ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលីសអន្តោប្រវេសន៍ចុះបង្ក្រាប​ ជនជាតិចិន​និងចិនតៃវ៉ាន់១៨នាក់ ពាក់ព័ន្ធជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត បញ្ជូនខ្លួនមក រាជធានីភ្នំពេញទាំងយប់​!

6 ខែ មុន 70 តូ សុផល

ខេត្តព្រះសីហនុ ​៖ ជនជាតិចិន និងចិនតៃវ៉ាន់ ចំនួន១៨នាក់ ដែលធ្វើសកម្មភាពជំរិតទារប្រាក់តាមអ៊ីនធឺណិត នៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវ និងបង្ក្រាបបាន។

ក្រុមប្រតិបត្តិការស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើការឆែកឆេរទីតាំងវីឡាគ្មានលេខមួយកន្លែងស្ថិតនៅក្រុម​ទី៤៤ ភូមិទី៥ ផ្លូវលេខ៨១០ ក្រុងពះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង០១៖៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ជនជាតិចិនចំនួន១៨នាក់ ពាក់ព័ន្ធជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ​(VOIP)​។

លោកឧត្តមសេនីយ៍ឯក​ អ៊ុក​ ហៃសីឡា​ ប្រធាននាយកដ្ឋាន​នៅរសៀលថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា​ ក្រុមប្រតិបត្តិការនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឃុន​ សំបូរ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ សុខ​ ផល​ សហការជាមួយនគរបាលខេត្ត ជា​លទ្ធផលដោយ​បង្ក្រាបជនជាតិចិនបានចំនួន​១៨នាក់ប្រុស (ក្នុងនោះចិនតៃវ៉ាន់២នាក់), ឡេបថប៣៥គ្រឿង, ទូរស័ព្ទដៃ​៤៤​គ្រឿង,លិខិតឆ្លងដែនចំនួន​១៣ក្បាល។

លោកឧត្តមសេនីយ៍បានបន្តថា​ ជនជាតិចិនទាំង១៨នាក់ខាងលើ​ ត្រូវបានកម្លាំងមានសមត្ថកិច្ចដឹកនាំខ្លួនមក រាជធានីភ្នំពេញទាំងយប់​ ដើម្បីយកមកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​បន្តនីតិវិធី​​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!