ព្រឹតិ្តការណ៍ថ្មីៗ

“ស្វែងយល់ការពិត”(ពាក្យ៧)

11 ខែ មុន 198 តូ សុផល

(រូបភាពៈ វីរបុរសមីនដែលទទួលរង្វាន់ពិភពលោក)

#ថ្លាថ្លែងតែងតាក់ដាក់ជាថ្មី
ចងកាព្យសម្តីស្តីវាចា
លើកយកកាព្យឃ្លាជាអក្ខរា
អាទិត្យសប្តាហ៍ថ្ងៃសម្រាក។

#ទទួលរូបភាពជ្រាបអារម្មណ៍
សែនឆ្ងល់ម៉្លេះខ្ញុំប្រាកដជាក់
វិលវល់វង្វេងស្តែងអប្បលៈ
អ្នកជួយជាតិស្ម័គ្រជាប់ទោសពៃរ៍។

#ធ្លាប់ហ៊ានលះបង់ផ្ចង់បូជា
ពលីជន្មាមិនខ្លាចក្ស័យ
ក្នុងចម្ការមីនទោះយប់ថ្ងៃ
ក្នុងដែនទឹកដីរាស្ត្រប្រជា។

#ទទួលស្ញប់ស្ញែងពិភពលោក
ប្រទេសរាប់រកជ្រកគ្រប់គ្រា
សកលស្ញប់ស្ញែងស្តែងពណ៌នា
ប្រទេសនានារួមសាទរ។

#រំដោះកម្ចាត់មីនកម្ពុជា
គ្រប់ទីនានាឲ្យប្រែល្អ
ឲ្យបងប្អូនខ្មែរប្រែបន្ត
បង្កកើនផលស្រែចម្ការ។

#ចូលរួបចូលរួមសមរភូមិច្បាំង
ពលីប្រឆាំងខ្លាំងហានក្លា
ឆាកអន្តរជាតិគ្រប់សីមា
ឲ្យឈ្មោះរដ្ឋារឹតល្បាញល្បី។

#ទទួលរង្វាន់ជ័យលាភី
ប្រជាគ្រប់ទីមោទកៈក្រៃ
ពិភពលោកស្គាល់ផ្តល់តម្លៃ
ឲ្យឈ្មោះជាថ្មីអ្នកសង្គ្រោះ។

#ឥឡូវតម្រូវត្រូវជាប់ចោទ
ប្រែជាប់ពិរុទ្ធដៃជាប់ខ្នោះ
លាក់ទុកខុសច្បាប់អាវុធនោះ
បានប្រែប្តូរឈ្មោះជនឧក្រិដ្ឋ។

#អាណិតកុំសប្តូរថាខ្មៅ
កុំខុសថាត្រូវខ្លៅគំនិត
កែច្នៃភស្តុតាងសាងប្រតិដ្ឋ
បំភ្លៃការពិតឥតមេត្តា។

#សូមជួយស្រាវជ្រាវជួយវែកញែក
ប្ញសគល់បំបែកញែកបញ្ហា
ប្រមូលរួមផ្តុំជុំប្រឹក្សា
ក្រែងខុសធម្មតាប្រក្រតី។

#កុំឲ្យដើមចោទប្រែចុងចោទ
កុំឲ្យប្រែឆោតនាំទុក្ខភ័យ
ធ្វើបាបដល់អ្នកមិនដឹងអ្វី
ត្រូវរងទោសពៃរ៍អសារបង់។

#គួរណាស់ប្រែផ្លាស់ផ្តល់តម្លៃ
អ្នកមានស្នាដៃលៃស្រោចស្រង់
កុំចេះហៃអើទង្វើល្ងង់
ប្រយ័ត្នលិចលង់ផុងអន្តរាយ។

#កុំគិតតែជឿពួកអែបអប
រណេបរណបអែបអបកាយ
យកមុខយកមាត់នៅជិតឆ្ងាយ
ប្រយ័ត្នប្រែក្លាយខូចកិច្ចការ។

#ចាក់រុកអេចអូចខូចឆ្កឹះឆ្កៀល
រឿងតូចដាលរាលជាបញ្ហា
ព្រោះតែប្រយោជន៍លាភសក្តា
សង្គមបញ្ហាជ្រួលច្របល់។

#សង្គមវឹកវរប្តូរសខ្មៅ
ឃើញខុសថាត្រូវនាំកង្វល់
រឿងតូចបង្ខូចឲ្យខ្វាយខ្វល់
ឲ្យរាស្ត្រល្ងង់ឆ្ងល់រាល់តែថ្ងៃ។

#ធម្មតាឃ្លោងឃ្លាពាក្យអក្ខរា
តែងចងក្រងថាចារចងន័យ
លើសលស់ប៉ះពាល់សូមអភ័យ
កុំចាប់ទោសពៃរ៍ស្តីផ្ចាញ់ផ្ចាល។

#ហត្ថាប្រណម្យផ្គុំវន្ទា
ជូនពរជយាលោកទ្វេហា
ពុទ្ធពរបវរល្អថ្លៃថ្លា
សុខសានសុខាគ្រប់ទិវា។

#សូមឲ្យឧបទ្រពខ្ចប់បង់បាត់
វិនាសខ្ចាយខ្ចាត់ញាតិគ្រប់គ្នា
តាយាយប្អូនបងពូមីងមា
សូមសុខសាន្តជាគ្រប់គ្រួសារ។

ចប់

ដោយៈ ចៅស្មេរកំណាព្យខ្មែរៈ ដួង អរុណ រង្សី(០២.កញ្ញា.២០១៨) រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!