ព្រឹតិ្តការណ៍ថ្មីៗ

កូនឈើចំនួន១៥០០ដើម ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី និងមន្រ្តីរាជការ បានដាំដុះនៅសួនច្បារសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ដើម្បីអបអរសាទរបុណ្យ រុក្ខទិវា ៩កក្កដា ២០១៨

2 ខែ មុន 64 តូ សុផល

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ សរុបជាង៦០០នាក់ បានយកកូនឈើលេខ១ ចំនួន១៥០០ដើម ដាំនៅទីតាំងព្រលានយន្តហោះចាស់ ក្នុងទីធ្លាសួនច្បារសែនមនោរម្យ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លើផ្ទៃដីចំនួន២ហិចតា ដើម្បីជាការអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងែព្រហស្បតិ៍ ៨រោច ខែបឋមាសាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ ឆ្នាំ២០១៨។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្វពិធីរុក្ខទិវា៩កក្កដា តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ។ ឯកឧត្តម បានបន្ថែមថា ការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមានគំរបពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើបណ្តាលឲ្យតំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិ។

ដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់រានដុតឈូសឆាយដីព្រៃឈើ ធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឲ្យបានច្រើន រួមទាំងដំណាំហូបផ្លែ ដើម្បីជាប្រយោជន៍ទាញយកប្រភពចំណូលសេដ្ឋកិច្ច មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យមានជីវភាពសមរម្យផងដែរ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា ពិធី បុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្ដភាព និងមានផលប្រយោជន៍សំរាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ពិសេស អាចបង្កើតបាននូវម្លប់បៃតងឡើងវិញធ្វើឲ្យទីក្រុងស្អាត។ លោក សុង ឃាង បានបញ្ជាក់ទៀតថា «ផែនការឆ្នាំ២០១៨នេះ យើងដាំកូនឈើចំនួន១៥០០ដើម មានប្រភេទកូនឈើបេង គ្រញូង នាងនួន គរគី និងឈើទាល ហើយកូនឈើខាងលើនេះ ត្រូវបានលោកអ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការបែងចែកកូនឈើ ចំនួន១ពាន់ដើម ដាំក្នុងទីធ្លាសួនច្បារក្រុងសែនមនោរម្យ រីឯចំនួន៥០០ដើមទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត យកទៅដាំតាមលំនៅដ្ឋាន និងតាមអង្គភាពរៀងៗខ្លួន ដើម្បីជាការបំផុសចលនាដល់ប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ និងដាំដុះកូនឈើឡើងវិញ។ សេង ជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ