ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចនាយករដ្ឋមន្ត្រី​ ស្តីបន្ទោសចៅហ្វាយខណ្ឌដង្កោ ” អានេះវាឡប់ស្អី​ ផ្ញើសារមកទាំងយប់អាធ្រាត្រ ចង់នៅបន្ត២ឆ្នាំទៀត… អាណាចង់ដកហ្អែង…!!!

2 ខែ មុន 3301 តូ សុផល

ភ្នំពេញ​ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្តីបន្ទោសខ្លាំងៗទៅលោក នុត ពុតដារា ចៅហ្វាយខណ្ឌដង្កោ ដែលបានផ្ញើរសារទៅសម្តេចទាំងយប់ ដោយសុំបន្តដំណែងនៅកន្លែងដដែល២ឆ្នាំទៀត នៅគ្រសដែលសម្តេចមិនបានដឹងផងនោះ។

សម្តេចតេជោបានមានប្រសាសន៍ថា ៖ ឯណា នុត ពុតដារ៉ា? រួចចុះហ្អែងឡប់ស្អី? ទាំងយប់ហ្នឹង…! បានបង្ខំអញត្រូវវ៉ៃម៉ោទាំងយប់នៀក? ផ្ញើសារមកឯងទាំងយប់អាធ្រាត្រម៉ោង១១យប់ហើយ ចង់នៅបន្ត២ឆ្នាំទៀត…!!! អាណាចង់ដកហ្អែង…!!! បើអញមិនដឹងផង អាណាចង់ដកហ្អែង…!!! ស្ថិតនៅក្រោមក្រសួងមហាផ្ទៃមែន តែការតែងតាំងក៏ត្រូវឆ្លងអញដែរ..!!! បើប្រាប់ពេលនេះមិនទាន់បាន ចាំផ្ញើសារប្រាប់អញពេលក្រោយក៏បាន…!!។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសលោក នុត ពុតដារា អភិបាលខណ្ឌដង្កោ បែបនេះនៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ នៅគ្រាដែលសម្តេច បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៤,៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពេលអញ្ជើញមកដល់ទីវាលជួបជុំកម្មករ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតពីសំណាក់បងប្អូនកូនក្មួយកម្មករកម្មការិនី តាមរយៈសុំចាប់ឱបដៃ,ឱបថើបថ្ពាល់,និងថតសែលហ្វីប្រកបដោយទឹកមុខញញឹមក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានអារម្មណ៍រីករាយ និងកក់ក្តៅបំផុតចំពោះទឹកចិត្តគោរពស្រឡាញ់សម្តេចប្រៀបដូចជាឪពុក, ជាពូ, និងជាអុំរស់នៅដូចជាក្រុមគ្រួសារតែមួយ។

សម្តេចតេជោ ហ៊ុន សែន សន្យានឹងបន្តចុះជួបបងប្អូន កូនក្មួយកម្មករកម្មការនីនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីសុខទុក្ខផ្ទាល់, ល័ក្ខខ័ណ្ឌការងារ, ទំនាក់ទំនងរវាងកម្មករ និយោជិត និងនិយោជិក ព្រមទាំងសំណូមពរនានាដើម្បីដោះស្រាយជួយកម្មករអោយទទួលបាននូវលក្ខខណ្ឌការងារកាន់តែល្អប្រសើរនិងអត្ថប្រយោជន៍ជាច្រើនថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ