ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌព្រែកព្នៅ ស្នើឲ្យ ក្រុមហ៊ុនស៊ិនទ្រី បង្កើនការយកចិត្តទុកដាក់ក្នុងការប្រមូល សម្រាមឲ្យបានប្រសើជាងមុន

9 ខែ មុន 56 តូ សុផល

រាជធានីភ្នំពេញ៖   ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៩ខែសីហានេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានស្នើឲ្យ ក្រុមហ៊ុនស៊ិនទ្រី បង្កើនការយកចិត្តទុកដាក់ក្នុងការប្រមូល សម្រាមឲ្យបានប្រសើរជាងមុន ដោយចុះប្រមូលសម្រាមឲ្យបានគ្រប់កន្លែងទៅតាមកិច្ចសន្យារបស់ខ្លួន ព្រោះកន្លងមកនេះការប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រីក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នៅមានឆកល្វែងនៅឡើយ ដែលបណ្ដាល ឲ្យមានការកកស្ទះ ជារឿយៗ ។ 

លោក ភោគ សុខឿនប្រធានការិយាល័យបរិស្ថានខណ្ឌព្រែកព្នៅ បានលើកឡើងថា ពិតណាស់ នៅក្នុងខណ្ឌព្រែកព្នៅ ក្នុង១ខែមានសំរាមប្រមាណ ជាង១ពាន់តោនដែលបានដឹកចេញទៅចាក់នៅរណ្ដៅសម្រាម ក្រៅពីនេះនៅមានសម្រាម១ចំនួនទៀត  ដែលក្រុមហ៊ុនស៊ិនទ្រី មិនបានចូលយកដល់កន្លែង តាមបណ្ដាភូមិ១ចំនួន នៅក្នុង សង្កាត់គោករកា ព្រែកព្នៅ និង សង្កាត់សំរោង ដោយប្រមូលតែតាមផ្លូវក្រៅ ឯផ្លូវក្នុង រថយន្ដប្រមូលសម្រាមមិនបានទៅដល់ឡើយ ហើយផ្ទះទាំងនោះសុទ្ធតែមាន វិក័យបត្រថ្លៃសម្រាម ។ 

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ លោក ស្រេង ម៉ៅ  ប្រធានផ្នែកសំអាត ក្រុមហ៊ុនស៊ិនទ្រី ប្រចាំការនៅខណ្ឌព្រែកព្នៅបានលើកឡើង ថាក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បច្ចុប្បន្ននេះ ស៊ិន ទ្រី មិនទាន់មានវិសាលភាពគ្របដណ្ដប់ទូទាំង ខណ្ឌនៅឡើយ ពិសេសគឺតំបន់ដែលពុំទាន់មានផ្លូវបេតុង ។ នៅជំហានដំបូង ក្នុងខណ្ឌព្រែកព្នៅមានតែរថយន្ដ ២គ្រឿងប៉ុណ្ណោះដែលចុះប្រមូលសម្រាមជាប្រចាំ  តែដោយសារសម្រាមមិនអាចប្រមូលអស់ ក្រុមហ៊ុនបាន ដាក់រថយន្ដ១គ្រឿង បន្ថែមទៀត។ រថយន្ដ៣គ្រឿងនេះជញ្ជូន ១ថ្ងៃ ២ជើងនៅតែពុំគ្របគ្រាន់  ដោយកំណើនលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅសង្កាត់គោករការមានការកើនឡើងខ្ពស់ ក្រុមហ៊ុនគ្រោងបន្ថែមរថយន្ដ១គ្រឿងទៀត ដើម្បីឆ្លើតតប តាមតម្រូវការជាក់ស្ដែង។លោក បានបញ្ជាក់ថា នៅខណ្ឌព្រែកព្នៅ គឺអាចកំណត់ថ្ងៃ ប្រមូលសម្រាមបាន តែមិនអាចកំណត់ម៉ោងឲ្យច្បាស់លាស់បានទេ។

លោក សុខ សម្បត្តិ  ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅមានប្រសាសន៍ថា សម្រាមគឺជាបញ្ហាកៅ្ដ១ ដែលរដ្ឋបាលខណ្ឌព្រែកព្នៅតែងបានយកចិត្តទុកដាក់បំផុត ព្រោះវាមិនត្រឹមតែធ្វើឲ្យបាត់បង់សោភ័ណភាព មូលដ្ឋាន និង កិត្តិយសរបស់យើងប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន អនាម័យ និងសុខភាពរបស់យើងថែមទៀតផង។

ដូចនេះហើយបានជាកន្លងមក រដ្ឋបាល ខណ្ឌព្រែកព្នៅបានអនុវត្តការងារសម្អាតបរិស្ថានអនាម័យនេះ ជាប្រចាំ ដោយប្រើប្រាស់កម្លាំង ចម្រុះរបស់ខណ្ឌ សហការជាមួយមន្ទីរសាធារណៈការរាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ចុះធ្វើពលកម្មសំអាត តាមដងផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ   នៅ ទីសាធារណៈ១ចំនួន និង ចុះប្រមូលសម្រាមកៀដី និង បាញ់ទឹកលាង ថ្នល់ និង ស្ពាន នៅតំបន់ស្ពានព្រែកព្នៅ ផងដែរ  ដើម្បីធ្វើឲ្យមូលដ្ឋាន មានសោភណ័ភាព និងបរស្ថានល្អ។  

 ក្នុងឱកាសនោះលោក សុខ សម្បត្តិ បានណែនាំ ឲ្យក្រុមហ៊ុនស៊ិនទ្រីត្រូវបង្កើនការដឹកជញ្ជូន និងកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ងាយស្រួលក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋ  ដើម្បីឲ្យពួកគាត់ចេញសម្រាមនៅពេលឡានមកដល់មិនពិបាកទុកសម្រាមចោលយូរនិង សូមឲ្យសម្រួលលើមធ្យោបាយដឹកជញ្ជូន ដោយកុំឲ្យមានការលេចទឹកពីឡាន សម្រាម ជះក្លឹនមិនល្អធ្វើឲ្យខូចបរិស្ថាន ។ លោកបានបញ្ជាក់ទៅតំណាងក្រុមហ៊ុនស៊ិនទ្រីថា ការប្រមូលសម្រាមនេះ បើយឺតយ៉ាវម្ដងម្កាលមិនអីទេ តែបើញឹកញាប់ រដ្ឋបាលខណ្ឌនឹងធ្វើរបាយការណ៍ ទៅសាលារាជធានីភ្នំពេញដើម្បីមានវិធានការ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!