ព្រឹតិ្តការណ៍ថ្មីៗ

សាលាស្តីពី​ ការផ្សព្វផ្សាយ ”លិខិតបទដ្ឋានគតិយុត្តទាក់ទងមេត្រីភាពបរិស្ថាន” នៅខេត្តកំពត

4 ខែ មុន 83 តូ សុផល

ខេត្តកំពត៖​ នៅថ្ងៃ​ព្រហស្បតិ៍​ ៥កើត​ ខែស្រាពណ៏​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​.២៥៦២​ ត្រូវនឹងថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០១៨​ ​នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ក្រសួងបរិស្ថាន​ បានរៀបចំសិក្ខាសាលាស្តីពី​ ការផ្សព្វផ្សាយ ”លិខិតបទដ្ឋានគតិយុត្តទាក់ទងមេត្រីភាពបរិស្ថាន” ដោយមានការអញ្ជើញចូលរួមពីលោក​ ពុទ្ធ សូរិទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានទាំង៩ រួមទាំងប្រតិបត្តិករនៃវិស័យឯកជនដែលបានចូលរួមយកចិត្តទុកដាក់លើវិស័យបរិស្ថាន ដើម្បីបញ្រ្ជាប និងផ្សព្វផ្សាយពីបទដ្ឋានគតិយុទ្ធពីការលើកទឹកចិត្តក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន។ យ៉ាងណាមិញ សិក្ខាសាលានេះ គឺជាការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន។

លោក ពុទ្ធ សូរិទ្ធី អគ្គនាយករង នៃអគ្គចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ដើម្បីសម្រេចបាននូវបេសកកម្ម ក៏ដូចជាផ្សព្វផ្សាយពីបទដ្ឋានគតិយុទ្ធមេត្រីភាពបរិស្ថានឱ្យបានទូលំទូលាយជាពិសេសវិស័យឯកជន ក្រសួងបរិស្ថានបានខិតខំពុះពារគ្រប់ឧបសគ្គទាំងអស់លើការបង្កើនប្រសិទ្ធភាពគ្រប់គ្រងសំណល់គ្រប់ប្រភេទ លុបបំបាត់បទល្មើសព្រៃឈើជាទ្រង់​ទ្រាយធំ បង្កើនផ្ទៃដីអភិរក្សធម្មជាតិ និងប្រសិទ្ធភាពគ្រប់គ្រងជីវៈចម្រុះ រៀបចំនូវគោលនយោបាយ និងផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅថែរក្សានូវគុណភាពបរិស្ថានសម្រាប់ការរស់នៅដោយចីរភាព។

ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ​អគ្គនាយកដ្ឋានចំណេះដឹង និង​ព័ត៌​មានបរិស្ថាន​ ដែលជាសេនាធិការឱ្យក្រសួងបរិស្ថាន និងមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ជាអង្គភាពជំនាញបាននឹងកំពុងរៀបចំនូវលិខិតបទដ្ឋានគតិយុត្ត ស្តីពីការផ្តល់រង្វាន់លើក​ទឹក​ចិត្ត​មេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានចូលរួម និងមានស្នាដៃល្អក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន ធ្វើយ៉ាងណា ឱ្យស្របតាមអនុក្រឹត្យលេខ១៣៥ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ជាសេនាធិការឱ្យក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តក្នុងការដឹកនាំសម្របសម្រួលព្រម​ទាំងចាត់ចែងពិធីនានា អំពីការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន។ ក្នុងនោះក្រសួងបរិស្ថានក៏មានគោលនយោបាយលើកទឹកចិត្តមេត្រីភាពបរិស្ថាន ដូចជាការផ្តល់ប័ណ្ណ​សរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ស្លាកសញ្ញាមេត្រីភាពបរិស្ថាន ពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល អង្គភាព ក្រសួង ស្ថាប័ន សហគ្រាស រោងចក្រ ដែលបានចូលរួមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន មានជាអាទិ៍៖ ការធ្វើអនាម័យ ការទុកដាក់សំណល់ ការដាំដើមឈើ បង្កើតផ្ទៃបៃតង ការសន្សំសំចៃធនធានទឹក និងថាមពល ការបង្កើតបច្ចេកវិទ្យាបៃតងល្អផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!