ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងបំផ្ទុះ១១គ្រាប់ ត្រូវបានសមត្ថកិច្ចដោះយកចេញពីក្រោមស្ពាន

1 សប្តាហ៍ មុន 475 តូ សុផល

ប៉ៃលិន ៖ គ្រឿងសម្រាប់បំផ្ទុះចំនួន ១១គ្រាប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានជនមិនស្គាល់មុខយកទៅដាក់នៅក្រោមស្ពានមួយកន្លែង

ក្នុងក្រុងប៉ៃ​លិន ខេត្តប៉ៃលិន បំណងបំផ្ទុះផ្តាច់ស្ពាន ប៉ុន្តែសំណាង​ល្អត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរកឃើញដោះយកចេញដើម្បីរកស្សាសុវត្ថិភាព។

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីរកឃើញរំសេវគ្រឿងផ្ទុះនេះ កើតឡើងនៅវេលាម៉ោង ១៧និង​៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅក្រោមស្ពានមួយកន្លែងជិតវិហារខ្មែឥ​ស្លាម ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃ​លិន ក្រុង-ខេត្តប៉ៃលិន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប្រជាការពារភូមិបានដើរល្បាតតាមមូល​ដ្ឋាន និងគោលដៅសំខាន់ៗរបស់ខ្លួន​ ហើយមានប្រជាពលរដ្ឋដើររកជីកត្បូងប្រាប់ថា ប្រទះឃើញគ្រឿងផ្ទុះរួចបានរាយការណ៍ដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវភ្លាមៗ។

ក្រោយពេលទៅពិនិត្យកន្លែងដែលជនល្មើសលាក់ទុកគ្រឿងបំផ្ទុះនោះ មន្ត្រីជំនាញបានរកឃើញគីប​បំផ្ទុះចំនួន ១១គ្រាប់ រំសេវបំផ្ទុះ ២ដុំតូច ខែ្សរយឺតបញ្ឆេះ ៤កំណាត់ប្រវែង ១.៧១សង់ទីម៉ែត្រ ធុងប្រេងនំសម្រាប់ដាក់គ្រឿងបំផ្ទុះ​ និងថង់ផ្លាស់ស្ទិកវេកខ្ចប់គ្រឿងបំផ្ទុះ។

តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តប៉ៃលិន បានសន្និដ្ឋានថា ករណីប្រទះឃើញគ្រឿងបំផ្ទុះ​នៅក្រោមស្ពានក្នុងក្រុងប៉ៃលិននេះ ជនសង្ស័យរៀបចំផែនការណ៍ក្នុងគោលបំណងបំផ្ទុះផ្តាច់ស្ពាន​ខាងលើក្នុងចេតនាបង្កចលាចល អសន្តិសុខក្នុងសង្គម​ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ នៃការឃោសនាបោះឆ្នោតនេះតែម្តង។

បច្ចុប្បន្តវត្ថុតាងទាំងនេះ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃ​លិន ហើយលោក​ឧត្តមសេនីយ៍ទោ ព្រំ ចាន់ឌិន ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញត្រូវបន្តស្រាវ​ជ្រាវ ស៊ើបអង្កេត និងត្រូវស្វែកមុខជនសង្ស័យដែលរៀបចំផែនការកម្ទេចស្ពាននេះឲ្យទាន់តែបាន​ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ