថ្ងៃនេះសកម្មភាពរបស់នគរបាលចរាចរណ៍រាជធានីភ្នំពេញ ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅ។ ក្នុងនោះប្រហែលមកពីសមត្ថកិច្ចនគរបាលចរាចរណ៍តាមគោលដៅខ្លះ ខំប្រឹងរកលុយទុកបង់ឲ្យមេទើបធ្វើការផាកពិន័យលើប្រជាពលរដ្ឋជាអ្នកបើកបរម៉ូតូ ឬរថយន្តទាំងទទឹងទិសរហូតមានការតវ៉ាយ៉ាងតឹងសរសៃកពីប្រជាពលរដ្ឋ ដែលទទួលរងនូវការផាកពិន័យទៀតផង។

តាមការខ្សឹបប្រាប់ពីម្ចាស់ក្រុមហ៊ុនរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងម្ចាស់រថយន្តក្រុមហ៊ុនដឹកទំនិញ មានទំនាក់ទំនងជាមួយមេៗនគរបាលចរាចរណ៍រាជធានីភ្នំពេញ ទើបអាចបើកបររថយន្តធំៗចូលទីប្រជុំជនបណ្ដាលឲ្យកកស្ទះចរាចរណ៍ជាញឹកញាប់។ លើសនេះទៅទៀតក្រុមហ៊ុនដឹកជញ្ជូនទំនិញខ្លះ ប្រើប្រាស់រថយន្តធំៗចូលរាជធានីភ្នំពេញទាំងកណ្ដាលថ្ងៃដូចជា ក្រុមហ៊ុនដែលមានខ្នងធំៗ ហើយមេៗនគរបាលចរណ៍រាជធានីភ្នំពេញ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ដោយសារតែបញ្ហាផលប្រយោជន៍។ ដោយសារតែអំពើពុករលួយនោះហើយទើបមេៗនគរបាលចរាចរណ៍មានលុយទិញរថយន្តថ្លៃៗ និងទិញផ្ទះតម្លៃរាប់សិបម៉ឺនដុល្លាររស់នៅយ៉ាងសុខស្រួល ក្នុងខណៈដែលនគរបាលចរាចរណ៍តូចតាចខំប្រឹងឈរហាលភ្លៀង ហាលខ្យល់រកលុយឲ្យមេៗដើម្បីចៀសវាងនូវការស្ដីបន្ទោស៕

អង្គភាពយើងស្វាគមន៍ជានិច្ច រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ សូមទំនាក់ទំនង៖ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ