ព្រឹតិ្តការណ៍ថ្មីៗ

អតីតគ្រូសាលាបាក់ទូកទសវត្សរ៍៨០ម្នាក់ រំភើបជាមួយទឹកចិត្តសិស្សចាស់របស់ខ្លួន!

2 ខែ មុន 73 តូ សុផល
ភ្នំពេញ៖ សិស្សចាស់ៗ នៃសាលាបាក់ទូក ក្នុងរាជធានីភ្នំពេញជាច្រើនអាចនឹងធ្លាប់បានស្គាល់លោកគ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០
គឺលោកគ្រូ ជា សែ ជាក់ជាមិនខាន ដែលលោកគ្រូបានចូលនិវត្តន៍យូរឆ្នាំទៅហើយ ស្រាប់តែនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ លោកគ្រូ ជា សែ បានចូលសម្រាកមន្ទីរពេទ្យ ព្រោះសុខភាពមិនសូវល្អ ដោយលោកគ្រូមានជម្ងឺហើមសួតផង លើសឈាមផង និង ទឹកនោមផ្អែមផង។

មិនគាប់ជួនទេ ព្រោះតែមនោសញ្ចេតនានិងគុណធម៌ អតីតសិស្សសាលាបាក់ទូកនាទស្សវត្សទី៨០មួយក្រុម ដែលបានចងក្រងគ្នាឡើងតាមប្រព័ន្ធWhatsApp ក្រោមការផ្តួចផ្តើមគំនិតរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពេលបានឮដណឹងពីការចូលសម្រាក មន្ទីរពេទ្យរបស់លោកគ្រូ ជា សែ ក៏បានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន សរុបបានចំនួន ៤,៥០០ដុល្លារ នាំយកទៅសួរសុខទុក្ខនិងប្រគល់ជូន លោកគ្រូ នៅឯមន្ទីរកាល់ម៉ែត នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ព្រមជាមួយវត្តមានអតីតលោកគ្រូអ្នកគ្រូសាលាបាក់ទូក និងលោកនាយកសាលាបាក់ទូកបច្ចុប្បន្នគឺ លោក តូច កន្តាល់ ក៏បានទៅចូលរួមផងដែរ ហើយលោកនាយក តូច កន្តាល់ បានចូលរួមថវិកាបន្ថែម ជូនដល់លោកគ្រូ ជា សែ ចំនួន១០ ម៉ឺនរៀលទៀតផង។ ក្នុងឱកាសនៃការសួរសុខទុក្ខលោកគ្រូ ជា សែ មិត្តសាលាបាក់ទូកនាទសវត្សរ៍ទី៨០មួយក្រុមនេះ ក៏បានចូលរួមគ្នា ចែករំលែកធនធានជូនដល់ លោកយាយម្នាក់ ដែលធ្វើដំណើរតាំងពីខេត្តកោះកុង មកសម្រាកព្យាបាលនិងលាងឈាម នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣៧០ដុល្លារ តាមសទ្ធារៀងៗខ្លួនដោយក្តីជ្រះថ្លាផងដែរ។

ព្រះពុទ្ធប្រោសសត្វតាមឧបនិស្ស័យ ពួកយើងប្រុសស្រីជួយគ្នាតាមសទ្ធា! នេះមិនដឹងជាលើកទីប៉ុន្មានទេ ក្នុងពេលជាង មួយឆ្នាំមកហើយ ដែលក្រុមអតីតមិត្តរួមជំនាន់នៃសិស្សសាលាបាក់ទូក នាទសវត្សរ៍៨០មួយក្រុមនេះបង្កើតឡើង និងបានរួមគ្នាចែករំលែកធនធាន សរុបជាទឹកប្រាក់ប្រមាណលើស ១០ម៉ឺនដុល្លារ ជួយដល់មិត្តជួបការលំបាកក៏ដូចជា ជួយដល់អតីតលោកគ្រូអ្នកគ្រូ ស្របតាមពាក្យស្លោក ដែលក្រុមពួកគេបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕
https://www.facebook.com/tnn.com.kh/videos/2222268374469319/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ