ភ្នំពេញ៖ ក្រោយការបោះឆ្នោតមិនទាន់បានកន្លះខែផង លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការរដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង៣០០ ម៉ែត្រ ទទឹង៨ម៉ែត្រ និងប្រព័ន្ធលូទំហំ១ម៉ែត្រ ប្រវែង៣០០ម៉ែត្រ ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុកជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកបានស្រួល ។
ពិធីបើកការដ្ឋានខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរងខណ្ឌ ព្រមទាំងអស់លោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ចោមចៅ៣ ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានលើកឡើងថា ផ្លូវដែលបើកការដ្ឋានស្ថាបនានេះ គឺចាក់បេតុងមានប្រវែង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលជាមូលនិធិរបស់សាលាខណ្ឌពោធិ៍សែនជ័យ ។
លោកអភិបាលខណ្ឌបានបន្ថែមថា ការស្ថាបនាផ្លូវខាងលើ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ កាន់តែងាយស្រួលធ្វើដំណើរឆ្ពោះពីតំបន់មួយ ទៅតំបន់មួយទៀត ជាពិសេសដើម្បីស្របតាមអនុសាសន៍ ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហែម ដារិទ្ធិ សូមអរគុណចំពោះបងប្អូនទាំងអស់ ដែលតែងតែចូលរួម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដែលលោកបានខិតខំដឹកនាំ កសាងប្រទេសពីបាតដៃទទេ រហូតដល់ប្រទេសជាតិ មានការរីចម្រើនដូចសព្វថ្ងៃនេះ និងបានគាំទ្រព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីឱ្យសម្តេចតេជោ ដឹងនាំប្រទេសបន្តទៀត។
គួរបញ្ជាក់ផងដែរថាក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធ បានអំពាវនាវឱ្យបងប្អូនត្រូវរួមគ្នាថែរក្សាផ្លូវនេះឱ្យបានល្អក្រោយការស្ថាបនារួច ដើម្បីទុកប្រលប្រាស់បានយូអង្វែងតទៅ៕
ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានចោទជាសំនួររំលឹកពីស្នាដៃ ឬសកម្មភាព អតីត ចៅសង្កាត់ចោមចៅ គឺ លោក សុទ្ធ សាត ដោយជ្រើសរើសអ្នកឆ្លើយសំនួរត្រូវ៥នាក់មុនគេ និងទទួលបានម្នាក់ ២០ម៉ឺនរៀលផងដែរ។
Tag: លោក ហែម ដារិទ្ធិ