ព្រឹតិ្តការណ៍ថ្មីៗ

ការបាក់ច្រាំងទន្លេ ដាច់ផ្លូវ នៅសង្កាត់ព្រែកតាសេក អភិបាលរាជធានីជម្រុញឱ្យមានការស្ថាបនាឡើងវិញជាបន្ទាន់ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញ

1 សប្តាហ៍ មុន 146 តូ សុផល

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាជាបន្ទាន់ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ នៅកំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាត ដោយបាក់ផ្តាច់ដោយសារទឹកជំនន់ទន្លេសាបនាប៉ុន្មានថ្ងៃកន្លងមកនេះ នៅទីតាំង ក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការជម្រុញបែបនេះ របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ខណៈដែលលោកអភិបាលដឹកនាំអាជ្ញាធរដែនដី និងមន្រ្តីជំនាញក្រោមឱវាទ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការបាក់ច្រាំងទន្លេនេះ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋ ជុំវិញគ្រោះធម្មជាតិ ដែលបណ្តាលឱ្យបាក់ផ្តាច់ផ្លូវខាងលើនេះ។

ប៉ុន្តែទោះជាយ៉ាងណាក្តីជាការឆ្លើយតប លោកអភិបាលរាជធានី បានសន្យាថា នឹងស្ថាបនាផ្លូវដែលបាក់នេះឱ្យបានឆាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ។ ជុំវិញការងារនេះ លោកអភិបាលបានជម្រុញឱ្យមន្ទីរពាក់ព័ន្ធពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងមន្ទីរធនធានទឹក ពិនិត្យនិងសិក្សាឱ្យបានហ្មត់ចត់ មុននឹងចាក់ថ្មធ្វើគ្រឹះចាក់ដីបំពេញច្រាំងបាក់នេះឡើងវិញ។

លោកបានបញ្ជាក់ថា ការស្ថាបនាលប់ច្រាំងទន្លេដែលបាក់នេះ ធ្វើឡើងជាបណ្តោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងមួយវិញទៀតគឺអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្តោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្រាស្រ័យតែផ្លូវមួយនេះទេ។

លោកអភិបាលបន្តថា នៅរដូវទឹកស្រកខាងមុខនេះ លោកនឹងឱ្យមន្រ្តីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ហើយយើងនឹងអាចបុកស៊ីវផាយ ដើម្បីធ្វើឱ្យផ្លូវនេះរឹងមាំជាប់លាប់តែម្តង។

បើតាមមន្រ្តីអាជ្ញាធរមូលដ្ឋាន បានលើកឡើងឱ្យដឹងថា ផ្លូវនេះតែងបាក់ជារៀងរាល់ឆ្នាំ តែបាក់តិចតួច អាជ្ញាធរមូលដ្ឋានតែងតែធ្វើការជួសជុលជាបន្តបន្ទាប់ ប៉ុន្តែឆ្នាំនេះបាក់ខ្លាំង អាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពជួសជុល ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជួសជុលឱ្យទាំងស្រុងតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ