ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្រ្តី អប់រំ អំពាវនាវឱ្យកុមារនិងយុវជន ចូលរួមក្នុងចលនាកាយរិទ្ធិជាតិកម្ពុជា ឱ្យបានច្រើន ដើម្បីបង្កើនធនធានមនុស្សនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

4 ខែ មុន 122 តូ សុផល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យមានការជម្រុញដល់ កុមារ និង យុវជនកម្ពុជា ចូលរួមជាមួយសកម្មភាព ចលនាកាយរិទ្ធិជាតិកម្ពុជា ឱ្យបានច្រើនថែមទៀត ដើម្បីឱ្យពួកគេបានអភិវឌ្ឍន៍ខ្លួនទៅក្នុងសង្គម និងចូលរួមធ្វើសកម្មភាពការងារមនុស្សធម៌ ដើម្បីកសាងសង្គមកម្ពុជាមួយ ដែលមានសន្តិភាព មានយុត្តិធម៌ និង មានការអភិវឌ្ឍន៍សេដ្ឋកិច្ចខ្ពស់។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើការអំពាវនាវបែបនេះ នៅក្នុងឱកាស ទិវា កាយរិទ្ធិជាតិកម្ពុជា និងអបអរសាទរ ខួប១០ឆ្នាំ កាយរិទ្ធិជាតិកម្ពុជា ដែលបានចូលជាសមាជិកពេញសិទ្ធរបស់អង្គការពិភពលោក នៃចលនាកាយរិទ្ធ និងការប្រារពពិធី បំពាក់កន្សែងដល់កាយរិទ្ធិថ្មី ក៏ដូចជាផ្លាស់ប្តូរកន្សែង ជូនថ្នាក់ដឹកនាំ ក្រសួងអប់រំយុវជន និងកីឡា និងចែកវិញ្ញាបនបត្រ ដល់កាយរិទ្ធិរាមច្បង ដែលបានចូលរួមអនុវត្តគម្រោង “ភាពជាអ្នកដឹកនាំ និងការផ្សព្វផ្សាយទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ដែលបានប្រារពធ្វើឡើង នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្រ្តីបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ចលនាកាយរិទ្ធិជាតិកម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ការអប់រំ ដល់ យុវជន ទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាក្នុងនិងក្រៅសាលា លើបំណិនជីវិត ការងារសង្គម វប្បធម៌ និងការចូលរួមដោះស្រាយបញ្ហាសហគមន៍ និងបញ្ហានយោបាយនានា។
លោកបណ្ឌិតសភាចារ្យបញ្ជាក់ថា ដើម្បីចូលជាសមាជិកកាយរិទ្ធិជាតិកម្ពុជាបាន យុវជន ត្រូវមានក្រុម និងទៅរៀនពីគោលការណ៍របស់កាយរិទ្ធិ ក្នុងការធ្វើកិច្ចការស្ម័គ្រចិត្ត ជួយដល់សង្គម ហើយជួយគ្នា ចេះបង្រៀនគ្នាទៅវិញទៅមក។ មកដល់ពេលនេះ សមាជិកកាយរិទ្ធិជាតិកម្ពុជា មានប្រមាណជាង១សែន៤ម៉ឺន នៅទូទាំងប្រទេស នឹងគ្រោងពង្រីកឱ្យបាន២សែននាក់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
គួររំលឹកផងដែរថា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ គឺជាការផ្តល់សច្ចៈធម៌ ប្រវត្តិសាស្រ្ត ជូនសម្តេច តេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី និងជាគរុគណ នៃកាយរិទ្ធជាតិកម្ពុជា ដែលជាស្ថាបនិកប្រវត្តិសាស្រ្ត នៃចលនាកាយរិទ្ធិកម្ពុជា ក្នុងឆ្នាំ១៩៩៩ ហើយត្រូវបានប្រកាសជាផ្លូវការ ទទួលស្គាល់ និងចូលជាសមា ជិកពេញសិទ្ធទី១៦០ របស់អង្កការពិភពលោក នៃចលនាកាយរិទ្ធិ។
សូមបញ្ជាក់ថា ចលនាកាយរិទ្ធិ គឺជាចលនាសម្រាប់កុមារ និងយុវជន និងជាចលនាស័គ្រចិត្ត ដែលបានកើតឡើងតាំងពីឆ្នាំ១៩០៧ ហើយបានរីកសាយភាយ ជុំវិញពិភពលោក និងរហូតមកដល់ បច្ចុប្បន្ននេះ មានអង្គការសមាគមជាតិកាយរិទ្ធិ ចំនួន១៦៩ និងមានសមាជិក ជាកុមារ និងយុវជន សរុប៤១លាននាក់នៅជុំវិញពិភពលោក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ