ព្រឹតិ្តការណ៍ថ្មីៗ

ករណីច្រានទម្លាក់ប្រពន្ធមានផ្ទៃពោះពីលើអគារខុនដូ តុលាការ សម្រេចដាក់គុកប្តីត្រឹមតែ២ឆ្នាំ!

1 ឆ្នាំ មុន 1891 តូ សុផល

ភ្នំពេញ ៖ យ៉ោងតាមសំណុំរឿងស្ត្រី មានពពោះ៨ខែ ធ្លាក់ពីលើ ការដ្ឋានសំណង់អគារខុនដូ ក្បែរស្ថានទូតចិន

ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីអំឡុងចុងឆ្នាំ២០១៧ កន្លងទៅ ដែលមហាជនសង្ស័យថា ជារឿង អត្តឃាតនោះ ត្រូវបានតុលាការ ប្រកាសសាលក្រមហើយនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នេះ ។

បើតាមការប្រកាសសាលក្រមនេះមានលោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ និងជាចៅក្រមជំនុំជម្រះ មានលោក ហោ លីណា ជាតំណាងអយ្យការ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ប៊ុន អូន ភេទប្រុស អាយុ ២៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤លានរៀលចូលជាថវិការដ្ឋ ពីបទ មនុស្សឃាតដោយអចេតនា និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

បើតាមអង្គហេតុ នៃករណីនេះ ជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ខុនដូ ១៧២ ផ្លូវ១៦៧ ក្រុមទី១៨ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាលក្រមរបស់តុលាការ ក៏បានតម្រូវឲ្យជនជាប់ចោទ សងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាឪពុក និងជាជីតា ជនរងគ្រោះ ហើយក៏ត្រូវជាឪពុកក្មេកជនជាប់ចោទ ចំនួន ១៥លានរៀលផងដែរ។

ប៉ុន្តែលោក ឡុង ជា ដែលជាឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ឡុង ញាញ់ បានថ្លែងប្រាប់ថា លោកបានសម្តែងការមិនពេញចិត្តទេ ដោយលោកយល់ថា ការសម្រេចរបស់ចៅក្រម មិនទាន់មានយុត្តិធម៌ នូវរបស់ជនជាប់ចោទ ដែលបានប្រព្រឹត្តលើកូនស្រី និងចៅ របស់ខ្លួនដែលស្លាប់ទាំងម្តាយនឹងកូននៅក្នុងពោះជិតគ្រប់ខែនិងកើតនោះ។

លោកអះអាងថា សាកសពកូនស្រីលោក មានស្នាកស្មាម វាយបាក់ក បែកមុខ បែកក្បាល លៀនភ្នែក មិនមែនជាការប្រលែងលេងជាមួយប្តី រអិលជើងធ្លាក់ពីលើអគារស្លាប់នោះទេ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ មានហេតុការណ៍ ស្ត្រីមានផ្ទៃពោះខាងលើធ្លាក់ពីលើអគារសំណង់ខុនដូរ ស្លាប់ ដ៏រន្ធត់ មួយបានកើតឡើង ស្ថិតនៅចំណុចការដ្ឋាន សំណង់អគារខុនដូរ ដែលកំពុងសាងសង់ ស្ថិតនៅខាងត្បូងស្ថានទូតចិន លើផ្លូវលេខ១៦៧ កែងផ្លូវ៤៣២ ក្នុងភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ