ព្រឹតិ្តការណ៍ថ្មីៗ

បង្គោលភ្លើងធំៗ របស់លោករដ្ឋមន្ត្រី នៅផ្លូវណតប្រីត មិនទាន់យកចេញអស់ទេ យប់មិញ ត្រូវរថយន្តធុនធំសណ្ដោងកុងទីន័រ បើកទៅបុកលាន់ដូចរន្ទះ

1 សប្តាហ៍ មុន 345 តូ សុផល

រាជធានីភ្នំពេញ ៖ បង្គោល​ភ្លើង​ធំៗដែលបន្សល់ទុកចោលនៅចំកណ្តាលទ្រូងផ្លូវ​

ក្រោយការពង្រីកត្រង់តំបន់ផ្លូវណតប្រីត ​និង​ផ្លូវ​លេខ១០១៩ (ខាងមុខ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ ឆ្ពោះ​មក​សាលា​ណត​​ប្រ៊ីត) ​ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ ត្រូវ​បាន​សាធារណៈ​ជន​រិះ​គន់​ធ្ងន់​ៗ​ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដោយ​សារ​តែ​ស្ថិត​នៅ​ចំកណ្ដាល​ផ្លូវ​​ និងធ្លាប់​បាន​បង្ក​ឱ្យ​អ្នក​ដំណើរ​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​ទៀតផង ជាក់ស្ដែង​នៅវេលាម៉ោង០៣:៤០នាទីទាបភ្លឺ ឈានថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៨នេះ មានរថយន្តធុនធំសណ្ដោងកុងទីន័រមួយគ្រឿង បានបើកទៅបុកពេញទំហឹង បណ្ដាលឲ្យ​រថយន្តខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុង តែសំណាងល្អតៃកុងរងរបួសបន្តិចបន្តួច ។

បើយោងតាមឯកសារដែលជ្រុះពីលើរថយន្តនោះគឺ រថយន្តធុនធំ សណ្ដោងកន្ទុយកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 3C-7071 ជារបស់ក្រុមហ៊ុនដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd ដែលបើកបរដោយឈ្មោះ​ យ៉ន ភេទប្រុស បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានប្រាប់មកភ្នាក់ងារធីអិនអិនដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ដែលសណ្ដោងកន្ទុយកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 3C-7071 បើកបរទិសដៅពីជើងទៅត្បូង តែដោយសារតែស្ថានភាពផ្លូវរៀងងងឹតផង មេឃកំពុងរលឹមភ្លៀងផង និងរថយន្តបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពេញទំហឹងតែម្ដង ទើបបណ្ដាលឲ្យ​រថយន្តបែកកញ្ចក់ជ្រុះធ្លាក់មកពេញផ្លូវ និងរងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើតែទាំងស្រុង តែសំណាងល្អតៃកុងរងរបួសបន្តិចបន្តួច ។ ប្រភពបន្ថែម​ទៀតថា ឃើញសភាពមិនស្រួល បុរសដែលជាអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុមុនសមត្ថកិច្ចចុះមកដល់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវ៉ាស់វែង រួចយករថយន្តបង្កទៅរក្សាទុក នៅ​ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំភាគីម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយពេលក្រោយ។

សូមបញ្ជាក់ថា​ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​មួយ​រូប​បាន​ថ្លែង​ថា អ្នក​​បច្ចេកទេស​មួយ​ក្រុម​​ បាន​ចុះ​ត្រួតពិនិត្យ​ដល់​ទីតាំង​កាលពីថ្ងៃទី៣០ ខែ​មេសា​​​ ២០១៨ ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​អនុវត្ត និង​រុះ​រើ​​​បង្គោល​ភ្លើង​នៅ​​ដើម​ខែ​ឧសភា​ ២០១៨នេះ ខណៈ​បណ្ដាញ​អគ្គិសនី​ ដែល​គ្រោង​​រុះរើ​នោះ​ គឺជា​បណ្ដាញ​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល​ ដូច្នេះ​អាច​រង​ផល​ប៉ះពាល់​ដល់​​ការ​ផ្គត់​ផ្គង់​អគ្គិសនី​​​នៅ​តាម​បណ្ដា​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ទោះ​យ៉ាង​ណា​អ្នក​បច្ចេកទេស​កំពុង​សិក្សា​រក​ប្រភព​អគ្គិសនី​ជំនួស​​តំបន់​ដែល​​ត្រូវ​បាន​​កាត់​ផ្ដាច់ ព្រោះ​ការ​រុះរើ​បង្គោលបានខ្លះនៅខ្លះប៉ុណ្ណោះ។

«យើង​មិន​អាច​ថា មិន​មាន​ប្រភព​អគ្គិសនី​​ជំនួស​នោះ​ទេ​ ប៉ុន្តែ​គ្រាន់តែ​​ថា ការ​កំណត់​ និង​បែង​ចែក​ប្រភព​ជំនួស​ប៉ុន្មាន​​ថ្ងៃ​ខ្ញុំ​​មិន​ទាន់​ទទួល​បាន​របាយការណ៍​នៅ​ឡើយ។ ដូច្នេះ​ជា​រួម​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​រក្សា​ស្ថិរភាព​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ»។

អគ្គិសនី​កម្ពុជា​នឹង​មាន​ការ​ជូន​ដំណឹង​លំអិត​បន្ថែម​ទៀត​​ដល់​អតិថិជន​នៅ​មុន​ការ​កាត់​ផ្ដាច់​ចរន្តអគ្គិសនី​។ កន្លងទៅ​ថ្មី​ៗ​នេះ ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជាច្រើន​បាន​រិះ​​គន់​ និង​ថត​បង្ហោះ​រូប​បង្គោល​ភ្លើង​ ដែល​​ស្ថិត​នៅ​ចំ​កណ្ដាលផ្លូវ​ធ្វើ​ដំណើរ​ ហើយ​អ្នក​ខ្លះ​បាន​​ហៅ​ថា បង្គោល​ភ្លើង​មរណៈ​ជាដើម​។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​មន្ត្រី​​​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បកស្រាយ​ថា ដើម​​ឡើយ​​បង្គោល​ភ្លើង​នេះ​គឺ​ស្ថិត​នៅ​គៀន​​ផ្លូវ​ ប៉ុន្តែ​ដោយ​សារ មាន​ការ​ពង្រីក​ផ្លូវ​​បន្ថែម​ ទើប​បង្គោល​ភ្លើង​នេះ​ស្ថិត​នៅ​ចំ​ទ្រូង​ផ្លូវ​ទៅ​វិញ​។

កន្លង​មកឯក​ឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ក៏​បាន​សុំ​ទោស​ដល់​អ្នក​ដំណើរ​ទាំងអស់​ចំពោះ​ករណី​បង្គោល​ភ្លើង​នេះ​ ហើយឯកឧត្តមក៏បានប្រាប់ភ្នាក់ងារធីអិនអិនយើងទៀត​ថា ផ្នែក​ពាក់ព័ន្ធ​​បាន​​ពិភាក្សា​គ្នា​​រួច​ហើយ ដោយ​​សម្រេច​​ថា នឹង​​ដក​បង្គោល​​ភ្លើង​​ទាំង​អស់​នោះ​​ចេញ​ចាប់​ពី​​ចន្លោះ​​ខែ​មេសាង រហូត​ដល់​ ខែ​មិថុនា ​ឆ្នាំ​២០១៨​។ ​ឯក​ឧត្ដម​ថា អគ្គិសនី​​កម្ពុជា ​ត្រូវ​​បង្កប់​​ខ្សែភ្លើង​ នៅ​ក្រោម​​​ដី​​ជា​មុន​សិន​ ហើយ​​បន្ទាប់​មក​ ​ទើប​​អាច​​ដក​​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន៕ អត្ថបទរូបភាព AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ