ព្រឹតិ្តការណ៍ថ្មីៗ

បណ្តាំចាក់បេះដូង!! ថែម៉ាក់ខ្ញុំផង!!!

6 ថ្ងៃ មុន 201 តូ សុផល

ពេលនេះកូនបានលាម៉ាក់ជាទីស្រលាញ់របស់កូនឆ្ងាយហើយ ឆ្ងាយឥតត្រឡប់មកវិញឡើយ អោយកូនសូមទោសម៉ាក់ផងដែលកូនមិនទាន់បានតបស្នងសងគុណចំពោះម៉ាក់។ មិនត្រឹមតែមិនទាន់បានសងគុណម៉ាក់ទេ កូនថែមទាំងបានធ្វើអោយម៉ាក់ស្រក់ទឹកភ្នែកឥតស្រាកស្រាន្ត កំឡុងពេលបង្កើតកូន និងជីវិតចុងក្រោយរបស់កូន។

កូនដឹងថាម៉ាក់ហត់នឿយ ឈឺចុកចាប់ ព្រោះម៉ាក់បានបាត់បង់កូនម្នាក់នេះ ព្រោះកូនដឹងថាម៉ាក់ស្រលាញ់កូនណាស់, កូនដឹងថាម៉ាក់ប៉ុន្មានថ្ងៃនេះបាយមិនបាន សម្រាន្តមិនលក់ ម៉ាក់យំ ម៉ាក់ភ័យ ម៉ាក់អាណិតកូន ពេលខ្លះម៉ាក់ញាំបាយលាយទឹកភ្នែក ញាំមិនឆ្អែត ម៉ាក់មានតែកូនមួយមិនដឹងប្រើអ្នកណា ដូចនេះម៉ាក់ត្រូវពេទ្យហៅអោយបង់លុយ ម៉ាក់រត់ទៅទិញថ្នាំ អោយកូន ម៉ាក់ជូតខ្លួនអោយកូន ប្តូរខោអាវអោយកូន ម៉ាក់ត្រូវអង្គុយនៅចំាមើលអេក្រង់គ្រប់គ្រងលើរៀងកាយកូនគ្រប់ពេលព្រោះខ្លាចមានបញ្ហាអ្វីមួយកើតឡើងលើរូបកូន ពេលជំងឺកូនរើឡើងម្តងៗម៉ាក់ភ័យ យំ ហៅគ្រូពេទ្យអោយមកមើលកូន ម៉ាក់ម្តងយំ-ម្តងសើច ស្ទើតែក្លាយជាមនុស្សម្នាក់ថ្មីមួយទៀត កូនអាណិតម៉ាក់ណាស់ នេះហើយជីវិតកូនទោល។ កូនដឹងថា ទឹកចិត្តរបស់ម៉ាក់បើអាចឈឺជំនួសកូនបាន ម៉ាក់សុខចិត្តដើម្បីកូន។

ចំណែកផ្លូវងងឹតគ្រូហ្មថាកូនខុសនេះខុសនោះ ត្រូវរៀបចំអោយគេ ម៉ាក់មិនត្អូញត្អែថាហត់ឡើយ ម៉ាក់បានជិះឡានតាក់ស៊ីមកផ្ទះភ្លាមៗ(កំពង់ឆ្នាំង)ដើម្បីរៀបចំកម្មវិធី, ចប់សព្វគ្រប់ម៉ាក់ចេញឡានទៅវិញទាំងយប់ដោយក្តីបារម្មណ៍ជាប់នឹងកូនជានិច្ច។ នេះជាការលះបង់ខ្ពស់ណាស់ដែលកូនបានដឹងតាមអារម្មណ៍របស់កូន កូនអាណិតម៉ាក់ណាស់ កូនបានតែសម្រក់ទឹកភ្នែកពេលឃើញមុនម៉ាក់។ គ្រាន់តែលោកដុកទ័រប្រាប់ថាកូនអស់សង្ឃឹម ម៉ាក់មិនហ៊ានចូលទៅមើលមុខកូនទៀតទេ ម៉ាក់អង្គុយយំពេញមួយរាត្រីនៅខាងក្រៅដោយក្តីឈឺចាប់បំផុត ព្រោះម៉ាក់ដឹងថាដង្ហើមចុងក្រោយរបស់កូននឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗនេះ។

ម៉ាក់អើយ-អើយម៉ាក់ កូនពិតជាសូមទោសម៉ាក់ដែលកូនកើតមកធ្វើជាកូនម៉ាក់បានត្រឹម២២ឆ្នាំនេះ។ ថ្វីប្បិតតែរយៈពេលវាខ្លីមែនក៏កូន និងម៉ាក់បានសាងនូវអនុស្សាវរីជាច្រើនទាំងការលំបាក ទាំងស្រួល ព្រោះតែជីវភាពយើងក្រលំបាក, កូនធ្លាប់ដើរលក់នំជាមួយម៉ាក់កាលកូននៅតូចរហូតដល់កូនបានធំ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់អាហារ និងចំណាយលើការសិក្សា រហូតដល់កូនប្រឡងជាប់ថ្នាក់ទី១២ និងបន្តអោយកូនទៅរៀនបន្តនៅមហា វិទ្យាល័យ។ ពេលម៉ាក់រួយដៃជើង កូនជួយច្របាច់អោយម៉ាក់បានស្រួល តែពេលនេះមិនដឹងថា តើម៉ាក់បានអ្នកណាជួយច្របាច់ជើងអោយម៉ាក់ទៀតទេ។

ពេលញាំបាយយើងមានគ្នាពីរនាក់ ពេលធ្វើកិច្ចការអ្វីមួយម៉ាក់សួរកូន កូនសួរម៉ាក់, ទៅផ្សារ ទៅកន្លែងផ្សេងៗ ទៅវត្តខែបុណ្យទានធំម្តងៗ មានម៉ាក់មានកូន ចុះពេលនេះតើមានអ្នកណានៅជាមួយម៉ាក់ទៀត។ ផ្ទះដែលទើបជួសជុលថ្មីនោះ ម៉ាក់ថាធ្វើទុកអោយកូននៅ តែធ្វើមិនទាន់រួចរាល់ ១០០%ទេព្រោះខ្វះប្រាក់ ពេលនេះកូនមិនបានឡើងទៅរស់នៅជាមួយម៉ាក់ទេ ពេលផ្ទះនេះធ្វើរួចរាល់។ កុំឃើញផ្ទះខ្ពស់ថាខ្ញុំមាន មានតែសំបកផ្ទះទេ ព្រោះត្រូវដីមួយកូនអំពកក៏ឆ្លៀតកែកុនអោយល្អទៅ។ គិតទៅជីវិតរបស់កូននិងម៉ាក់វេទនាតាំងពីកូនកើតមកបាន៧ខែ ត្រូវប៉ាចាកចេញពីយើងដោយគ្មានការទទួលខុសត្រូវ រហូតដល់ដង្ហើមចុងក្រោយទើបឃើញវត្តមានរបស់គាត់មកសួរសុខទុក្ខកូន តែវាគ្មានន័យ និងតម្លៃអ្វីសម្រាប់ពួកយើងឡើយ។ ….

កូនក៏សូមអរគុណដល់ប៉ាអ៊ុំ(អ៊ុំម៉ន)-ម៉ាក់អ៊ុំ(អ៊ុំថា) ដែលបានជួយបីបាច់ថែរក្សាកូនពីតូច និងមួយរយៈចុងក្រោយនេះឃើញថាហត់ខ្លាំងណាស់ មកផ្លាស់ប្តូរវេនគ្នាទាំងគ្រួសារដើម្បីជួយមើលថែទាំកូន ពេលកូនឈឺកន្លងមក រហូតដល់ដង្ហើមចុងក្រោយ។ សូមអរគុណដល់បងប្អូនជីដូនមួយទាំងអស់គ្នាផង ខ្ញុំលាហើយណា…។…

ហើយជម្រាបលា!!! យាយតា អ៊ុំពូមាមីង បងប្រុសបងស្រី ប្អូនប្រុសប្អូនស្រី ក្មួយ ញាតិមិត្តភូមិផងរបងជិតឆ្ងាយទាំងអស់ ខ្ញុំជម្រាបលាហើយ អរគុណដែលបានផ្តល់កំលាំងចិត្ត និងជូនពរដល់ខ្ញុំ, សូមជួយមើលម៉ាក់ខ្ញុំផង មិនដឹងពេលនេះគាត់ធ្លាក់ក្នុងស្ថានភាពយ៉ាងណានោះទេ។ ម៉ាក់ខ្ញុំគាត់គិតថា ពេលគាត់ចាស់ទៅ គាត់នៅមានខ្ញុំមើលថែទាំគាត់ ចិញ្ចឹមគាត់ តែពេលនេះបែរជាគាត់ជូនដំណើរខ្ញុំទៅវិញ។ បើគាត់ខ្វះខាតអ្វី ជួយគាត់ផង ពិសេសញាតិជិតខាងដែលតែងតែយកអក្សាគាត់។ ខ្ញុំដឹងថាពេលម៉ាក់អត់អីញាំ មានការខ្វះខាត គឺម៉ាក់មានអ្នកជិតខាងហៅអោយញាំបាយ លើកទឹកចិត្ត ផ្តល់គំនិត-យោបល់ផ្សេងៗ គាត់ចិត្តល្អណាស់ ហើយខ្ញុំមិនដែលភ្លេចពួកគាត់នោះទេ។..

និងជម្រាបលាផងដែរ ដល់ថ្នាក់គ្រប់គ្រង-បុគ្គលិកគ្រួសាររីករាយ(ក្រេប៉ូ) ពិសេសមិត្តរួមការងារ និងបុគ្គលិកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ មិត្តនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ អតីតមិត្តវិទ្យាល័យ មិត្តភក្តិជាទីស្រលាញ់ ខ្ញុំលាហើយ លាឥតត្រឡប់ឡើយ ខ្ញុំមិនចង់លាអ្នកគ្រប់គ្នាទេ ខ្ញុំចង់រៀនអោយចប់ ខ្ញុំនៅចង់ធ្វើការងារ ខ្ញុំចង់ជួបមុខអ្នករាល់គ្នានិយាយលេង ខ្ញុំចង់ដើរលេងរួមជាមួយមិត្តទាំងអស់គ្នា ខ្ញុំនៅចង់ស្លៀកឯកសណ្ឋាននិស្សិតដូចមិត្តទាំងអស់គ្នាដែរ ខ្ញុំចង់នៅថតទទួលបរិញ្ញាបត្រ ពាក់អាវទទួលសញ្ញាបត្រជាមួយមិត្ត យកចំណេះជំនាញផ្នែកគីមីចូលរួមជួយសង្គមរបស់យើង….តែ….រឿងកន្លងទៅបើមានអ្វីខុសឆ្គងជាមួយគ្នាអោយខ្ញុំសូមអភ័យទោសផង…។ ហើយសូមអរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកគ្រូ-អ្នកគ្រូ បងៗ មិត្តនិស្សិត មិត្តរួមការងារតូចធំ មិត្តសម្លាញ់ទាំងអស់ ចំពោះថវិការ កំលាំងចិត្ត សារជូនពរ ការមកសួរសុខទុក្ខ ការចំណាយពេលវេលាដើម្បីខ្វះខ្វែងរកជំនួយមកជួយសង្រ្គោះជីវិតរបស់ខ្ញុំដោយក្តីសង្ឃឹម ដើម្បីជួយសម្រាលទុក្ខមួយផ្នែកដល់ម៉ាក់របស់នាងខ្ញុំ តែថវិការនេះបែជាប្រែក្លាយទៅជាថវិការបុណ្យសពនាងខ្ញុំទៅវិញ។

ជាអវសាន្ត សូមជូនពរម៉ាក់មានសុខភាពល្អ យាយតាអ៊ុំពូមាមីងបងប្រុសស្រី លោកគ្រូ-អ្នកគ្រូទាំង២ស្ថាប័ន មិត្តនិស្សិត មិត្តរួមការងារមិត្តជាទីស្រលាញ់ទាំងអស់សូមមានអាយុវែង សុខភាពល្អ សំណាងល្អ គ្រប់ៗគ្នា។

ជម្រាបលា!!!! ជួយមើលម្តាយជំនួសខ្ញុំផង…..លាហើយ លាលុះអវស្សាន្ត!!!

សូមអភ័យទោសចំពោះឃ្លាឃ្លោង កុំហុសខុសឆ្គងផ្សេងៗផង។
នេះជាអ្វីដែលប្អូនស្រីចង់និយាយ ខ្ញុំអាចនិយាយបានយ៉ាងខ្លីប៉ុណ្នឹង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ