ព្រឹតិ្តការណ៍ថ្មីៗ

គម្រោងចិញ្ចឹមកូនជ្រូកពូជក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរទទួលបានការសាទរពីប្រជាសហគមន៍

2 ខែ មុន 51 តូ សុផល

ខេត្តមណ្ឌលគិរី ៖ ដូចការរំពឹងទុក គឺការចិញ្ចឹមកូនជ្រូកពូជជនជាតិ ឬហៅជាសាមញ្ញថា ជ្រូកកណ្ដុរ ដែលបានចាប់ផ្ដើមរៀបចំបង្កើតជាកសិដ្ឋានឡើងនៅដើមខែឧសភា ឆ្នាំ២០១៨នេះ ទទួលបានជោគជ័យជាជំហានដំបូងរួចរាល់ហើយ ៗគ្រោងនឹងឈានទៅសម្រេចបានតាមផែនការកំណត់របស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដោយផ្ដោតសំខាន់ទៅលើការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការចិញ្ចឹមជ្រូកដោយផ្ដល់ចំណីតាមបែបធម្មជាតិ និងការថែទាំដោយមន្រ្តីឧទ្យានុរក្ស។

លោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងថា ​គម្រោងចិញ្ចឹមកូនជ្រូកពូជជនជាតិ ឬជ្រូកកណ្ដុរ ដែលអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន​ បានផ្ដួចផ្ដើមគំនិត​រៀបចំ​ឱ្យ​មន្ត្រី​បរិស្ថាន​និង​ឧ​ទ្យា​នុ​រក្ស​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នោះ ​គឺ​ទទួលបាន​ជោគជ័យជា​ជំ​ហានទី​មួយហើយ ដោយ​បានដាក់​កូនជ្រូក​ចំនួន​៥៤​ក្បាល ក្នុងនោះមានជ្រូកឈ្មោលចំនួន០​៥​ក្បាល នៅលើ​ផ្ទៃដី​ព័ទ្ធ​របងលួស​ទំហំ​ប្រមាណ០៣​ហិកតា​។ លោកបានថ្លែងថា «ខ្ញុំពិតជារីករាយចំពោះគម្រោងចិញ្ចឹមជ្រូកពូជនេះ ហើយមន្រ្ដីឧទ្យានុរក្សក៏បានប្តេជ្ញាចូលរួមអនុវត្តន៍គម្រោងនេះឱ្យបានជោគជ័យសំដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស​ ជាពិសេសការជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាសហគមន៍រស់នៅក្នុងតំបន់នោះផងដែរ»។

​លោកនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានឲ្យដឹងទៀតថា​ ជាមួយនឹងការចិញ្ចឹកជ្រូកពូជនេះ នាពេលឆាប់ៗ​ខាងមុខនេះ​ ឯកឧត្ដម ​ខៀវ​ បូ​រិ​ន អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ នឹងផ្តល់​ពូជ​មាន់​មួយចំនួនបន្ថែមទៀត​ដល់​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ណា​ម​លៀរ​ដើម្បីជួយ​លើកស្ទួយ​កម្រិតជីវភាព​សហគម​ន៍ ក៏ជាការ​ជួយ​លើកស្ទួយ​កម្រិតជីវភាព​មន្ត្រី​ឧទ្យានុរក្សដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​ផងដែរ។ លោកបានបញ្ជាក់ថា ពូជ​កូនជ្រូក​ជនជាតិដើម​ទាំងអស់​ គឺស្វែងរក​ទិញ​ពី​ជនជាតិដើមភាគតិច ដើម្បី​ដាក់​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ភ្នំ​ណា​ម​លៀរ តាម​គម្រោង​របស់​ក្រសួងបរិស្ថាន​ ហើយក្នុង១ថ្ងៃមន្រ្តីឧទ្យានុរក្សបានដាក់ចំណី៣ដង។ ជាការឆ្លើយតបរបស់ប្រជា​សហគមន៍​ជនជាតិភាគតិច​ព្នង បានសម្ដែងនូវការគាំទ្រ​ដំណើរការ​នៃ​គម្រោង​ចិញ្ចឹម​ជ្រូកជនជាតិដើម ឬជ្រូកកណ្ដុរនេះនៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ។

លោក កែវ សុភ​គ៌​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា យើង​បានជ្រើសរើសទីតាំងខាងក្រោយ​ស្នាក់ការ​ដែន​ជម្រកនៅលើ​ទំហំ​ផ្ទៃដីទំហំ ០​៣​ហិកតា​ ដើម្បី​ធ្វើ​កសិដ្ឋាន​ ហើយមន្រ្តីឧ​ទ្យា​នុ​រក្ស​បាន​ក្រីរុក្ខជាតិ​តូចៗ​ចេញ ដើម្បី​ឲ្យ​ជ្រូក​ងាយ​ដើរ និងបាន​ដាំដំណាំចេក​ព្រៃ​ទុកជា​ចំណី​ដោយហ៊ុមព័ទ្ធផ្ទៃដី​ទាំងអស់​​កុំ​ឲ្យ​វាចេញរួច​។ លោកសម្ដែងនូវសុទិដ្ឋិនិយមថា គម្រោងនេះ​នឹងជួយ​ដល់​កម្រិតជីវភាពរបស់​មន្ត្រី​ឧ​ទ្យានុ​រក្ស​ និងសហគមន៍តំបន់ការពារធម្មជាតិ ហើយ​​នឹងចែក​ជូន​ដល់​សហគមន៍ ដោយបង្ហាត់បង្រៀន​ពួកគាត់​ពី​បច្ចេកទេសនៃ​ការចិញ្ចឹមទៀតផង​។​ លោកបញ្ជាក់ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះដែរ​ នឹងជួយ​រួមចំណែក​ស្វែងរក​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ផងដែរប្រសិន​បាន​ជោគជ័យ​។

គួររម្លឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចុះមកពិនិត្យ និងសិក្សាលទ្ធភាពជ្រើសរើសទីតាំងផលិតកូនជ្រូកពូជជនជាតិភាគតិច នៅស្នាក់ការអភិរក្សនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែលស្ថិតក្នុងស្រុកពេជ្រា​ដា​ ​ខេត្តមណ្ឌលគិរី​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ