ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទៀតឆ្លៀតសែនក្បាលទឹក​! ស្ត្រីម្នាក់ជិះម៉ូតូជាមួយប្ដីនិងកូនស្រី២នាក់​ ត្រូវចោរឆក់ខ្សែក​ បានសម្រេច​ រួចជិះគេចខ្លួនបាត់ នៅខណ្ឌចំការមន!

3 សប្តាហ៍ មុន 61 តូ សុផល

រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃហើយដែលមានករណីចោរឆក់ ស្ទើគ្រប់ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញនេះ ជាក់ស្ដែងមុននេះជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែក ពីស្ដ្រីម្នាក់ដែលកំពុងជិះម៉ូតូជាមួយប្ដីនិងកូនស្រី២នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព​ ហើយបុរសជាប្ដីបានព្យាយាមបន្ថែមល្បឿនដេញតាម ក៏ជ្រុលទៅប៉ះរថយន្ត Lexus មួយគ្រឿង​បណ្ដាលឲ្យដួលរងរបួសស្រាលទាំង៤នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលបីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសម្ដីរបស់ស្ដ្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1CE-5956 ជាមួយប្ដីនិងកូនស្រី២នាក់ ធ្វើដំណើរតាមផ្លូវ១៧៣ ទិសដៅពីត្បូងទៅជើង​ ដោយមិនដឹងថាមានជនសង្ស័យតាមគាត់មកពីណាទេ​ ចុះមកដល់ចំណុចស្តុបស្ថានទូតចិន​ កែងផ្លូវម៉ៅសេទុង ស្រាប់តែមានជនសង្ស័យ២នាក់​ ជិះម៉ូតូ Honda Dream មិនចាំស្លាកលេខ​ម្នាក់មួយគ្រឿង មកអែបក្បែរហើយធ្វើសកម្មភាពឆក់ខ្សែករបស់គាត់ បានសម្រេច ដោយមានជនសង្ស័យម្នាក់ទៀតជិះម៉ូតូ Honda Dream មិនចាំស្លាកលេខ​មួយគ្រឿងទៀត មកអែបបិទគូទ រួចបន្ថែមល្បឿនជិះគេចខ្លួនបាត់ដោយសុវត្ថិភាព​ ទើបគាត់ស្រែក ចោរៗ ធ្វើឲ្យប្ដីរបស់គាត់បន្ថែមល្បឿនព្យាយមដេញតាម តែក៏ជ្រុលទៅប៉ះរថយន្ត Lexus RX300 មួយគ្រឿងបណ្ដាលឲ្យដួលរងរបួសស្រាលទាំង៤នាក់ ហើយជនសង្ស័យក៏បានជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ភ្លាមនោះគាត់ក៏បានសុំទោសម្ចាស់រថយន្ត​ ដោយប្រាប់ថា​ នេះ​អចេតនា​ទេ ដោយសារតែគាត់ព្យយាមជិះដេញតាមចោរឆក់ខ្សែករបស់គាត់​ ទើបជិះទៅប៉ះរថយន្តដូច្នេះ ដោយសារតែភាពយោគយល់និងអាណិតផងនោះ ម្ចាស់រថយន្តក៏បានឆ្លើយថា​ មិនអីទេ​ លើកក្រោយ​ជិះប្រយ័ត្នប្រយែង​ផង រួចបើករថយន្តបន្តទៅមុខបាត់ទៅ។

ស្ដ្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ បានរៀបរាប់​ប្រាប់អោយដឹងថា ខ្សែកដែលចោរឆក់យកទៅបាត់នោះមានតម្លៃជាង២៥០$ តែដោយសារតែកូនៗរបួសនិងភ័យផង គាត់ក៏មិនបានទៅប្ដឹងអីដែរ​ ។

ក្រោយពេលកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចចុះមកជួយអន្ដរាគមន៍នៅកន្លែងកើតុហេតុនិងនាំស្ដ្រីរងគ្រោះទៅដាក់ពាក់បណ្ដឹងដែរ តែស្ដ្រីរងគ្រោះមិនព្រមទៅទេ​ ក៏បានបន្តដំណើរជាមួយប្ដីនិងកូនៗ ត្រលប់ទៅផ្ទះវិញទាំងទឹកមុខអស់សង្ឃឹមបំផុត ។

សូមបញ្ជាក់ថាជារៀង​រាល់រាត្រីគេតែងឃើញវត្តមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលទំនប់ទឹក ប្រចាំការនៅជិតកន្លែងកើតហេតុនេះដែរ តែយប់ថ្ងៃសែនក្បាលទឹកនេះ​ សោកស្ដាយ​ដែលមិនឃើញសមត្ថកិច្ចចេញល្បាត និងត្រៀមលក្ខណៈអន្តរាគមន៍បង្ក្រាបទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានឡើយ ទើបធ្វើអោយក្រុមចោរធ្វើសកម្មភាពបានសម្រេចបែបនេះ បើនៅច្បាស់ជាមិនគេចខ្លួនងាយៗដូច្នេះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ