ព្រឹតិ្តការណ៍ថ្មីៗ

ចូលរួមទាំងអស់គ្នា សូមកុំបរិភោគសាច់សត្វព្រៃជាអាហារ!

2 ខែ មុន 58 តូ សុផល

ខេត្តមណ្ឌលគិរី ៖ វីដេអូខឃ្លីបដែលមានរយៈពេលប្រមាណជា៤០នាទី ស្ដីពីការការពារនិងអភិរក្សសត្វព្រៃ ត្រូវបានចាក់បញ្ចាំងជាកុនខ្នាតតូចក្នុងគោលបំណងអប់រំ និងផ្សព្វផ្សាយ ជូនដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅ សំដៅលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍សត្វព្រៃក្នុងវិស័យទេសចរណ៍ និងក្នុងប្រព័ន្ធអេកូឡូស៊ីដែលមិនអាចខ្វះបានសម្រាប់មនុស្សជាតិ។ នេះបើតាមការឲ្យដឹងពី កញ្ញា អ៊ុន ចន្ធី អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

ការចាក់បញ្ចាំងជាវីដេអូឃ្លីបស្ដីពីការអប់រំ និងផ្សព្វផ្សាយចំណេះបរិស្ថាននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការគាំទ្រពីអង្គការ WWF និងអាជ្ញាធរមូលដ្ឋាន ហើយមានអ្នកចូលរួមទស្សនាប្រមាណជា៧០នាក់។

កញ្ញា អ៊ុន ចន្ធី បានឲ្យដឹងទៀតថា ដោយមានការគាំទ្រពីអង្គការ WWF និងការចង្អុលបង្ហាញពីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ទើបក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្ត បានបង្កើតជាវីដេអូឃ្លីបនេះឡើងដើម្បីយកមកចាក់បញ្ចាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិស្រែហ៊ុយ ឲ្យបានយល់ដឹងអំពីអត្ថប្រយោជន៍សត្វព្រៃ និងការបញ្ឈប់សកម្មភាពបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃ ការបំពុល ព្រមទាំងការបញ្ឈប់បរិភោគសាច់សត្វព្រៃជាអាហារជាដើម។ កញ្ញា អ៊ុន ចន្ធី បានបន្តឲ្យដឹងទៀតថា អ្នកទស្សនាវីដេអូឃ្លីបនេះបានចូលរួមឆ្លើយសំណួរយ៉ាងផុលផុសស្ដីពីការយល់ដឹងទៅលើអត្ថប្រយោជន៍សត្វព្រៃ និងការឡើងបរិយាយអំពីប្រវត្តិនៃការបាត់បង់សត្វព្រៃ ព្រមទាំងកត្តាប្រឈមរបស់សត្វព្រៃនាពេលបច្ចុប្បន្ន។

កញ្ញា អ៊ុន ចន្ធី បានឲ្យដឹងទៀតថា នាព្រឹកបន្ទាប់គឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារបានបន្តការរៀបចំអប់រំ និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍សត្វព្រៃជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាស្រែហ៊ុយ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក។ កញ្ញាបានឲ្យដឹងថា យើងបានបំផុសគំនិតសិស្សានុសិស្សឲ្យបានយល់ដឹងអំពីអត្ថប្រយោជន៍សត្វព្រៃ ការបង្ហាញប្រភេទសត្វព្រៃ និងការផាត់ពណ៌រូបភាពជាតំណាងនៃការស្រលាញ់សត្វព្រៃជាដើម។ ជាលទ្ធផល គឺសិស្សានុសិស្សទទួលបាននូវការចងចាំអំពីប្រវត្តិសត្វព្រៃជាច្រើនប្រភេទដែលក្រុមការងារបានបង្ហាញ ដែលកត្តាទាំងនេះបានបង្ហាញឲ្យឃើញថា ការបាត់បង់សត្វព្រៃ គឺជាការបាត់បង់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏សំខាន់ ព្រមទាំងការបាត់បង់នូវភ្ញៀវទេសចរដែលចង់មកទស្សនាប្រភេទសត្វព្រៃដ៏កម្រនិងជិតផុតពូជនៅលើភពផែនដីនេះ។ កញ្ញា អ៊ុន ចន្ធី បានសង្កត់ធ្ងន់ថា ទិសដៅរបស់ក្រុមការងារ នឹងបន្តការងារអប់រំ និងផ្សព្វផ្សាយនេះទៅកាន់គោលដៅនៃភូមិមួយចំនួនទៀតនៅក្នុងខេត្តមណ្ឌលគិរី ដែលទទួលរងនូវការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ ដើម្បីរួមចំណែកការពារនិងអភិរក្សសត្វព្រៃដែលនៅសេសសល់នាពេលបច្ចុប្បន្ននេះបន្តទៀត។ កញ្ញា អ៊ុន ចន្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំបរិភោគសាច់សត្វព្រៃជាអាហារ និងសូមចូលរួមការពារសត្វព្រៃទាំងអស់គ្នា។

គួររម្លឹកថា បច្ចុប្បន្នសត្វព្រៃប្រភេទមានដោយកម្រ និងជិតផុតពូជ បានបាត់បង់គួរឲ្យកត់សម្គាល់ ដោយសារការបរបាញ់ និងការដាក់អន្ទាក់ពីសំណាក់ព្រានព្រៃ។ កត្តាប្រឈមនៃការបាត់បង់សត្វព្រៃនេះ មន្រ្តីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដើរល្បាតដើម្បីដោះអន្ទាក់ និងទប់ស្កាត់ការបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ