ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូនិងម៉ូតូព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ សន្លប់ស្ដូកស្ដឹង

4 ថ្ងៃ មុន 186 តូ សុផល

កណ្ដាល៖ បុរស២នាក់ បោកក្បាលនឹងថ្នល់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ Dream និងម៉ូតូ​ធំ SL ដោយសារតែបើកវ៉ាជែងក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុកគ្នាពេញទំហឹង​តែម្ដង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖២៥នាទីយប់ ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៨នេះ ​នៅតាមបណ្ដោយផ្លូវ២១B ត្រង់ចំណុចមុខហាងនំប៉័ង ហេងចេង ស្ថិតក្នុងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

ប្រជាពលរដ្ឋឃើញហេតុការណ៏បាន
ឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1V-5191 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១B ពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម។ លុះមកដល់កន្លែងកើតហេតុ គេក៏បានវ៉ាជែងខាងឆ្វេងម៉ូតូ ដែលធ្វើដំណើរស្របទិសគ្នា ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូធំម៉ាក SL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 1FA-8947ធ្វើដំណើរពីត្បូងទៅជើងវិញ ក្នុងល្បឿនលឿនដូចហោះ ហើយបានវ៉ាជែងខាងឆ្វេងដូចគ្នា ក៏ព្រលះគ្នាចំពេញទំហឹងតែម្ដង បណ្ដាលឲ្យបុរសទាំង២នាក់ ដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹងទាំងសងខាង។

បន្តិចក្រោយមក រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុខលាភ មេត្រី មកដល់កន្លែងកើតហេតុ ដោយប្រញ៉ាប់ប្រញ៉ាល់ពេកមិនបានយក​ហ្វ្រង់ការមកលើកជនរងគ្រោះទេ បែរជាយកកៅស៊ូតង់ដាក់ក្រាលលើថ្នល់ រួចលើកជនរងគ្រោះដាក់ ហើយហៅប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយសែងអ្នករងរបួសធ្ងន់ធ្ងរនោះ ទៅដាក់លើរថយន្តគិលានសង្គ្រោះ។ ចំណែកអ្នករបួសធ្ងន់ម្នាក់ទៀត គឺហៅប្រជាពលរដ្ឋជួយកាន់ដៃកាន់ជើង សែងទៅដាក់លើរថយន្តគិលានសង្គ្រោះនោះជាមួយគ្នាតែម្ដង។ អ្នកបើករថយន្តគិលានសង្គ្រោះនោះប្រាប់ថា គាត់ដឹកអ្នករងរបួសទាំងពីរនាក់ យកទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិកឯកជន សុខលាភ មេត្រី ម្ដុំបឹងកេងកង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ រួចធ្វើការវាស់វែងម៉ូតូទាំងពីរគ្រឿង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំក្រុមគ្រួសារភាគីទាំងសងខាង ចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ