ព្រឹតិ្តការណ៍ថ្មីៗ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវ

1 សប្តាហ៍ មុន 139 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ១១រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវរួមមាន: មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវស៊ូស្រ៊ុន មហាវិថីសម្តេចសុធារស មហាវិថីព្រះសុរាម្រិត ផ្លូវលេខ៤៧ ផ្លូវលេខ១៣ កែង១៥៤ -៦៣-១៤២ ១១៩ និង ផ្លូវលេខ១០៦-១០៨-ល- ។

រដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព ។
ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌ បានធ្វើការស្ទូចរថយន្តដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន ០៣គ្រឿង និង សំភារៈមួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ និង រក្សាទុករថយន្តនៅ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ ។

ចំពោះការងារបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុងវិញ លោក អភិបាលខណ្ឌ បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការសំអាតតាមដេប៉ូសំរាម, ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ដូចជាៈ ផ្លូវលេខ៤៧ ផ្លូវលេខ១០៦-១០៨ និងផ្លូវព្រះស៊ីសុវត្ថិ ជាពិសេស លោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារយកម៉ូតូកង់បី ធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ, លាងសំអាតថ្នល់-ការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ មហាវិថីព្រះសីហនុ និងមហាវិថីព្រះនរោត្តម ដើម្បីឲ្យមានបរិស្ថានអនាម័យល្អ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណជាដើម ។

រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការបំពាវនាវ ក៏ដូចជាសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនស៊ីនទ្រីក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ការទុកដាក់ វេចខ្ចប់ និងការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមការណែនាំ ម៉ោងកំណត់ សំដៅធ្វើយ៉ាងណាឲ្យលំនៅដ្ឋានយើង ភូមិយើង ផ្លូវសាធារណៈយើង បរិស្ថានយើង រាជធានីភ្នំពេញយើង ប្រកបដោយសោភ័ណភាព និងផាសុខភាព ជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ