ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់​ ៤.០៣៧គ្រួសារ​ទៀត​ នៅខេត្តត្បូងឃ្មុំ​ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

4 ខែ មុន 123 តូ សុផល

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ១១​ ខែ​សីហា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​ ២.៦៧១គ្រួសារទៀត​ (ក្នុងនោះគ្រួសារខ្មែរ-ឥស្លាម​ ចំនួន​ ១.៣៥០គ្រួសារ) រស់នៅភូមិចំនួន​ ១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​ កម្មវិធីនេះ​ នឹងប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាពចម្ការគរ ដែលស្ថិតនៅក្នុងភូមិទី៥​​ ឃុំកំពង់ទ្រាស​ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ និងសូមនាំមកក្តីនឹករលឹក​ ក្តីអាណិត​ស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់​ ព្រមទាំងបាននាំមកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ​ ជាពិសេស​ ក្នុងទិវា​ ៨​ ឧសភា​ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ​ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខា​កាកបាទក្រហមកម្ពុជា ​ដែលបានចុះតាមដាន​ស្ថានភាពទឹកជំនន់ និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាកបានទាន់ពេលវេលា។​ ទន្ទឹមនេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់​ ត្រូវយកចិត្តទុកដាក់គិតគូរពី​សុខភាព​ អនាម័យ​ ដោយត្រូវប្រើប្រាស់ទឹកស្អាត​ និងពិសាទឹកដាំពុះ​ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ​ ហើយឆាប់ប្រកបមុខរបរ​បង្កបង្កើនផល​ដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញនៅក្រោយពេលទឹកស្រក។​ សូមប្រជាពលរដ្ឋទាំងអស់រក្សាសាមគ្គីភាព​ ចេះស្រឡាញ់រាប់អាន​ ជួយគ្នាទៅវិញទៅមក​ កុំប្រកាន់រើសអើងជាតិសាសន៍​ ទោះជាមានជនជាតិខ្មែរ​ ឬជនម៉ូស្លីមក៏ដោយ។

ទន្ទឹមនឹងនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សប្បុរសជន​ចំនួន​ ១៣រូប​ តាមរយៈ​ ឧកញ៉ា​ ហ៊ុន​ តូ​ ដែលបានចូលរួមឧបត្ថម្ភថវិកា​ ១០ម៉ឺនដុល្លារអាមេរិក​ ជូនកាកបាទក្រហមកម្ពុជា​ ក្នុងឱកាស​គ្រោះទឹកជំនន់​នេះ និងសូមអំពាវនាវដល់សប្បុរសជន​ បន្តជួយឧបត្ថម្ភគាំទ្រដោយស្ម័គ្រចិត្តតាមសទ្ធាជ្រះថ្លា​ ដើម្បីកាកបាទក្រហមកម្ពុជា​ បន្តចាត់ចែងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដទៃទៀត។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ដែរថា​ ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២.៦៧១គ្រួសារ​ ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១.៣៦៦គ្រួសារ សម្រាប់បន្តចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​ ៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!