ព្រឹតិ្តការណ៍ថ្មីៗ

រាជធានីភ្នំពេញ ចំនួនយានយន្ត កើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង

2 ខែ មុន 205 តូ សុផល

ភ្នំពេញ ៖ មកដល់ត្រឹមខែកក្ដដាឆ្នាំ២០១៨នេះ ចំនួនយានយន្ត នៅរាជធានីភ្នំពេញ មានការកើនឡើង រហូតដល់ជាង២លាន១៩ម៉ឺនគ្រឿង

ដោយសារ តែកំណើនសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ហើយរាជរដ្ឋាភិបាល អាចរក្សាបាន នូវកំណើនសេដ្ឋកិច្ចថេរមួយក្នុងរង្វង់៧% ជាប់គ្នាជាច្រើនឆ្នាំ។

បើតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៨នេះ បានប្រាប់ឱ្យដឹងថា រហូតដល់ខែកក្ដដានេះ ចំនួនរថយន្តគ្រប់ប្រភេទ មានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន៧០ម៉ឺនគ្រឿង និងរឺម៉កកង់បី មានចំនួន១ម៉ឺន១ពាន់គ្រឿង”ដែលបានចុះ បញ្ជី។

លោកប្រធានមន្ទីររូបនេះធ្លាប់បានបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦ ចំនួនរថយន្តមានតែ៤០ម៉ឺនគ្រឿង និងម៉ូតូមានចំនួន១លាន៤០ម៉ឺនគ្រឿង ចំណែកចំនួនកង់បីក្នុងឆ្នាំ២០១៦ មន្ទីរសាធារណការ និងដឹកជញ្ជូន មិនបានបញ្ជាក់ពីតួរលេខនោះទេ។ ចំពោះចំនួនយានយន្តខាងលើនេះ គឺបានចុះបញ្ជីរួចរាល់ហើយ លើកលែងតែ រឺម៉កកង់បី មានចំនួនប្រមាណជាង១០%ប៉ុណ្ណោះ ដែលមិនទាន់បានចុះបញ្ជីការត្រឹមត្រូវ។

ទាក់ទិននិងចំនួនយានយន្តនេះ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្មីៗកន្លងទៅនេះ បានបង្ហាញថា ចំនួនយានយន្តនៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបន្ទាប់ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសបានរីកលូតលាស់ប្រមាណ៧% ក្នុងមួយឆ្នាំនារយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ ដែលបច្ចុប្បន្ន រថយន្តនៅក្នុងប្រទេសកម្ពុជា មានចំនួនជិត ១លានគ្រឿង និង ម៉ូតូប្រមាណជាង៦លានគ្រឿង។

ចំណែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ធ្លាប់មានប្រសាសន៍ថា “ដោយសារចំនួន យានយន្តមានការកើនឡើងនេះហើយ ធ្វើអោយគ្រប់ផ្លូវ ក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ជាខ្លាំង ជារៀងរាល់ថ្ងៃ”។

ក្រៅពីនេះនៅកត្តាជាច្រើនទៀត ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ដូចជា៖ អ្នកបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋមួយចំនួន រំលោភយកផ្លូវ និងចិញ្ចើមផ្លូវធ្វើអាជីវកម្មធ្វើជាចំណតផ្ទាល់ខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ