ទៅផឹកសុីលើកញ្ចុះបណ្តែតទឹក ធ្លាក់ពីលើបង្កាន់ដៃ លង់ស្លាប់២នាក់

2 ខែ មុន 473 តូ សុផល

ភ្នំពេញ ៖ ឪពុកម្តាយទ្រហោយំសោកបោកខ្លួន កាលបើឃើញកូនប្រុសជាទីស្រឡាញ់ បានលង់ទឹកស្ទឹងព្រែកត្នោតលិចស្លាប់បាត់យ៉ាងអាណោចអធ័ម ក្រុមអ្នកចុះរាវរកទម្រាំឃើញអស់រយៈពេលច្រើនម៉ោង ស្រង់ឡើងជាបន្តបន្ទាប់ ចំនួន២នាក់ ក្រោយពីជនរងគ្រោះរួមជាមួយមិត្តភ័ក្រ សរុបគ្នា៥នាក់ ទៅផឹកសុីនៅលើកញ្ចុះបណ្តែតទឹក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅហាងជំនោរស្ទឹងព្រែកត្នោត ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះស្លាប់២នាក់ក្នុងហេតុការណ៍ខាងលើ ទី១ ឈ្មោះ ជង់ តុងសាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិសាគរ «ក» ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ទី២ ឈ្មោះ ជួង រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះទាំង២នាក់ ធ្វើការជាមួយគ្នា នៅក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ។

តាមសាក្សី ជាមិត្តភ័ក្រ វិស្វករសំណង់ ធ្វើការងារជាមួយគ្នាបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ រួមជាមួយមិត្តភ័ក្រសរុបគ្នា៥នាក់ បានទៅជួលកញ្ចុះបណ្តែតទឹកស្ទឹងព្រែកត្នោត នៅហាងជំនោរស្ទឹងព្រែកត្នោត ត្រង់ទីតាំងខាងលើ អង្គុយហូប បាយទឹក ផឹកសុី កាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាចទៅហើយ មានមិត្តភ័ក្រ ម្នាក់បានទៅផ្ទះមុនបាត់ សល់គ្នា៤នាក់អង្គុយផឹកសុីបន្ត ហើយជនរងគ្រោះទាំង២នាក់ អង្គុយលើបង្កាន់ដៃកញ្ចុះ ស្រាប់តែពេលទឹករលក ធ្វើឲ្យកញ្ចុះយោលទៅមក បែជាធ្លាក់ជនរងគ្រោះទាំង២នាក់ចូលក្នុងទឹកស្ទឹង មិនចេះហែលទឹក រកជួយមិនទាន់ ម្យ៉ាងទឹកហូរផង ធ្វើឲ្យលង់លិចបាត់ក្នុងទឹក ទើបបង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រកវិធីចុះរាវ រហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យរួច ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយក្រុមគ្រួសារ មិនបានប្តឹងផ្តល់អ្វីឡើយ ។ ប្រភពបន្តទៀតថា ក្រោយពីក្រុមអ្នកមុជទឹករាវរកសាកសពឃើញម្នាក់ហើយ នៅបន្តរាវតាមស្វែងរកសាកសពម្នាក់ទៀត លុះរហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ បានរាវរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជុង តុងសាន ក្រោមវត្តមានឪពុក ម្តាយ ក្រុមគ្រួសារ យំសោកបោកខ្លួន នឹកសង្វេគកូនប្រុសជាទីស្រឡាញ់ ។

តែបើតាប្រភពពត៌មានមួយនៅកន្លែងកើតហេតុ ជនរងគ្រោះ រួមជាមួយមិត្តភ័ក្រ សរុបគ្នា៥នាក់ ទិញស្រាបៀ៥កេស យកទៅផឹកលើកញ្ចុះបណ្តែតទឹក នៅរសៀលថ្ងៃទី០៣ ខែសីហា ហើយក្រោយមក មិត្តភ័ក្រម្នាក់ បានទៅមុនបាត់ សល់គ្នា៤នាក់ផឹកបន្ត រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ជួបរឿងជនរងគ្រោះធ្លាក់ពីលើបង្កាន់ដៃ លិចបាត់ក្នុងទឹកតែម្តង ស្រាបៀនៅសល់១កេស និង៨កំប៉ុង ផ្អាកផឹក នាំគ្នាឆោឡោ ។

តាមសមត្ថកិច្ចប៉ុស្តិ៍បឹងធំ បានឲ្យដឹងថា សាច់ញាតិជនរងគ្រោះទាំង២នាក់ មិនបានប្តឹងផ្តល់អ្វីឡើយ ក្រោយពីរកសាកសពកូនប្រុសហើយ សុំដឹកយកទៅធ្វើបុណ្យឯស្រុកកំណើត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ