ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា​ ជួយឧបត្ថម្ភដល់កុមារអាយុ​ ៨ឆ្នាំ​ រងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ

3 ខែ មុន 185 តូ សុផល

(ភ្នំពេញ)​ ៖​ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃពុធ ១២រោច ខែទុតិយាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែសីហា​ ឆ្នាំ២០១៨ នេះ កម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​លោក​ ឈុន​ វណ្ណា​ ពីស្ថានភាពរបួសរបស់កូនប្រុសបង្កើតឈ្មោះ​ វណ្ណា​ ចាន់ពិសិដ្ឋ​ (ហៅ​ លី​ ហេង)​ អាយុ​ ៨ឆ្នាំ​ ​ដែលកំពុងវះកាត់ព្យាបាល​នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពី​ថ្ងៃទី​ ១៣​ ខែកក្កដា​ ឆ្នាំ២០១៨​ កន្លងទៅ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរបួសធ្ងន់ធ្ងររបស់កុមារ លី ហេង ដែលត្រូវធ្លាក់ខ្លួនពិការទាំងវ័យក្មេងខ្ចី​ ព្រមទាំងផ្តាំផ្ញើឱ្យអាណាព្យាបាលខិតខំថែទាំកូនឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរកុមារ​ លី​ ហេង​ ឆាប់បានជាសះស្បើយវិលមករស់នៅជួបជុំគ្រួសារ បន្តការសិក្សាឱ្យមានចំណេះវិជ្ជាជ្រៅជ្រះ បើទោះបីពិការក៏ដោយ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តឱ្យលោក​ ឈុន​ វណ្ណា​​ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិត​ ដើម្បីអនាគតគ្រួសារតទៅមុខទៀត។

លោក​ ឈុន​ វណ្ណា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ​ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងវណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ