ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែវ ! តាមពិតឃាតក ដែលសម្លាប់មន្ត្រីប៉ូលិស គឺជាភរិយា

1 ខែ មុន 424 តូ សុផល

សៀមរាប ៖ បើតាមសេចក្តីរាយការណ៍មកពីក្រុងសៀមរាប ខេត្តសៀមរាប ប្រាប់ថា ជនសង្ស័យពាក់ពន្ធ័នឹងករណីឃាតកម្មលើជនរងគ្រោះ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនបានហើយ បន្ទាប់ពី បានធ្វើការស្រាវជ្រាវ អស់រយះពេល៧ម៉ោង នោះគឺឃាតកមុខស្រស់វ័យក្មេងជាភរិយារបស់ជនរងគ្រោះតែម្តង។

សូមបញ្ជាក់ថា កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញ សព ជនរងគ្រោះឈ្មោះ ហុឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ និង ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សានិងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ ។

អធិការក្រុងសៀមរាបបានឱ្យដឹងថា ជាលទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។

បើតាមលោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយះពេល៧ម៉ោង នៅវេលាម៉ោង១៣:០០នាទីថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៍យើង បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។

លោកអធិការរងរូបនេះបានប្រាប់ទៀតថា ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះតែម្តង តែអ្នកទាំងពីររស់នៅមិនចុះសម្រុងគ្នា ។

បើតាម នារីជាជនសង្ស័យ បានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង២៤:២៥នាទី ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនបាន យកទូរសព្ទ័ ខលទៅជនរងគ្រោះ(ប្តី) ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីអោយមកជួយយកកូន ទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។

លុះដល់វេលាម៉ោង០១:១៣នាទីរំលងអធ្រាត្រ ខ្លួនបានធ្វើការខលទៅប្តី ម្តងទៀត ដោយប្រាប់ថា បងឆាប់មកៗ កូនយើងកាន់តែមិនស្រួលមែនទែនហើយ។ គ្រានោះប្តី ក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកខ្លួននិងកូន ទៅមន្ទីពេទ្យ។

ស្ត្រីជនដៃដល់បានសារភាពទៀតថា លុះដល់វេលាម៉ោង១:៣០នាទី រូបនាងក៏ខលមកប្តី ម្តងទៀត សួរថា “បងដល់ណាហើយ?”ជនរងគ្រោះ(ប្តី) បានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយគ្រានោះប្តីបានប្រាប់រូបនាងថា អោយចេញមកនៅចាំមុខផ្ទះ។

ស្ត្រីជនដៃដល់បន្តទៀតថា ពេលនោះនាង បានចេញមកចាំមុនផ្ទះ ដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយ ក៏នាំគ្នា ជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផាតែម្តង។ ពេលទៅដល់ ហើយរូបនាង បានអោយទូរសព្ទ័ទៅប្តីកាន់ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ ។ លុះចេញពីមន្ទីពេទ្យវិញ ប្តីមានសភាព(ស្រវឹង)និងរូបនាង បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ។ ហើយក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ រូបនាងបាននិយាយ លួងលោម អោយប្តីត្រឡប់មកនៅផ្ទះជុំគ្នាវិញ តែប្តីមិនព្រម ។

នាងបានសារភាពទៀតថា ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទី ទៀបភ្លឺ រូបនាងបាននិយាយតបទៅប្តីវិញថា “ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល” រួចហើយរូបនាងបានប្រាប់ជនរងគ្រោះ(ប្តី)អោយឈប់ម៉ូតូ ដើម្បីចុះដើរពរកូនបន្តដំណើរទៅផ្ទះ។ នាងបញ្ជាក់ថា ពេលនោះប្តីនាង បានយកកាំបិតចិតបន្លែរ មករុញបម្រុងចាក់លើរូបនាង បណ្តាលអោយរូបនាងដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលដែរ។ ពេលនោះដែរកូនរបស់ពួកគេ បានស្រែកយំខ្លាំង ហើយដោយឃើញជនរងគ្រោះ(ប្តី) ដួលផងដែរនោះ រូបនាងក៍បានឆក់យកកាំបិត ពីដៃប្តី បណ្តាលអោយមុត ម្រាមមេដៃខាងឆ្វេង។

ស្ត្រីជនដៃដល់បានសារភាពបន្តទៀតថាក្រោយពីដណ្តើមបានកាំបិតហើយ រូបនាងក៏បានចាក់ទៅលើ ជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មក រូបនាង បានខំប្រឹងក្រោក និងដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន រូបនាងក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងប្តី បន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។បន្ទាប់មករូបនាងបានពរកូន រត់ចូលក្នុងផ្ទះវិញ ។ លុះដល់វេលាម៉ោង៥:០០នាទីភ្លឺ នាង បានយកសម្លៀកបំពាក់ដែលស្លៀកពីយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយ។

មន្ត្រីនគរបាលបានឱ្យដឹងថា ដោយយោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។

សូមរំលឹកោងដែរថា នៅវេលាម៉ោង០៤ និង០៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយលើមន្ត្រីនគរបាលម្នាក់ ស្លាប់ក្នុងថ្លុកឈាមក្បែរម៉ូតូ បានកើតឡើងត្រង់ចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រភពពី ព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មានមន្ត្រីនគរបាលម្នាក់ ដែលត្រូវបានជនមិនស្គាល់មុខចាក់សម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងសៀមរាប ។

ហេតុការណ៍ធ្វើសកម្មភាពចាក់ទៅលើមន្ត្រីប៉ូលិស ចំនួន១០កាំបិត ត្រូវចំពោះ ចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍គោកចក រស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកឧត្តមសេនីយទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា នៅមុននេះបន្តិចថា ជុំវិញករណីនេះសមត្ថកិច្ច កំពុងតែសើបអង្កេតបន្ត ។

សាកសពជនរងគ្រោះ ក្រោយពីពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ