ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ និងមន្ត្រីក្រោមឳវាទ អញ្ជើញប្រគេន ទានវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ គង់នៅ វត្តព្រៃផ្តៅ ស្រុកព្រៃកប្បាស

2 ខែ មុន 55 តូ សុផល

ខេត្តតាកែវ៖ ប្រពៃណីដ៏ផូរផង់ របស់ប្រជាជាតិខ្មែរយើង ដែលជានិច្ចកាលវិស័យអាណាចក្រ តែងតែបានផ្សារភ្ជាប់ជាមួយ នឹងវិស័យពុទ្ធចក្រ គឺព្រះពុទ្ធសាសនានេះឯង ជាពិសេសការធ្វើបុណ្យទាន តួយ៉ាងនៅក្នុងរដូវបុណ្យចូលព្រះវស្សានេះតែម្ដង ដែលព្រះសង្ឃត្រូវ គង់ចាំព្រះវស្សានៅក្នុងវត្ត មិនអាចចេញទៅបិណ្ឌបាត្រនៅក្រៅវត្តបាន ព្រោះមានភ្លៀងធ្លាក់ខ្លាំង ហើយពឹងទៅលើពុទ្ធបរិស័ទ្ធយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ក្នុងរយៈពេល៣ខែពេញ ។

ដោយសទ្ធារជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងមន្ត្រីរាជការក្រោមឳវាទ អញ្ជើញប្រគេន ទានវស្សា បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃគង់នៅវត្តព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងនោះមាន ថវិកាចំនួន ៥០ម៉ឺនរៀល
ទានវស្សាមួយគូរ ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ប្រេងម៉ាស៊ូតមួយកាន អង្ករ១ប៉ាវ ទឹកស៊ីអ៊ីវ ៤យួរ និង ទឹកត្រី៤យួរ។

ពិធីនេះប្រព្រឹត្តិទៅ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នេះ។

តើអ្វីជា “បុណ្យចូលព្រះវស្សា”?

បុណ្យចូលវស្សា ជាបុណ្យដ៏ធំមួយ នៃព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសមណេ បានរៀនធម៌ វិន័យយ៉ាងភ្ជាប់ភ្ជួនតាមពុទ្ធឱវាទនៃព្រះបរមគ្រូ។ចំណែកពុទ្ធបរិស័ទ វិញនឹងទទួលបានអានិសង្សផលបុណ្យ ច្រើនបន្ទាប់ពីបានចូលរួមបរិច្ចាគបច្ច័យ ទេយ្យទាន និងឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ក្នុងអំឡុងនៃពិធីបុណ្យនោះ។

បុណ្យចូលកាន់ព្រះវស្សា គឺជាពិធីបុណ្យ ដ៏ធំរបស់ពុទ្ធសាសនិកជន ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមានរយៈពេល៣ខែ ចាប់ពីថ្ងៃ ១រោចខែអាសាឍដល់ថ្ងៃ១៥ កើតខែអស្សុជ។

អំឡុងចូលវស្សា ព្រះសង្ឃពុំអាចនិមន្ត ចេញចូល បានធម្មតាដូចក្រៅវស្សាទេ។ ដូច្នេះពុទ្ធបរិស័ទមាននាទីជាអ្នកទំនុកបម្រុងចង្ហាន់យកមកប្រគេនព្រះសង្ឃបាន។សម្ភារទាំងនោះមានធូបទៀនដុតបំភ្លឺពេលចូលវស្សា ស្បងចីពរ ចំណីអាហារ អាចទុកបានយូរ ដូចជាអំបិល ឆៃពៅ អង្ករ មី ត្រីងៀត ត្រីឆ្អើ ត្រីផាត់ និងភេសជ្ជៈ… និងប្រេងជាដើម។

ពុទ្ធសាសនិកនៅទូទាំង ប្រទេសគ្រប់ជាន់ថ្នាក់ តែងតែនាំយកមកនូវសទ្ធាជ្រះថ្លារបស់ខ្លួនមានបច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ…ពិសេសគឺ ទៀន ព្រះវស្សា សម្រាប់វេប្រគេនព្រះសង្ឃនៅគ្រប់ទីអារាម នៅទូទាំងប្រទេស ដើម្បីឧបត្ថម្ភព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរដូវភ្លៀងធ្លាក់នេះជាទំនៀមទម្លាប់ប្រពៃណីដូនតា សាសនាយើង ដែលបានបន្សល់ទុកពីជំនាន់ដើមរហូតមកដល់សព្វ ថ្ងៃ។

បុណ្យចូលព្រះវស្សា ជាប្រពៃណីខ្មែរ រីឯ ទេយ្យទានគ្រឿងឧបភោគបរិភោគមកប្រគេនព្រះសង្ឃ នឹងទទួលបានផល្លានិសង្សច្រើនសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ ព្រោះបានជួយ ដោះទុក្ខបានជួយសម្រាលការលំបាករបស់សង្ឃក្នុង ការស្វែងរកអាហារបិណ្ឌបាត្រនៅរដូវភ្លៀង ហើយភិក្ខុសង្ឃទាំងអស់ត្រូវរៀនធម៌វិន័យពេញលេញគ្មានភិក្ខុអង្គណាអាចគេចចេញមិនចូលវស្សាបានឡើយ។ ព្រោះព្រះសម្មាសម្ពុទ្ធបានត្រាសថា បើ ភិក្ខុណាមិនចូលវស្សា ភិក្ខុនោះ នឹងដាច់ អាបត្តិធមអារប្រាសចាកវិន័យសង្ឃគឺ (បាប)។

បុណ្យចូលវស្សា គឺកំណត់មិនឲ្យព្រះសង្ឃចេញក្រៅវត្តបានទេ នេះជាច្បាប់វិន័យសង្ឃ។ ប៉ុន្តែបើចេញក្រៅ ត្រូវមាន (សតហៈ)ដែលមានន័យថា សុំច្បាប់ ពេលមានឪពុក-ម្តាយឈឺធ្ងន់ និងមានធុរៈចាំបាច់។ ប៉ុន្តែការនិមន្តចេញក្រៅនោះមានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ គម្រប់ថ្ងៃទី៧ ត្រូវរូតរះនិមន្ត ចូលវត្តវិញ។

ក្នុងរដូវវស្សាព្រះសង្ឃ អាចនិមន្តចេញបិណ្ឌបាត្របាន មិនខុសវិន័យឡើយ ព្រោះគ្រឿងឧបភោគបរិភោគទុកបង្ការសម្រាប់តែពេលមានភ្លៀងប៉ុណ្ណោះ។

គួររំលឹកថា៖ ពិធីបុណ្យចូលវស្សាមានកំណើតពីសម័យពុទ្ធកាលមកម្ល៉េះ ដោយ បានចែងនៅក្នុងវិន័យបិដកភាគ៧។ ពិធី បុណ្យនេះ មានប្រវត្តិនៅគ្រាដែលព្រះពុទ្ធ និងភិក្ខុទាំង ១២៥០អង្គប្តូរពីចម្ការត្នោត មកគង់នៅក្នុងព្រៃឫស្សី ទៀបក្រុងរាជគ្រឹស្ត គឺជារដូវវស្សា ដែលធ្វើឲ្យពិបាកដល់ការកសាងវត្តថ្មីផង និងដល់ការនិមន្តបិណ្ឌបាត្រ ផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ