ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលអំណោយ អង្ករ ៧០តោន សារុង ២ពាន់ អាវ ១០ម៉ឺន និងថវិកា ៥ម៉ឺនដុល្លារ ពីសប្បុរសជន សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ …!!

2 ខែ មុន 71 តូ សុផល

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ នេះលោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជា អង្ករចំនួន ៧០តោន, សារុងចំនួន ២ពាន់, អាវចំនួន ១០ម៉ឺន និងថវិកាចំនួន ៥ម៉ឺនដុល្លារ ពីសប្បុរសជន សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។

ធនធានដែលសប្បុរសជនបានបរិច្ចាគនាពេលនេះរួមមាន ៖
១/ អាវចំនួន ១០០.០០០អាវ ស្មើនឹងថវិកា ៣០០.០០០ដុល្លារ (សាមសិបម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន យូ អាយ ស៊ី (UIC Apperel manufacturing Co.,LTD) ដែលដឹកនាំដោយ លោក លីន ជែមជីង (Mr. Lin James Ching) អគ្គនាយកក្រុមហ៊ុន។
២/ អង្ករចំនួន ២០តោន (ម្ភៃតោន) ពីក្រុមហ៊ុនអេមរុ រ៉ាយស៍ ខេមបូឌា (AMRU RICE CAMBODIA) ដែលដឹកនាំដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
៣/ អង្ករចំនួន ៥០តោន (ហាសិបតោន) និងសារុងចំនួន ២.០០០ (ពីរពាន់សារុង) ពី លោកជំទាវ សុខ កែវ ច័ន្ទសារុន និងក្រុមគ្រួសារ។
៤/ ថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) ដែលដឹកនាំដោយ លោក រ៉ូឡេនដ៏ បាឡា (Mr. Roland Bala) អគ្គនាយកក្រុមហ៊ុន។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបាននាំយក ថវិកា ស្បៀង និងសម្ភារ មកចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានា។ ជាមួយនឹងការថ្លែងជម្រាបជូនពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា លោកជំទាវអនុប្រធាន បានកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ប្រកបដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ហើយក្នុងនាម កាកបាទក្រហមកម្ពុជា ជាអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌បាននាំយកស្បៀង សម្ភារ និងថវិកា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងពេលថ្មីៗនេះ បានជាង ១៦.០០០គ្រួសារ ដើម្បីជួយសម្រាលការលំបាកដល់គ្រួសាររងគ្រោះទាំងនោះ។

ជាកិច្ចឆ្លើយតប សប្បុរសជនទាំងអស់ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ។ ទន្ទឹមនឹងនោះ សប្បុរជនទាំងអស់បានសម្តែងនូវសេចក្តីជឿទុកចិត្តចំពោះប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ