ព្រឹតិ្តការណ៍ថ្មីៗ

មួយយប់ក្រុមចោរស្ទាក់វាយប្លន់យកម៉ូតូបានសម្រេច៣គ្រឿង ប៉ូលីសដេកលក់អស់

4 ខែ មុន 810 តូ សុផល

ភ្នំពេញ ៖ ម៉ូតូចំនួន៣គ្រឿង ត្រូវបានក្រុមចោរ វាយប្លន់យកទៅបាត់ដោយសុវត្តិភាព ក្នុងសកម្មភាពចំនួន៣ករណីផ្ទួនៗផ្សេងគ្នា ក្នុងភូមិសាស្រ្តខណ្ឌដង្កោមួយលើក ក្នុងភូមិសាស្រ្តខណ្ឌពោធិសែនជ័យ២លើក ខណៈដែលកម្លាំងប៉ូលីសទន់ភ្នែកដេកលង់លក់អស់ សូម្បីតែកម្លាំងល្បាតក៏គ្មានផង ។

ករណីទី១ ចោរមួយក្រុមមានគ្នាប្រមាណ៨ទៅ៩នាក់ ជិះម៉ូតូចំនួន៦គ្រឿង ដេញស្ទាក់ព័ទ្ធវាយប្លន់យកម៉ូតូម៉ាកនិច ពីយុវជនម្នាក់ ខណៈដែលកំពុងជិះម៉ូតូឌុបប្អូនស្រីវិលត្រឡប់ទៅផ្ទះជួល បានសម្រេច ហើយគេចខ្លួនបាត់អស់ដោយសុវត្តិភាព ជនរងគ្រោះរបួសបែកក្បាលហូរឈាមកក្លាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្បែរវត្តអង្គមេត្រី ភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ យួន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ ម៉ាកនិច ពណ៌ប្រផេះ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-8743 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានឌុបប្អូនស្រី២នាក់ ចេញពីផ្ទះបងថ្លៃ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ គោលបំណងត្រឡប់ទៅផ្ទះជួលនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ដោយធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែឃើញភ្លើងម៉ូតូប្រសាចពេញផ្លូវតាមពីក្រោយ មកដល់ទន្ទឹម សរុបចំនួន៦គ្រឿង មនុស្ស៨ទៅ៩នាក់ ស្ទាក់ព័ទ្ធម៉ូតូខ្លួនស្រែកគម្រាមឲ្យឈប់ ហើយត្រូវបានក្រុមជនសង្ស័យទាំងនោះ វាយប្លន់យកម៉ូតូជិះគេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះជនរងគ្រោះបានវិលត្រឡប់ក្រោយទៅភូមិអង្គត្រគៀតវិញ ប្រាប់សាច់ញាតិ ទើបផ្អើលដល់សមត្ថកិច្ច ទៅសួរនាំទើបដឹងរឿង កើតឡើងនៅខាង ទឹកដីសង្កាត់ព្រៃស សមត្ថកិច្ចប្រាប់ឲ្យទៅប្តឹងនៅប៉ុស្តិ៍ព្រៃសវិញ ។

ករណីទី២ កើតឡើងនៅវេលាម៉ោង១និង៤៥នាទីរំលងឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមចោរប្លន់មួយក្រុម គ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ 0428 មិនចាំអក្សរខាងដើម ចេញពីភូមិសាស្រ្ត សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ប្លន់បានសម្រេចហើយ ក្រុមចោរប្លន់ទាំងនោះ ជិះឡើងមកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ឆ្លងកាត់ផ្លូវសហព័ន្ធរុស្សី ទោះជាកម្លាំងប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ប្រទះឃើញ ហើយប្រដេញតាម ស្រែកប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង ឲ្យកម្លាំងប៉ូលីសខណ្ឌពោធិសែនជ័យ ជួយស្ទាក់ តែពុំបានលទ្ធផល បាត់អស់កម្លាំងប៉ូលីស សង្ស័យ ឈរយកលុយ រុឺម៉ក ឡាន ដឹកដូង រង្វង់មូលចោមចៅ ហត់នឿយពេកទៅ ចូលដេកលង់លក់អស់ ជាលទ្ធផល ចោរប្លន់យកម៉ូតូទៅបាត់ ។

ចំនួន២លើកផ្ទួនៗគ្នា ដែលចោរប្លន់ ម៉ូតូ បានសម្រេច រកប៉ូលីស មិបឃើញម្នាក់ ចូលដល់ករណីទី៣ នៅវេលាម៉ោង៣និង៣០នាទី ក្រុមចោរប្លន់ ៣នាក់ ថ្មើរជើង បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ម៉ាក MSX មួយគ្រឿងទៀត ខណៈដែលជនរងគ្រោះ ឌុបនារីជាសង្សារ ត្រឡប់ទៅផ្ទះជួល ខាងក្រោយសួនកុមារពោធិចិនតុង ដោយសុវត្តិភាព ជាលើកទី៣ ។

តាមសម្តីជនរងគ្រោះ ក្នុងករណីប្លន់លើកទី២ក្នុងខណ្ឌពោធិសែនជ័យនេះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានឌុបសង្សារ វិលមកពី កម្សាន្តប្រគុំតន្រ្តី នៅផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ឌុបនាងមកផ្ទះជួលខាងក្រោយជាប់សួនកុមារពោធិតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មកដល់ហើយ នាងជាសង្សារបានដើរចូលផ្ទះ រីឯខ្លួន អង្គុយល់ម៉ូតូ ក្នុងបំណង សុំសង្សារដេកស្នាក់នៅ មួយយប់ដែរ តែទីបំផុត ត្រូវបានក្រុមចោរប្លន់ គ្នា៣នាក់ ដើរថ្មើរជើងចេញពីក្នុងសួន មកកេះស្មា ទាមទារយកទូរស័ព្ទ និងកាបូបលុយ ប្រាប់ថាអត់មាន ជនសង្ស័យប្រាប់ថា អិញ្ចឹងសូមប្លន់យកម៉ូតូ ថាហើយក្រុមជនសង្ស័យវាយប្រ៉ាវ ជនរងគ្រោះបោះសោម៉ូតូចោល ហើយត្រូវបាន ក្រុមជនសង្ស័យ អូសម៉ូតូ បណ្តើរយកចេញទៅបាត់ តាមផ្លូវ២០១១ ឆ្ពោះទៅទិសខាងជើង ឆ្លងចូលក្នុងភូមិសាស្រ្ត ខណ្ឌសែនសុខបាត់ស្រមោល ។

ប្លន់ទាំង៣ករណី ក្នុងខណ្ឌដង្កោ មួយករណី ក្នុងខណ្ឌពោធិសែនជ័យ ពីរករណី ជនរងគ្រោះបានត្រឹម ដើរស្វែងរកប្តឹងប៉ូលីសតែប៉ុណ្ណោះ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ប៉ូលីសឥឡូវហត់នឿយច្រើន ពេលថ្ងៃ ស្រែកតាមបនរព័ន្ធវិទ្យុទាក់ទង ដូចសម្បើមណាស់ ពួនស្ទាក់ ស្ទាក់ពួន កេកកាក ដូចក្ងាន ស្រែកអស់កម្លាំង យប់ឡើងគាត់ត្រូវការសម្រាកដូចពលរដ្ឋដែរ ល្វើយខ្លាំងពេកទៅ ដេកលង់លក់បាត់ ភ្លេចរឿងចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ទើបក្រុមចោរ បានឱកាស ដើរធ្វើសកម្មភាពវាយប្លន់ យកទ្រព្យសម្បត្តិពលរដ្ឋបានដោយងាយៗ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!