ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួននៅលើទឹកដីខេត្តពោធិ៍សាត់

4 ខែ មុន 75 តូ សុផល

ខេត្តពោធិ៌សាត់៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបាន(TYDA) បានបន្តបេសកកម្មមនុស្សធម៌របស់ខ្លួននៅលើទឹកដីខេត្តពោធិ៍សាត់តាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលសកម្មភាពនេះមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាព្យាបាលដល់ប្រជាពលរដ្ឋសំដៅកាត់បន្ថយភាពក្រីក្រនិងដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។ លើសពីនេះសកម្មភាពមនុស្សធម៌នេះបានបង្កលក្ខណៈនិងឱកាសសម្រាប់យុវជន អជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធដទៃទៀតចូលរួមសកម្មភាពសង្គមកាន់តែមានភាពសកម្មក្នុងការជួយទៅដល់ប្រជាពលរដ្ឋប្រកបដោយទឹកចិត្តនិងជំនាញ។

លោក ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិសមាគមបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនោះ និងប្រជាពលរដ្ឋនៅក្នុងស្រុកបាកានផងដែរ។ លោកបានលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្កើតតាំងពីឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ និងបានធ្វើសកម្មភាពមនុស្សធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការព្យាលជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃនៅតាមមូលដ្ឋាននានា។

លោកបានបញ្ជាក់ថាក្រុមការងារនិងផ្តល់ការពិគ្រោះពិនិត្យព្យាបាល ដោយពេទ្យជំនាញ ជាមួយនិងឧបករណ៍ទំនើបៗ ដូចជាអេកូផ្ទៃពោះ ពិនិត្យឈាម ដែលផ្តល់លទ្ធផលច្បាស់លាស់ ជំងឺទូទៅ ច្រមុះត្រចៀកបំពងក វះកាត់តូច ជំងឺសើរស្បែក អេកូបេះដូង ឬសដូងបាត និងជំងឺមាត់ធ្មេញ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ ក្រុមការងារនៃសមាគម និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្នែកពាក់ព័ន្ធដែលមានចូលរួមក្នុងការងារមនុស្សធម៍មួយនេះ។

ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងបានកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្រៅពីការកាងារជំនាញ និិងការសិក្សាក្នុងសាលា បានឆ្លៀតឱកាសពេលវេលាផ្ទាល់ខ្លួនមកចូលរួមការងារមនុស្សធម៍ ដើម្បីពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនៅក្នុងស្រុកបាកានខេត្តពោធិសាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានគិតគូរសុខទុក្ខចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសក៏ដូចជានៅក្នុងស្រុកបាកានទាំងមូល។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលប្រជាពលរដ្ឋស្រុកបាកាន ខេត្តពោធិសាត់ជាង៣ពាន់នាក់ ដែលសកម្មភាពមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោក ស៊ូ ស៊ីផាណ្ណា ប្រធានប្រធានប្រត្តិបត្តិសមាគម និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការថែទាំភ្នែក(BOC) សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អមត) ក្រុមហ៊ុនLG ក្រុមហ៊ុនMetfone និងផ្នែកពាក់ព័ន្ធដទៃទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ