ព្រឹតិ្តការណ៍ថ្មីៗ

លោក ជា ពីសី បន្តបណ្តោយអោយទីតាំងចាក់បាល់ និងល្បែងស៊ីសងគ្រប់ប្រភេទដំណើរការយ៉ាងរលូន

2 ខែ មុន 1445 តូ សុផល

ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ប្រាប់ឲ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បច្ចុប្បន្ន ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា៖ ល្បែងភ្នាល់បាល់ ហ្គេមអនឡាញ២៤ម៉ោង ហ្គេមបាញ់ត្រី(ដែលមានការជួញដូរ ចែកចាយថ្នាំញៀន) និងឆ្នោតវៀតណាមច្រើនកន្លែងតាមបណ្តាផ្សារ និងទីប្រជុំជនមួយចំនួន បាន និងកំពុងបើកដំណើរការយ៉ាងរលូន មិនសូវឃើញមានអ្នកបង្រ្កាបទាល់តែសោះ។

ជាពិសេស ទីតាំងចាក់បាល់ ជ្រកក្រោមស្លាកហាងការហ្វេ (ដែលបានរុះស្លាកយីហោអស់)ដើម្បីបំភ័ន្ធភ្នែកមហាជន ដែលមានទីតាំងផ្លូវជាតិលេខ៥ ភូមិទី៨ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (បញ្ជាក់ ទល់មុខមណ្ឌុលសុខភាពគីឡូ៩)។

ប្រភពដដែលបន្តថា ទីតាំងនេះ បើកភ្នាល់រាល់ថ្ងៃគ្មានខ្លាចញញឺតសមត្ថកិច្ច ឬអាជ្ញាធរឡើយ ត្រូវបានគេដាក់ការសង្ស័យថា បានបង់លុយជាលាភសក្ការៈជាថ្នូរមិនបង្ក្រាប។

ភាពរីកចំរើននៃបទល្បែងស៊ីសង គ្រប់បណ្តាសង្កាត់ ក្នុងខណ្ឌប្ញស្សីកែវ ផ្គើននឹងបទបញ្ជាសាលារាជធានីភ្នំពេញ ផ្ទុយនឹងគោលនយោបាយភូមិ-សង្កាត់ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

លើសពីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ចេញសេចក្តីណែនាំឲ្យមន្ត្រី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ភ្នាល់អនឡាញ ល្បែង អ៊ីនធើណេត២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងបញ្ជល់មាន់ ល្បែងភា្នល់ ភ្នាល់ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ជាចុងក្រោយ ប្រជាពលរដ្ឋសំណូមពរទៅដល់ លោក ជា ពិសី ដែលជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និង លោក ទៀង ចន្ទសារ ដែលជាអធិការនគរបាលខណ្ឌប្ញស្សីកែវ មេត្តាមានវិធានខ្លះផង ចំពោះបនល្បែងស៊ីសង ដែលកំពុងរីកសាយភាយពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួនផងនោះ៕

TNN សូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធចំពោះការលើកឡើងខាងលើ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។ ទំនាក់ទំនង៖ 0974444174 / 0963899997 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ